
ខេត្តសៀមរាប៖ អង្គភាពកងពលធំអន្តរាគមន៍លេខ២ នៃកងទ័ពជើងគោក ប្រកាសដំណើរការបាញ់គ្រាប់ពិត ដើម្បីត្រួតពិនិត្យគុណភាពអាវុធ នៅតំបន់ទីលានបាញ់គ្រាប់ពិត ស្ថិតក្នុងភូមិសាស្ត្រភ្នំខ្យង ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦..។

ដើម្បីធានាសន្តិសុខ និងការពារសុវត្ថិភាពទូទៅ ក្នុងអំឡុងពេលបាញ់គ្រាប់ពិតនេះ អង្គភាពកងពលធំអន្តរាគមន៍លេខ២ ប្រាប់ឱ្យអាជ្ញាធរមូលដ្ឋានជូនដំណឹងដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាប និងចូលរួមសហការអនុវត្ត ដោយមិនត្រូវចូលទៅកាន់តំបន់ទីលានបាញ់គ្រាប់ពិត ជាបណ្តោះអាសន្ន។ ការជៀសវាងចូលទៅកាន់តំបន់នេះ គឺដើម្បីបង្ការគ្រោះថ្នាក់ និងហានិភ័យផ្សេងៗដែលអាចកើតមានឡើងដោយចៃដន្យ ក្នុងអំឡុងពេលអង្គភាពកំពុងអនុវត្តការបាញ់គ្រាប់ពិត។ អាស្រ័យហេតុនេះ សូមអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ និងចូលរួមសហការ អនុវត្តតាមការណែនាំ ដើម្បីធានាសុវត្ថិភាពជូនខ្លួនឯង និងសហគមន៍៕







