
ខេត្តសៀមរាប៖ គិតចាប់ពីថ្ងៃទី២៦កក្កដា ដល់ថ្ងៃទី២៥សីហា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តសៀមរាប សហការជាមួយភាគីពាក់ព័ន្ធ បានរកឃើញករណី កាប់រាន ទន្ទ្រាន ឈូសឆាយ និងការអាស្រ័យផលលើដីព្រៃសរុបជាង២១ហិកតា នៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ និងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក..។

ក្រសួងបរិស្ថាន ប្រកាសព័ត៌មាននៅថ្ងៃទី១១កញ្ញានេះថា តាមទិន្នន័យដែលប្រមូលបាននៅដែនជម្រកសត្វព្រៃបឹងពែរ មានទីតាំងដីរានថ្មី និងដីអាស្រ័យផលសរុប៣០កន្លែង។ ក្នុងនោះបទល្មើសកាប់រាន និងទន្ទ្រានដីព្រៃថ្មីមាន ៤ទីតាំង ស្មើនឹង៦,៦ហិកតា (កសាងសំណុំរឿងបញ្ជូនទៅតុលាការរួចចំនួន ៣ទីតាំង) ខណៈ១ទីតាំងកំពុងរៀបចំសំណុំរឿង។ ជាមួយគ្នា ក្រុមការងារបានរកឃើញការលួចឈូសឆាយ និងទន្ទ្រានដីព្រៃខុសច្បាប់ ១កន្លែងទៀតទំហំជិត១ហិកតា និងបានបញ្ជូនសំណុំរឿងទៅតុលាការរួចរាល់ដូចគ្នា។

ដោយឡែក នៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មានការកាប់រានដីថ្មី ២ករណីស្មើនឹង ១,៥ហិកតា និងបទល្មើសឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិ ៤,៤ហិកតា។ ក្រៅពីនេះ ក៏បានរកឃើញទីតាំងដីអាស្រ័យផលដែលមានសង់ផ្ទះ និងដាំដំណាំចំនួន ២ទីតាំង និងទីតាំងដីអាស្រ័យផលដែលមានដាំដំឡូងចំនួន ២ទីតាំងសរុបផ្ទៃដី ៧,៦ហិកតាផងដែរ៕



