
រាជធានីបាងកក៖ បច្ចុប្បន្ន ថ្វីដ្បិតមិនមាននរណាម្នាក់អាចសន្និដ្ឋានច្បាស់ ពីអ្នកនៅពីក្រោយខ្នងរបស់លោក សន្ធិ លីមថងគុល ក៏ពិតមែន ប៉ុន្ដែបុរសញៀននឹងការធ្វើបាតុកម្មរូបនេះ តែងតែចេញមុខធ្វើព្យុះ ធ្វើភ្លៀង បង្កភាពវឹកវរ នៅក្នុងគោលបំណងទាញទម្លាក់រាជរដ្ឋាភិបាល ខណៈប្រទេសថៃ ប្រឈមនឹងវិបត្ដិនយោបាយផ្ទៃក្នុង ដូចជាការបង្កើតភាពចលាចល នៅក្នុងប្រទេស រហូតឈានដល់ការធ្វើរដ្ឋប្រហារបណ្ដេញលោក ថាក់ស៊ីន ឈិនៈវ័ត ចេញពីអំណាច…ជាដើម។ ប៉ុន្ដែស្ថានការណ៍បច្ចុប្បន្ន ពិភពលោក បានមើលឃើញពីសកម្មភាពទាហានថៃ កំពុងឈ្លានពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក៏ស្រាប់តែអតីតមេដឹកនាំក្រុមអាវលឿងរូបនេះ ចេញមុខបង្វែរស្ថានការណ៍ ញុះញ៉ង់ឱ្យក្រុមជ្រុលនិយមថៃរើសអើង ប្រឆាំងនឹងជនជាតិជ្វីស (ពលរដ្ឋអ៊ីស្រាអែល) ដែលកំពុងស្នាក់នៅ និងរកស៊ីក្នុងប្រទេសខ្លួនទៅវិញ...។

តើលោក សន្ធិ លីមថងគុល (สนธิ ลิ้มทองกุล) ជានរណា?
លោក សន្ធិ លីមថងគុល ជាសកម្មជនធ្វើបាតុកម្មដ៏ជោគជាំមួយរូប នៅក្នុងប្រទេសថៃ និងជាមហាសេដ្ឋីម្នាក់នៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ ហើយក៏ជាអតីតមេដឹកនាំនៃក្រុម«សម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ» ហៅកាត់ PAD ដែលគាំទ្រដ៏ខ្លាំងក្លាដល់របបរាជានិយម ហើយត្រូវគេស្គាល់យ៉ាងទូលំទូលាយថា ជាក្រុម«អាវលឿង»។ បុគ្គលម្នាក់នេះ បានដើរតួនាទីធ្វើជាតំណាងឱ្យអ្នកឧបត្ថម្ភ នៅពីក្រោយឆាករបស់ក្រុមណាមួយ។ ពីអតីតកាល លោក សន្ធិ លីមថងគុល ជាអ្នកអភិរក្សនិយម និងជាអ្នកគាំទ្ររបបរាជានិយមដ៏មុតមាំ ប្រឆាំងនឹងគ្រួសារត្រកូលឈិនៈវ័ត(ชินวัตร) របស់លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្ដីថៃ ដោយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងចលនានាំទៅដល់ការធ្វើរដ្ឋប្រហារ នៅឆ្នាំ២០០៦ ទម្លាក់លោក ថាក់ស៊ីន និងនៅឆ្នាំ២០១៤ ទម្លាក់លោកស្រី យីងឡាក់ ជាប្អូនស្រី។ ទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ លោក សន្ធិ លីមថងគុល បានសហការជាមួយភាគីនយោបាយផ្សេងៗ ដែលពីមុនធ្លាប់ ជាគូប្រជែងនឹងគ្នា ដើម្បីផ្តួលរំលំអ្នកនយោបាយណាដែលលោកមិនពេញចិត្ត។

លោក សន្ធិ លីមថងគុល បានបង្ហាញខ្លួនរួមគ្នាជាមួយលោក ចាតុផន ព្រំផាន់ (จตุพร พรหมพันธุ์) អតីតមេដឹកនាំក្រុមអាវក្រហម ក្រោមឆត្រ នៃមូលនិធិគ្រឹះស្ថានឃ្លាំមើលប្រទេសថៃ (Thailand Watch Foundation)។ ប៉ុន្ដែស្របពេលស្ថានការណ៍ នៅតាមបណ្ដោយព្រំដែន រវាងប្រទេសកម្ពុជា-ថៃ នៅតែបន្ដតានតឹងដាក់គ្នាយ៉ាងខ្លាំង ដោយសារតែការឈ្លានពានរបស់ប្រទេសថៃ នោះ លោក សន្ធិ លីមថងគុល បានចាប់ផ្ដើមបង្កើតយុទ្ធនាការថ្មីមួយផ្សេងទៀត ក្រោមពាក្យស្លោក «យកប្រទេសថៃរបស់យើង ត្រឡប់មកវិញ (Take Back Our Thailand)» ពាក់ព័ន្ធនឹងបណ្តាញនៃបុគ្គលមានមនោគមវិជ្ជាជាតិនិយម និងសកម្មជនគាំទ្ររបបរាជានិយម រួមទាំងលោក ប៉ានថេប ភួពង្សផាន់ (ปานเทพ พัวพงษ์พันธ์) ប្រធានមូលនិធិ Thailand Watch Foundation និងមេធាវី ឬសកម្មជននានា ដូចជា៖ លោក និតិថន ឡាំលឿ (นิติธร ลำลือ) និងលោក ពិចិត្រ ជ័យមង្គល (พิชิต ชัยมงคล) ជាដើម។

ក្នុងនាមជាស្ថាបនិក នៃក្រុមហ៊ុន Manager Media Group បង្កើតឡើងដំបូងក្រោមឈ្មោះ Manager Daily នៅឆ្នាំ១៩៨២ នោះ លោក សន្ធិ លីមថងគុល តែងតែប្រើប្រាស់អាណាចក្រប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួនរបស់លោក និងក្រោយមក ក្លាយជាវេទិកាឌីជីថល ដូចជា Sondhi Talk សម្រាប់ជាឧបករណ៍ចម្បង ដល់ការបញ្ចេញមតិយោបល់ផ្នែកនយោបាយ និងការកៀរគរមហាជនច្រើនជាងការពឹងផ្អែកលើអ្នកដឹកនាំ ឬអាជ្ញាធរជាអ្នកជួយ។ លោក សន្ធិ លីមថងគុល ដែលជាសកម្មជនថៃ គាំទ្ររបបរាជានិយម និងជាអតីតមេដឹកនាំក្រុមបាតុកម្ម ក៏ធ្លាប់វាយប្រហារ មកលើកម្ពុជា ជាញឹកញាប់ និងបានដឹកនាំយុទ្ធនាការជាតិនិយម ដោយផ្តោតលើជម្លោះទ្វេភាគី ពាក់ព័ន្ធនឹងព្រំដែនគោក និងព្រំដែនសមុទ្ទ។ ការរិះគន់ និងយុទ្ធនាការសំខាន់ៗរបស់បុគ្គលញៀននឹងបាតុកម្មរូបនេះ រួមមាន៖ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ ២០០១ ស្តីពីដែនសមុទ្ទ និងសិទ្ធិសញ្ញាដទៃទៀត ដែលកម្ពុជា-ថៃ បានព្រមព្រៀងជាមួយគ្នា នាពេលកន្លងមក។

លោក សន្ធិ លីមថងគុល និងក្រុមជាតិនិយមរបស់លោក បានទាមទារឱ្យរាជរដ្ឋាភិបាលថៃ លុបចោលអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ (ឬហៅ MoU 44) ជាមួយកម្ពុជា ពាក់ព័ន្ធនឹងការទាមទារដែនដី និងធនធានត្រួតស៊ីគ្នា នៅក្នុងឈូងសមុទ្ទ។ អ្វីដែលកាន់តែញុះញ៉ង់បង្កហេតុជម្លោះឱ្យកាន់តែខ្លាំងបន្ថែមទៀតនោះ លោក សន្ធិ លីមថងគុល បានអះអាងថា កិច្ចព្រមព្រៀងនេះ បង្កហានិភ័យ នៃការបាត់បង់សិទ្ធិអធិបតេយ្យរបស់ថៃ និងធនធានសមុទ្ទ។ ការវាយប្រហារដោយគ្មានមូលដ្ឋានគ្រឹះរបស់លោក សន្ធិ លីមថងគុល បាននាំឱ្យមានប្រតិកម្ម និងថ្កោលទោសយ៉ាងខ្លាំងក្លាពីថ្នាក់ដឹកនាំកម្ពុជាផងដែរ នាពេលនោះ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចេញថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការលើកឡើងបែបញុះញង់របស់លោក សន្ធិ លីមថងគុល ហើយសម្ដេចចាត់ទុកបុគ្គលនេះ ថា ជាជនជ្រុលនិយម ដោយបានប្រើប្រាស់វោហារសាស្ត្រឈ្លានពាន បង្កការគំរាមកំហែងដោយផ្ទាល់ ដល់បូរណភាពទឹកដី និងស្ថិរភាពនៅក្នុងតំបន់កម្ពុជា។

យ៉ាងណា អាជ្ញាធរកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះយុទ្ធនាការបែបជាតិនិយមទាំងនោះ។ ក្រោយពេលមានការវាយបកត្រឡប់ទៅវិញ លោក សន្ធិ លីមថងគុល ហាក់ស្ងប់ស្ងាត់មួយរយៈ។ ប៉ុន្ដែស្របពេលស្ថានការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្ន បន្ដភាពតានតឹងលើផ្នែកការទូត ព្រោះទាហានថៃ បន្តរំលោភបំពានលើទឹកដីកម្ពុជា ហើយត្រូវបានអន្តរជាតិរិះគន់ និងទាមទារឱ្យមានការដោះស្រាយព្រំដែនដោយសន្តិវិធី លោក សន្ធិ លីមថងគុល ចាប់ផ្ដើមល្បែងញុះញ៉ង់ជាថ្មី ដល់ក្រុមជាតិនិយមជ្រុលថៃ បង្កើតយុទ្ធនាការឱ្យមានរើសអើង ប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ដែលកំពុងតែស្នាក់នៅ និងរកស៊ីនៅក្នុងប្រទេសថៃ។ យុទ្ធនាការរបស់លោក សន្ធិ លីមថងគុល ក្រោមពាក្យស្លោក «យកទឹកដីថៃរបស់ពួកយើងត្រឡប់មកវិញ» ដែលមានការរៀបចំពីក្រុមអាមាត្យនៅខាងក្រោយរាជវាំងថៃ ដើម្បីបង្កើតភាពវឹកវរ នាំឱ្យមានវិបត្ដិនយោបាយនៅក្នុងប្រទេស ដែលអាចនឹងឈានដល់ការផ្ដួលរំលំរាជរដ្ឋាភិបាល អនុទីន ឆានវីរគុល នាពេលអនាគត ដើម្បីបំភ័ន្តភ្នែកអន្តរជាតិ ឱ្យងាកចេញពីការសម្លឺងមើលយោធាថៃ ដែលកំពុងឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់៕

ទោះយ៉ាងណា មេបាតុករអាជីពរូបនេះ អះអាងថា ការធ្វើបាតុកម្មរបស់ពួកគេ មិនមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលភ្លាមៗទេ ប៉ុន្តែរាជរដ្ឋាភិបាលអនុទីន នឹងប្រឈមមុខជាមួយសម្ពាធ ជុំវិញបញ្ហាដែលក្រុមអ្នកតវ៉ា ចាត់ទុកថា ជាទង្វើខុសឆ្គង ហើយគួរតែកែតម្រូវ។ ទន្ទឹមគ្នា លោក សន្ធិ លឹមថងគុល ក៏បានរិះគន់ផងដែរ ចំពោះរបៀបដែលរាជរដ្ឋាភិបាលដោះស្រាយបញ្ហា «ដើមទុនពណ៌ប្រផេះ» (ប្រាក់ចំណូលពីអាជីវកម្មមិនស្របច្បាប់) និងបានលើកឡើងពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ទៅកាន់ស្រុកប៉ៃ ដើម្បីផ្តល់ការគាំទ្រដល់ពលរដ្ឋអ៊ីស្រាអែល នៅទីនោះ៕








