
រដ្ឋធានីញូវដេលី៖ នៅក្នុងបរិបទជម្លោះភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាវ ការបង្កើនយុទ្ធោបករណ៍ប្រយុទ្ធ គឺជារឿងចាំបាច់បំផុត ខណៈប្រព័ន្ធការពារជាតិដែលមានភាពរឹងមាំ គឺជាអាវុធយុទ្ធសាស្ត្រដ៏មុតស្រួចបំផុត ដើម្បីជាទុនទៅចរចាដោះដូរយកសន្តិភាពជាមួយខ្មាំងសត្រូវ។ ជាក់ស្តែង ថ្មីៗនេះ ឥណ្ឌាបានសម្រុកធ្វើទំនើបកម្មមីស៊ីលវាយប្រហារកម្រិតខ្ពស់ ប្រព័ន្ធការពារដែនអាកាសកំពូលៗ រហូតដល់យន្តហោះចម្បាំង និងបច្ចេកវិទ្យាសង្គ្រាមអេឡិចត្រូនិក...។

ថ្ងៃនេះ SBM News សូមលម្អិតត្រួសៗនូវប្រភេទអាវុធកំណាចទាំង៥ ដែលយោធាឥណ្ឌាមានក្នុងដៃ និងត្រៀមបំពាក់បន្ថែម ធ្វើឱ្យចិន-ប៉ាគីស្ថាន សម្លឹងមិនដាក់ភ្នែក។ អាវុធកំណាចទី១.ប្រព័ន្ធការពារអាកាស S-500៖ វាជាប្រព័ន្ធការពារអាកាសដ៏ទំនើបបំផុតមួយក្នុងឃ្លាំងអាវុធរបស់រុស្ស៊ី ដែលអាចស្ទាក់ចាប់គោលដៅបានរហូតដល់ទៅចម្ងាយ៦០០គីឡូម៉ែត្រ និងកម្ពស់រហូតដល់២០០គីឡូម៉ែត្រ។ វាមានប្រសិទ្ធភាពខ្ពស់ ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលល្បឿនលឿនជាងសំឡេង និងមីស៊ីលតម្រង់ទិស។ ប្រព័ន្ធនេះ នឹងជួយពង្រីកវិសាលភាពការពារអាកាសរបស់ឥណ្ឌា ការពារមិនឱ្យសត្រូវចូលក្បែរ និងអាចកម្ទេចរហូតដល់ផ្កាយរណបក្នុងគន្លងផែនដីទាប ព្រមទាំងយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ បានទៀតផង។

ទី២.ប្រព័ន្ធការពារអាកាស Pantsir-S1M៖ វាគឺជាប្រព័ន្ធការពារអាកាសប្រឆាំងដ្រូនប្រយុទ្ធ និងដ្រូនអត្តឃាត។ នៅពេលប្រើប្រាស់រួមគ្នាជាមួយ S-400 ប្រព័ន្ធ Pantsir នឹងដើរតួជាខែលការពារប្រព័ន្ធ S-400 ពីការវាយប្រហារតាមអាកាសរបស់ខ្មាំងសត្រូវ។ ប្រព័ន្ធនេះ អាចការពារ និងបំផ្លាញយន្តហោះចម្បាំង ដែលហោះក្នុងរយៈកម្ពស់ទាប ដ្រូន មីស៊ីលតម្រង់ទិស និងគ្រាប់បែក ដែលធ្លាក់ពីលើអាកាសា។ សូមជម្រាបថា ឥណ្ឌាបានចុះកិច្ចព្រមព្រៀង MoU ជាមួយរុស្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីរួមគ្នាអភិវឌ្ឍ និងផលិតប្រព័ន្ធនេះ។ ទី៣.ប្រព័ន្ធការពារអាកាស S-400៖ បន្ទាប់ពីបង្ហាញបារមីយ៉ាងស័ក្តិសិទ្ធិក្នុង«ប្រតិបត្តិការស៊ីនឌួរ» ដោយបានបាញ់ទម្លាក់មីស៊ីល ដ្រូន និងបំផ្លាញគោលដៅយុទ្ធសាស្ត្ររបស់ប៉ាគីស្ថាន ក្នុងចម្ងាយជិត៣០០គីឡូម៉ែត្រ។ ឥណ្ឌាកំពុងរៀបចំបញ្ជាទិញប្រព័ន្ធនេះចំនួន៥គ្រឿងបន្ថែមទៀត ដើម្បីពង្រឹងកម្លាំងការពារដែនអាកាសរបស់ខ្លួនឱ្យកាន់តែរឹងមាំ។

ទី៤.មីស៊ីល BrahMos-NG និង BrahMos 2៖ មីស៊ីល BrahMos របស់ឥណ្ឌាបានបង្ហាញពីសមត្ថភាពបំផ្លិចបំផ្លាញយ៉ាងខ្លាំង ក្នុងជម្លោះជាមួយប៉ាគីស្ថាន។ ឥណ្ឌាកំពុងធ្វើទំនើបកម្មជំនាន់ BrahMos-NG ដែលមានទំហំតូចជាងមុន និងបត់បែនជាងមុន សម្រាប់បំពាក់លើយន្តហោះចម្បាំង ព្រមទាំងកំពុងអភិវឌ្ឍ BrahMos 2 ដែលជាប្រភេទមីស៊ីលមានល្បឿនលឿនជាងសំឡេង។ ចុងក្រោយគេ ទី៥.យន្តហោះចម្បាំងបំបាំងកាយ Su-57E៖ ដើម្បីឆ្លើយតបទៅនឹងការប៉ងទិញយន្តហោះជំនាន់ថ្មី J-35 A របស់ចិន ដោយយោធាប៉ាគីស្ថាន ឥណ្ឌាកំពុងសម្លឹងមើលការបំពាក់យន្តហោះចម្បាំងជំនាន់ទី៥ Su-57E របស់រុស្ស៊ី ដើម្បីរក្សាឧត្តមភាពដែនអាកាសរបស់ខ្លួន ស្របពេលរដ្ឋធានីញូដេលី កំពុងមានទំនាក់ទំនងយ៉ាងល្អក់កករជាជាមួយមហាយក្សចិន និងប៉ាគីស្ថានស្រាប់។ ដូច្នេះ យើងសាកស្រមៃលេងៗបន្តិចមើល ថា បើកម្ពុជាមានអាវុធការពារដែនអាកាសទាំងនេះ ត្រឹមតែចំនួន១ ឬ២ ក្នុងចំណោម៥នេះ តើយោធាថៃ ហ៊ានឈ្លានពានទឹកដីយើងនៅជុំទី៣បន្តទៀតទេ?...៕






