
រដ្ឋធានីព្យុងយ៉ាង៖ ថ្វីដ្បិតតែប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បាននិងកំពុងតែខិតខំប្រឹងប្រែង ទាក់ទងទៅកាន់មេដឹកនាំផ្តាច់ការ នៃប្រទេសកូរ៉េខាងជើង លោក គីម ជុង-អ៊ុន ដើម្បីចរចាឈានដល់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េយ៉ាងណាក៏ដោយ ក៏លទ្ធផលនៅតែមិនមានផ្លែផ្កា តែផ្ទុយទៅវិញ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បែរជាកាន់តែផ្គើនបន្ថែមទៀតដាក់សហរដ្ឋអាម៉េរិក ជាមួយនឹងភាពក្លាហានកាន់តែខ្លាំងឡើង ហ៊ានពន្លឿនកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន និងពង្រឹងសម្ពន្ធភាពជាមួយប្រទេសរុស្ស៊ី និងមហាយក្សចិន ដោយមិនខ្វល់ខ្វាយ នៅក្នុងការបង្កើតកិច្ចព្រមព្រៀង ជាមួយនឹងទីក្រុងវ៉ាស៊ីនតោន។

បណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋអាល្លឺម៉ង់ DW បានផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ថា កាលពីខែសីហា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចាប់ផ្តើមយុទ្ធនាការទាក់ទាញចិត្តពីទីក្រុងព្យុងយ៉ាងឡើងវិញ ដោយកាត់បន្ថយយ៉ាងខ្លាំងនូវការធ្វើសមយុទ្ធយោធារួមគ្នា រវាងកងទ័ពសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ហើយថែមទាំងបានថ្លែងកោតសរសើរយ៉ាងខ្លាំង ដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថែមទៀតផង។ ម្ចាស់សេតវិមានរូបនេះ បានលើកឡើងថា មេដឹកនាំផ្តាច់ការកូរ៉េខាងជើងរូបនេះ «តែងតែប្រព្រឹត្តល្អ ចំពោះខ្ញុំ ដោយការគោរពយ៉ាងខ្លាំង»។

ការឆ្លើយតបរបស់កូរ៉េខាងជើង ចំពោះកាយវិការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ហាក់មិនសូវមានផលវិជ្ជមានប៉ុន្មាននោះទេ ដោយរាប់ចាប់តាំងពីការបាញ់បង្ហោះមីស៊ីលជាបន្តបន្ទាប់ រហូតដល់ការបដិសេធជាសាធារណៈនូវការអះអាងរបស់លោក ត្រាំ ដែលថា លោក គីម ជុង-អ៊ុន បានឆ្លើយតប «យ៉ាងវិជ្ជមាន» ចំពោះសំណើចង់ជួបចរចារបស់លោក។

ទន្ទឹមគ្នានឹងកងទ័ពសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង រួមជាមួយជប៉ុន បានចាប់ផ្តើមសមយុទ្ធយោធា រយៈពេល៥ថ្ងៃ នៅសប្ដាហ៍នេះ គេមិនឃើញមានការលើកឡើង អំពីការថមថយ ឬការបន្ថយសកម្មភាពណាមួយ ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននោះឡើយ ហើយក៏មិនមានសញ្ញា នៃវឌ្ឍនភាពផ្នែកការទូត ជាមួយទីក្រុងព្យុងយ៉ាង នោះដែរ។
ផ្ទុយទៅវិញ កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន បានដាក់ឱ្យដំណើរការនូវនាវាពិឃាដមួយគ្រឿង ជាមួយនឹងការបញ្ជាក់យ៉ាងម៉ឺងម៉ាត់ជាថ្មីម្តងទៀតថា កូរ៉េខាងជើង ត្រូវតែបង្កើត«សមត្ថភាពរារាំង ដោយអាវុធនុយក្លេអ៊ែរដ៏ខ្លាំងក្លា និងអាចទុកចិត្តបាន» ព្រមទាំងពង្រឹង «ការការពារដែនសមុទ្រ»។ លោក គីម ក៏បានលើកឡើងផងដែរថា កូរ៉េខាងជើង នឹងបង្ហាញនូវសមិទ្ធផលយោធាដ៏សំខាន់របស់កងទ័ពជើងទឹក ក្នុងពេលឆាប់ៗនេះបន្ថែមទៀត។

កូរ៉េខាងជើង បានចាត់ទុក ថា កិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាម៉េរិក មិនមែនជាភាពបន្ទាន់ ត្រូវធ្វើនោះឡើយ។ ស្ថានការណ៍បច្ចុប្បន្ន មានភាពខុសប្លែកពីការទូត តាមរយៈកិច្ចប្រជុំកំពូល នៅក្នុងអាណត្តិទីមួយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ ឥរិយាបថមិនចាប់អារម្មណ៍របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន បានកើតឡើង ស្របពេលកូរ៉េខាងជើង មានជម្រើសផ្សេងទៀត ក្រៅតែពីការបង្កើតកិច្ចព្រមព្រៀងដ៏ធំ ជាមួយសហរដ្ឋអាម៉េរិក។

បើតាមលោក ជូន ហា ផាក (Joon Ha Park) អ្នករាយការណ៍ព័ត៌មាន ប្រចាំនៅក្រុមហ៊ុន Korea Risk Group ស្ថិតក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានប្រាប់ទូរទស្សន៍ DW ថា៖ «សម្រាប់លោក គីម (Kim) ផលប៉ះពាល់ ឬហានិភ័យ គឺមានកម្រិតទាបជាងអ្វីដែលធ្លាប់មាន កាលពីឆ្នាំ២០១៩។ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង លែងមានអារម្មណ៍ថា ចាំបាច់ត្រូវតែប្រញាប់ប្រញាល់វិលត្រឡប់ទៅកាន់តុចរចា ជាមួយទីក្រុងវ៉ាស៊ីនតោនទៀតហើយ។ បច្ចុប្បន្ន កូរ៉េខាងជើង មានសម្ពន្ធមិត្តជាមួយទីក្រុងម៉ូស្គូ ដែលផ្អែកលើសន្ធិសញ្ញាការពារជាតិ ហើយកំពុងតែខិតទៅជិតទីក្រុងប៉េកាំង ខណៈសមត្ថភាពយោធារបស់ទីក្រុងព្យុងយ៉ាង ត្រូវបានពង្រីកយ៉ាងខ្លាំង។ មួយវិញទៀត ថ្វីបើមានការកាត់បន្ថយនូវការធ្វើសមយុទ្ធយោធា រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មកនៅត្រឹមតែមួយលើកយ៉ាងណាក្ដី ក៏វាមិនគ្រប់គ្រាន់ សម្រាប់ធ្វើឱ្យទីក្រុងព្យុងយ៉ាង សម្រាប់ផ្លាស់ប្តូរគោលជំហរនោះដែរ»។

ប្រទេសចិនដែលក្លាយជាអ្នកឧបត្ថម្ភ ឬគាំទ្រដ៏ខ្លាំងក្លាដល់ប្រទេសកូរ៉េខាងជើង អស់រយៈពេលជាយូរយារណាស់មកហើយ បានកត់សម្គាល់យ៉ាងឆាប់រហ័ស អំពីការកើនឡើង នៃភាពស្និទ្ធស្នាល រវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ប៉ុន្តែនៅដំណាក់កាលដំបូង ទីក្រុងប៉េកាំង នៅតែរក្សាគម្លាត មិនលូកដៃចូលពាក់ព័ន្ធនោះឡើយ។


លោក អាឡិចសានដឺរ លីបខេ (Alexander Lipke) អ្នកជំនាញផ្នែកគោលនយោបាយប្រចាំកម្មវិធីអាស៊ី នៃក្រុមប្រឹក្សាអឺរ៉ុប ស្តីពីទំនាក់ទំនងអន្តរជាតិ (ECFR) បានប្រាប់ DW ថា៖ «សង្គ្រាមនៅអ៊ុយក្រែន បានបើកផ្លូវដ៏សំខាន់មួយ សម្រាប់ការរស់រានមានជីវិតរបស់របបដឹកនាំកូរ៉េខាងជើង ដោយអនុញ្ញាតឱ្យមានការបញ្ជូនអាវុធ គ្រាប់រំសេវ និងទាហានទៅកាន់ប្រទេសរុស្ស៊ី ជាថ្នូរនឹងប្រាក់ ស្បៀងអាហារ និងអ្វីដែលគេអះអាងថា ជាបច្ចេកវិទ្យាយោធាកម្រិតខ្ពស់»៕


