
អាឡាស្កា៖ ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ បានរួចផុតពីសេចក្ដីស្លាប់ បន្ទាប់ពីបានរសាត់អណ្ដែតនៅលើសមុទ្រ អស់រយៈពេលជាច្រើនថ្ងៃ ក្រោយពេលទូកនេសាទមួយគ្រឿង បានក្រឡាប់នៅក្បែរកោះមួយ ស្ថិតក្នុងរដ្ឋអាឡាស្កា ហើយហេតុការណ៍ដ៏រន្ធត់នោះ បានបណ្តាលឱ្យបងប្រុស និងបងប្អូនជីដូនមួយរបស់គេ បាត់បង់ជីវិត។ នេះបើតាមទូរទស្សន៍ ABC News បានផ្សាយ កាលពីថ្ងៃសុក្រ ទី១១ ខែកញ្ញា។

កងឆ្មាំសមុទ្រ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្មេងប្រុសម្នាក់នេះ បានត្រូវបានជួយសង្គ្រោះ កាលពីថ្ងៃចន្ទ បន្ទាប់ពីបានប្រទះឃើញនៅលើទូកដែលក្រឡាប់នោះ នៅចម្ងាយប្រហែលជាង៦គីឡូម៉ែត្រ នាភាគខាងកើត នៃកោះសាំងត៍ ឡរ៉ែនស៍ (St. Lawrence) ស្ថិតក្នុងសមុទ្របេរីង (Bering) នៃរដ្ឋអាឡាស្កា សហរដ្ឋអាម៉េរិក។

ក្មេងប្រុស ដាររ៉ែន ថូលី-នួងវូក (Darren Toolie-Noongwook) បានបញ្ជាក់ ថា គ្រួសាររបស់គេកំពុងតែកាន់ទុក្ខ ចំពោះការបាត់បង់ជីវិតរបស់បងប្រុស ឈ្មោះ Sidney ដែលជាអ្នករកចំណូលចិញ្ចឹមគ្រួសារ ហើយពួកគាត់ក៏កំពុងតែយកចិត្តទុកដាក់ និងថ្នាក់ថ្នមយ៉ាងខ្លាំង ចំពោះ ខ្លួនដែលជាប្អូនប្រុសវ័យជំទង់ ដែលបានរួចជីវិតគេចផុតពីសេចក្ដីស្លាប់។

វីដេអូដែលទទួលបាន ដោយស្ថានីយទូរទស្សន៍ KTUU នៅទីក្រុង Anchorage (ដែលជាស្ថានីយដៃគូរបស់ NBC) បានបង្ហាញពីពេលក្មេងប្រុសម្នាក់នេះ ត្រូវបានជួយសង្គ្រោះ។ គេឃើញក្មេងប្រុសនោះ កំពុងតែលុតជង្គង់ នៅលើទូក ដោយស្លៀកអាវហ៊ូឌី (Hoodie) ព្រមទាំងស្លៀកខោពណ៌បៃតង និងពាក់ស្បែកជើងកវែង ពណ៌ខ្មៅ។

កងឆ្មាំសមុទ្រ បានឱ្យដឹងថា ពួកគេទទួលបានដំណឹងនេះ កាលពីយប់ថ្ងៃអាទិត្យ ប៉ុន្តែពួកគេមិនអាចចាប់ផ្តើមប្រតិបត្តិការស្វែងរកបាន ដោយសារបញ្ហាអាកាសធាតុ និងការមើលឃើញមិនច្បាស់លាស់។ លុះថ្ងៃបន្ទាប់ ទើបពួកគបានចាប់ផ្ដើមប្រតិបត្ដិការស្វែងរក និងជួយសង្គ្រោះក្មេងម្នាក់នេះ៕


