កម្ពុជា-ភូមា ចាប់ដៃគ្នាកម្ទេចអំពើជួញដូរមនុស្ស គ្រឿងញៀន និងឧក្រិដ្ឋកម្មអនឡាញ
Mao Sopha
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងជំនួបទល់មុខ មេដឹកនាំកម្ពុជា និងមេដឹកនាំភូមា ប្រកាសឡើងឱឡារិកពីការប្ដេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសអំពើជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងបទឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា ឬអំពើឆបោកតាមអនឡាញ

ប្រធានាធិបតីភូមា លោក មីន អ៊ុងឡាំង ចាត់ទុកកម្ពុជា​ ជាមិត្តល្អ មិត្តជិតស្និទ្ធ និងជាមិត្តដែលតែងតែជួយគាំទ្រដល់ភូមាជាបន្តបន្ទាប់ ជាពិសេសក្នុងពេលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ានកាលពីឆ្នាំ២០២២។ ចំណែកនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកដំណើរទស្សនកិច្ចរបស់លោក មីន អ៊ុងឡាំង នាពេលនេះ ថាឆ្លុះបញ្ចាំងអំពីការបន្តពូនជ្រំចំណងមិត្តភាព ការបន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។ លោក មីន អ៊ុងឡាំង ដែលទើបឡើងកាន់តំណែងប្រធានាធិបតីធិបតីភូមា មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។

សម្តេចនាយករដ្ឋមន្រ្តី និងលោកប្រធានាធិបតី ថែមបានពិភាក្សាគ្នា លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពមួយចំនួន រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សន្តិសុខ និងការពារជាតិ អប់រំ ការបណ្ដុះបណ្ដាលធនធានមនុស្ស និងសាសនា ។ល។ បន្ទាប់ពីជំនួប មេដឹកនាំប្រទេសទាំង២ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៤រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល រួមមាន ១. កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ, ២. កិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារទៅវិញទៅមកផ្នែកវិនិយោគ, ៣. កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ សណ្ឋាគារ និងទេសចរណ៍, ៤. អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ 

ក្នុងដំណើរទស្សនកិច្ចនេះ លោក មីន អ៊ុងឡាំង ក៏បានជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។ សូមជម្រាបថា នេះជាលើកទី១ ដែលលោក មីន អ៊ុងឡាំង មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឋានៈជាប្រធានាធិបតី។ លោក ធ្លាប់មកបំពេញទស្សនកិច្ចនៅកម្ពុជាម្តង កាលពីឆ្នាំ២០១៧ ដោយកាលនោះ លោកនៅជាអគ្គមេបញ្ជាការកងទ័ព។ ក្នុងជំនួបជាមួយសម្តេចធិបតី លោកប្រធានាធិបតី លើកឡើងពីការមើលឃើញផ្ទាល់ភ្នែកថា កម្ពុជា បានកែប្រែមុខមាត់ថ្មី បើធៀបនឹងកាលពីឆ្នាំ២០១៧៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត