ជាប់ជង់ម្នាក់ទៀតហើយ! ស្ត្រីម្នាក់ប្រឈមមុខនឹងផ្លូវច្បាប់ ក្រោយលក់ស៊ីមកាត និងបើកគណនីធនាគារឱ្យក្រុមឧក្រិដ្ឋជនយកធ្វើសកម្មភាពឆបោក
ហាក់ អ៊ីឌី
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់នឹងត្រូវប្រឈមមុខនូវវិធានការផ្លូវច្បាប់ បន្ទាប់ពីសមត្ថកិច្ចរកឃើញថា នាងបានយកឈ្មោះ និងអត្តសញ្ញាណរបស់ខ្លួនឯង ទៅបើកគណនីធនាគារ និងចុះឈ្មោះស៊ីមកាតទូរសព្ទ រួចលក់បន្តទៅឱ្យក្រុមឧក្រិដ្ឋជន យកទៅប្រើប្រាស់ក្នុងអំពើទុច្ចរិត...។ 

ផ្អែកតាមរបាយការណ៍ពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញបានបើកការស្រាវជ្រាវ និងបង្រ្កាបករណីឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពលួងលោមស្នេហា ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស.ច.ណ ភេទស្រី ជាជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ បានលក់លេខទូរសព្ទ និងគណនីធនាគាររបស់ខ្លួន ឱ្យទៅក្រុមឧក្រិដ្ឋជន ហើយទទួលបានប្រាក់កម្រៃពីអំពើទុច្ចរិតនេះ។

បន្ទាប់មកឧក្រិដ្ឋជន បានប្រើប្រាស់លេខទូរសព្ទ និងគណនីធនាគារនោះជាមធ្យោបាយទទួលផលបទល្មើស នៃអំពើឆបោកប្រាក់របស់ប្រជាពលរដ្ឋ។​ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់។ ជាមួយគ្នាផងដែរ នាយកដ្ឋាន បានក្រើនរំម្លឹកដល់សាធារណជន សូមកុំផ្ដល់លេខទូរសព្ទ និងគណនីធនាគារផ្ទាល់ខ្លួនឱ្យទៅជនដែលមិនស្គាល់ប្រភពច្បាស់លាស់ ដើម្បីយកទៅប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស ដែលអាចនឹងត្រូវប្រឈមមុខ ទទួលទោសតាមផ្លូវច្បាប់ជាធរមាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត