
ក្រុងព្រះសីហនុ៖ នាវាហ្វឹកហ្វឺន PEREKOP លេខ(៣១០)នៃកងនាវា Baltic សហព័ន្ធរុស្ស៊ី ដឹកនាំដោយមន្រ្តីយោធាជើងទឹកជាន់ខ្ពស់រុស្ស៊ី បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីមកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ…។

កងទ័ពជើងទឹកកម្ពុជា បានឱ្យដឹងថា នាវា PEREKOP គឺជាប្រភេទនាវាហ្វឹកហ្វឺន មានបណ្តោយប្រវែង១៣៨ម៉ែត្រ, ទទឹង១៨ម៉ែត្រ, ជម្រៅទឹក៦ម៉ែត្រ និងទម្ងន់ផ្ទុក៦១០០តោន។ គណៈប្រតិភូជាន់ខ្ពស់យោធាជើងទឹកសហព័ន្ធរុស្ស៊ី ព្រមទាំងនាវឹកសរុបចំនួនប្រមាណ៣៩១នាក់នៅលើនាវា បានចូលសំចតនៅកម្ពុជា ត្រូវបានដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Vyacheslav Sytnik ព្រមទាំងមានការចូលរួមពីលោកវរនាវីឯក Andrew Amorphous មេបញ្ជាការនាវា។ ដំណើរមកដល់របស់នាវា PEREKOP និងគណៈប្រតិភូជាន់ខ្ពស់យោធាជើងទឹកសហព័ន្ធរុស្ស៊ី ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីលោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ទរាម តំណាងនៃកងទ័ពជើងទឹកភូមិន្ទកម្ពុជា ព្រមទាំងនាយនាវី និងយោធិនជាច្រើនរូប។

មិនត្រឹមតែជាបេសកកម្មបំពេញការងារហ្វឹកហ្វឺន និងការផ្លាស់ប្ដូរបទពិសោធយោធារវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវត្តមាននាវា PEREKOP លើទឹកដីកម្ពុជានាពេលនេះ បានបង្ហាញពីការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកងទ័ពជើងទឹកភូមិន្ទកម្ពុជា និងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី។ សូមបញ្ជាក់ថា នាវាហ្វឹកហ្វឺន PEREKOP ធ្លាប់បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ម្ដងរួចមកហើយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩៕






