
រាជធានីបាងកក៖ នាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃ បានចេញសេចក្តីជូនដំណឹងជាថ្មីមួយ ស្តីអំពីភ្លៀងធ្លាក់ ចាប់ពីខ្លាំងទៅខ្លាំងបំផុត ដោយបានបញ្ជាក់ពីខេត្តជាច្រើន ដែលស្ថិតក្នុងតំបន់ប្រឈមមុខនឹងហានិភ័យខ្ពស់ ជាមួយនឹងការព្រមានថា រាជធានីបាងកក រួមទាំងតំបន់ និងខេត្តនៅជុំវិញនោះ ក៏អាចនឹងមានភ្លៀងធ្លាក់ លាយឡំជាមួយនឹងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីប្រហែល៧០ភាគរយ។ នេះបើតាមសារព័ត៌មាន The Pattaya News បានផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា។

នាយកដ្ឋានជំនាញថៃ បានឱ្យដឹងថា ការផ្លាស់ប្តូរទីតាំងសម្ពាធទាបមូសុង (monsoon trough) មកពីទិសខាងត្បូង រួមផ្សំជាមួយនឹងខ្យល់មូសុងនិរតី ដែលមានកម្លាំងខ្លាំងឡើង និងប្រព័ន្ធសម្ពាធទាបដ៏ខ្លាំងមួយ នៅពីលើសមុទ្រចិនខាងត្បូង កំពុងតែជំរុញឱ្យមានការកើនឡើង នៃបរិមាណទឹកភ្លៀង។ ភ្លៀងធ្លាក់ខ្លាំងបំផុត នៅតាមតំបន់មួយចំនួន ត្រូវបានរំពឹងថា នឹងកើតឡើង នៅតំបន់ភាគខាងត្បូង ខណៈតំបន់ភាគកណ្តាល រួមទាំងទីក្រុងបាងកក និងតំបន់នៅជុំវិញ ហើយតំបន់ភាគខាងកើត ត្រូវបានព្យាករ ថា នឹងមានភ្លៀងធ្លាក់ខ្លាំង នៅកន្លែងមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ បរិមាណទឹកភ្លៀង ត្រូវបានរំពឹងថា នឹងថយចុះ នៅតំបន់ភាគខាងជើង និងភាគឦសាន។

ក្រុមមន្រ្ដីជំនាញថៃ បានព្រមានថា ភ្លៀងធ្លាក់ដ៏ខ្លាំងក្លា និងបរិមាណទឹកភ្លៀងដ៏ច្រើនបែបនេះ អាចបង្កឱ្យកើតមានទឹកជំនន់ជន់លិចភ្លាមៗ ទឹកហូរធ្លាក់ពីលើភ្នំ និងការបាក់ដី ជាពិសេស នៅតំបន់ជើងភ្នំក្បែរផ្លូវទឹក និងសហគមន៍ដែលនៅទីទំនាប។ ទន្ទឹមគ្នានេះដែរ នាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃ បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវចៀសវាងការធ្វើដំណើរឆ្លងកាត់ផ្លូវ ដែលងាយរងគ្រោះ ដោយសារទឹកជំនន់ និងត្រូវប្រុងប្រយ័ត្ន ចំពោះការកើនឡើង នៃកម្រិតទឹកជំនន់ជន់លិចភ្លាមៗ។

នាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃ បានបញ្ជាក់ថា រាជធានី-ខេត្តដែលត្រូវប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំង ឬខ្លាំងបំផុត រួមមាន៖ តំបន់ភាគកណ្ដាល, ភាគខាងកើត, លាតសន្ធឹងទៅភាគខាងត្បូង ដោយមានខេត្តសរុប ចំនួន៣៦ បានរងផលប៉ះពាល់។ ទន្ទឹមគ្នានេះ ស្ថាប័នជំនាញថៃ ក៏បានក្រើនរម្លឹកដល់អ្នកធ្វើដំណើរតាមសមុទ្រ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះទឹករលក អាចនឹងមានកម្ពស់ រហូតដល់២ម៉ែត្រ ឬអាចខ្ពស់ជាងនេះ នៅក្នុងតំបន់ដែលមានព្យុះផ្គររន្ទះ។
ការព្រមានរបស់នាយកដ្ឋានឧតុនិយមថៃ បានកើតឡើង ក្រោយពេលភ្លៀងត្រឹមតែរយៈពេលប្រហែលជាង២ម៉ោង ចន្លោះពីយប់ថ្ងៃព្រហស្បតិ៍ ដល់រំលងអធ្រាត្រ ចូលដល់ថ្ងៃសុក្រ បានជន់លិចទីក្រុងកម្សាន្ដប៉ាតតាយ៉ា ដែលល្បីល្បាញនៅលើពិភពលោក ជាទីក្រុងទេសចរណ៍ផ្លូវភេទ៕


