ម្ចាស់សង្វៀន K-1 Japan និងមេស្ថាប័នគុនខ្មែរ ចាប់ដៃគ្នាចុះអនុស្សរណៈ នាំយកប្រដាល់គុនខ្មែរទៅពង្រីកទីផ្សារ និងលើកកម្ពស់កិត្យានុភាពនៅប្រទេសជប៉ុន

រាជធានីតូក្យូ៖ អាចនិយាយបានថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់គុនខ្មែរ ដែលបានបញ្ជ្រៀបខ្លួនចូលទៅក្នុងសង្វៀនប្រដាល់កម្រិតពិភពលោក នោះគឺសង្វៀនប្រដាល់ K-1 Japan ដែលមានទីស្នាក់ការកណ្ដាល នៅរាជធានីតូក្យូ។ នេះបើតាមការបញ្ជាក់របស់លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ (CKF) និងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ (KIF) ថ្លែងសារពីប្រទេសជប៉ុន...។

សូមជម្រាបថា កិច្ចសហប្រតិបត្តិការរវាងម្ចាស់សង្វៀន K-1 និងមេស្ថាប័នគុនខ្មែរនេះមានគោលបំណងចម្បងធំៗចំនួន៥ រួមមាន៖ ទី១.បង្កើតឱកាសឱ្យកីឡាករគុនខ្មែរ ចូលរួមប្រកួតក្នុងកម្មវិធី K-1 នៅប្រទេសជប៉ុន និងបណ្ដាប្រទេសនានា។ ទី២.ជំរុញឱ្យមានការប្រកួតតាមច្បាប់គុនខ្មែរ ក្នុងព្រឹត្តិការណ៍របស់ K-1។ ទី៣.ផ្លាស់ប្ដូរបទពិសោធ និងបង្កើនកិច្ចសហការលើការបណ្ដុះបណ្ដាលកីឡាករ គ្រូបង្វឹក និងមន្ត្រីបច្ចេកទេស។ ទី៤.ចូលរួមផ្សព្វផ្សាយគុនខ្មែរ សិល្បៈ វប្បធម៌ អរិយធម៌ខែ្មរ និងសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក។ និងទី៥.សហការបង្កើតព្រឹត្តិការណ៍ K-1 នៅក្នុងប្រទេសកម្ពុជាចំនួន១០កម្មវិធី ចាប់ផ្តើមពីចុងឆ្នាំ២០២៦ ដល់ចុងឆ្នាំ២០២៧។

ជាមួយគ្នានេះផងដែរ លោក ខូវ ឆាយ បានគូសបញ្ជាក់ថា៖«លោកមានកិត្តិយស បានចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ[កម្ពុជា] និងស្ថាប័ន K-1 Japan នៅទីស្នាក់ការកណ្ដាល K-1 នារាជធានីតូក្យូ ប្រទេសជប៉ុន»។ អនុស្សរណៈនេះ គឺជាជំហានដ៏មានសារសំខាន់ក្នុងការពង្រីកទីផ្សារ និងលើកកម្ពស់កិត្យានុភាពគុនខ្មែរ ឱ្យកាន់តែមានវត្តមានទូលំទូលាយលើឆាកអន្តរជាតិ ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់កីឡាករគុនខ្មែរបង្ហាញសមត្ថភាពនៅលើសង្វៀនលំដាប់ពិភពលោក។ ទន្ទឹមនោះ លោក ខូវ ឆាយ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំស្ថាប័ន K-1 Japan និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជំរុញឱ្យកិច្ចសហប្រតិបត្តិការដ៏មានសារសំខាន់នេះ ក្លាយជាការពិត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត