តើហេតុអ្វីធនាគារកណ្ដាលនៅអឺរ៉ុប ដកទុនមាសបម្រុងរបស់ខ្លួន ចេញពីសហរដ្ឋអាម៉េរិក?
S
Sinuon Nop
មួយម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រទេសហូល្លង់ដ៏ និងបារាំង បានសម្រេចដកទុនមាសបម្រុងរបស់ខ្លួន ចេញពីឃ្លាំងសុវត្ថិភាពនៅសហរដ្ឋអាម៉េរិក ដោយសារក្ដីបារម្ភអំពីការគួរទុកចិត្តទៅលើគោលនយោបាយរបស់រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន ប៉ុន្តែអ្វីដែលកាន់តែមានសារសំខាន់ស្មើគ្នានោះ គឺតម្រូវការ នៅក្នុងការរក្សាទុកមាសបម្រុងរបស់ពួកគេឱ្យនៅជិតប្រទេសរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈបង្ការ សម្រាប់ករណីមានវិបត្តិធ្ងន់ធ្ងរ។ នេះបើតាមបណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋអាល្លឺម៉ង់ DW បានផ្សាយ កាលពីរសៀល ថ្ងៃសុក្រទី១១ ខែកញ្ញា។

ហ្វត ណក់ (Fort Knox) ជាឃ្លាំងស្ដុកទុនមាសបម្រុង មានកិច្ចការពារដ៏តឹងរឹងបំផុត នៅក្នុងរដ្ឋខេនតាក់ឃី (Kentucky) ហើយវាជាទីកន្លែងស្ដុកទុកទុនមាសបម្រុងរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ប្រហែលពាក់កណ្តាល។ ឃ្លាំងស្ដុកមាសនេះ ត្រូវគេចាត់ទុកជាកន្លែងមានសុវត្ថិភាពខ្ពស់បំផុត។ ប៉ុន្ដែដោយសារតែគោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្រោយការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទើបធ្វើឱ្យទំនុកចិត្តធ្លាក់ចុះ។ ការសម្រេចចិត្តរបស់ធនាគារកណ្តាលហូល្លង់ដ៏ កាលពីពេលថ្មីៗនេះ បានផ្លាស់ប្ដូរទុនមាសបម្រុង ប្រហែល៨៦តោនចេញពីទីក្រុងញូវយ៉ក ទៅកាន់រាជធានីឡុងដ៏។ សកម្មភាពបែបនេះ បានបង្ហាញឱ្យឃើញពីការព្រួយបារម្ភកាន់តែខ្លាំងឡើង នៅក្នុងចំណោមរដ្ឋាភិបាលមួយចំនួន ពាក់ព័ន្ធនឹងការរក្សាទុកទ្រព្យសកម្មយុទ្ធសាស្ត្រ នៅសហរដ្ឋអាម៉េរិក។ ទន្ទឹមគ្នា ក៏មានសំណួរចោទសួរ ថាតើបណ្ដាធនាគារទាំងអស់ អាចទទួលបានទ្រព្យទាំងនោះមកវិញយ៉ាងឆាប់រហ័សដែរឬទេ ខណៈមានវិបត្តិ?

ធនាគារកណ្តាលរបស់ប្រទេសហូល្លង់ដ៏ (DNB) បានលើកឡើង អំពីបញ្ហា«ភាពមិនស្ថិតស្ថេរផ្នែកភូមិសាស្ត្រនយោបាយ» ហើយបានបញ្ជាក់ថា «ការផ្លាស់ប្ដូរទីតាំងរក្សាទុកទុនមាសបម្រុងរបស់ខ្លួន ទៅកាន់ដែនសមត្ថកិច្ចផ្សេងៗគ្នា នឹងជួយបង្កើនការត្រៀមខ្លួន សម្រាប់ដោះស្រាយវិបត្តិ»។ ប្រទេសបារាំង ក៏បានដកទុនមាសបម្រុងទាំងអស់របស់ខ្លួន ដែលនៅសេសសល់ ចេញពីធនាគារបម្រុងសហព័ន្ធ (Federal Reserve) នៅទីក្រុងញូវយ៉កផងដែរ ដោយបានធ្វើឡើងចន្លោះពីខែកក្កដា ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦ ទោះបីជាលោក ហ្វ្រង់ស្វ័រ វីលឡេរ៉ូយ ដឺ ហ្គាល់ហូ (François Villeroy de Galhau) អភិបាលធនាគារកណ្តាលបារាំង បានថ្លែងនៅពេលនោះថា ការសម្រេចចិត្តបែបនេះ មិនមែនផ្អែកលើហេតុផលនយោបាយក៏ដោយ។

ស្របគ្នានេះដែរ ក្រុមអ្នកនយោបាយមួយចំនួន នៅក្នុងប្រទេសអាល្លឺម៉ង់ និងអ៊ីតាលី ដែលជាប្រទេសមានទុនមាសបម្រុងច្រើនជាងគេលំដាប់ទី២ និងទី៣ លើពិភពលោក ក៏បានអំពាវនាវឱ្យដកមាសរបស់ប្រទេសខ្លួន ចេញពីសហរដ្ឋអាម៉េរិកផងដែរ។ ការអំពាវនាវបែបនេះ ធ្វើឡើងចំពេលមានក្ដីបារម្ភ អំពីការដាក់ចេញគោលនយោបាយ ដែលពិបាកនឹងប៉ាន់ស្មាន ក្រោមរដ្ឋបាល នៃប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងការកើនឡើង នៃអាកប្បកិរិយាមិនពេញចិត្ត ចំពោះសហភាពអឺរ៉ុប (EU) រួមទាំងការគំរាមកំហែង ក្នុងការបញ្ចូលផ្នែកខ្លះ នៃទឹកដីស្វ័យតហ្គ្រីនឡែន (Greenland) ជាកម្មសិទ្ធិរបស់ប្រទេសដាណាម៉ាក ទៅជាទឹកដីរបស់ខ្លួន។

ទុនមាសបម្រុងរបស់ធនាគារកណ្ដាល នៃប្រទេសមានមាសច្រើនជាងគេបំផុតទាំង៦របស់ពិភពលោក រួមមាន៖ ១-សហរដ្ឋអាម៉េរិក មានទុនមាសបម្រុង ចំនួន ៨១៣៣,៤៥តោន, ២-អាល្លឺម៉ង់ មានទុនមាសបម្រុង ទម្ងន់៣៣៥០,៣តោន, ៣-អ៊ីតាលី មានទុនមាសបម្រុង ទម្ងន់២៤៥១,៨៤តោន, ៤-បារាំង មានទុនមាសបម្រុង ២៤៣៧តោន, ៥-ចិន មានទុនមាសបម្រុង ២៣៨៦,៥តោន និង៦-រុស្ស៊ី មានមាស ២២៨៣,៨តោន

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត