ហេតុអ្វីរាជរដ្ឋាភិបាលថៃ បណ្តោយឱ្យក្រុមម​នុស្សមួយចំនួន ប្រមូលផ្តុំគ្នាស្រែកដៀលអ៊ីស្រាអែលកប់ៗមាត់ ដោយមិនញញើត?
Mao Sopha
មួយម៉ោងមុន

រាជធានីបាងកក៖ ក្នុងប្រទេសដែលប្រកាសថា ខ្លួនប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរី ការធ្វើបាតុកម្ម គឺជារឿងធម្មតា។ ក៏ប៉ុន្តែ ការធ្វើបាតុកម្មរបស់ក្រុមមនុស្សមួយចំនួននៅថៃ ប្រឆាំងនឹងអ៊ីស្រាអែល មើលទៅដូចជាលើសពីធម្មតា។ ក្រុមនេះ ហាក់ដូចជាឆ្លៀតប្រើសិទ្ធិធ្វើបាតុកម្ម ដើម្បីវាយប្រហារអ៊ីស្រាអែល និងព្យាយាមធ្វើឱ្យអន្តរជាតិមើលទៅឃើញអ៊ីស្រាអែល ថាអាក្រក់ខ្លាំងបំផុត។   

គេអាចដាក់ការសង្ស័យថា តើក្នុងចំណោមអ្នកធ្វើបាតុកម្មនៅជុំវិញស្ថានទូតអ៊ីស្រាអែលក្នុងរាជធានីបាងកក ប្រទេសថៃ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ សុទ្ធតែជាជនជាតិថៃទាំងអស់ឬ? តើអាចមានជនជាតិផ្សេង ដែលស្អប់អ៊ីស្រាអែល បន្លំចូលរួមដែរឬទេ ដើម្បីមានឱកាសវាយប្រហារអ៊ីស្រាអែល តាមរយៈបាតុកម្ម? បើមើលរូបភាព និងវីដេអូ គឺមិនមែនមានតែជនជាតិថៃនោះទេ។ ក្រុមអាវលឿង ដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលថៃ បានដឹកនាំធ្វើបាតុកម្មនេះ ដោយបង្ហាញបំណងថា ទាមទារឱ្យជនជាតិអ៊ីស្រាអែលនៅលើទឹកដីថៃ គោរពច្បាប់ និងវប្បធម៌ថៃ។ ប៉ុន្តែ ការបាតុកម្មជាក់ស្តែង បង្ហាញទិដ្ឋភាពខុសឆ្ងាយពីនេះខ្លាំងណាស់។ ពិនិត្យមើលតែបន្តិច គេនឹងឃើញច្បាស់ថា តាមពិត ក្រុមបាតុករ កំពុងប្រមូលផ្តុំគ្នាជេរស្តីអ៊ីស្រាអែល ដែលកំពុងបន្តវាយប្រហារលើតំបន់ហ្កាហ្សារបស់រដ្ឋប៉ាឡេស្ទីន ខណៈសហគមន៍អន្តរជាតិ ក៏កំពុងរិះគន់អ៊ីស្រាអែលជុំទិសស្រាប់ទៅហើយ។ 

មិនត្រឹមតែប្រើសម្រែកស្រែកតវ៉ា និងរិះគន់នោះទេ ក្រុមបាតុករ ថែមទាំងនាំគ្នាកាន់បដា ឬផ្ទាំងក្រដាសតូចៗ ដែលមានសរសេរពាក្យពេចន៍វាយប្រហារអាក្រក់អាក្រីខ្លាំងណាស់ទៅលើប្រទេសអ៊ីស្រាអែល។ ភាសាទាំងនោះ មានដូចជា «កងទ័ពអ៊ីស្រាអែលទាំងអស់ ជាឧក្រិដ្ឋជនសង្គ្រាម ជាអ្នកដណ្តើមឆក់យកទឹកដីគេ ជាអ្នកចាប់រំលោភបំពានផ្លូវភេទ និងជាពួកឃាតក យើងមិនត្រូវការពួកអ្នកនៅទីនេះឡើយ», «ថៃ ស្វាគមន៍អ្នកទេសចរ តែមិនស្វាគមន៍ពួកឧក្រិដ្ឋជនសង្គ្រាម», «ប្រាប់ឱ្យហើយ ទឹកដីថៃ មិនមែនជាជម្រកដែលមានសុវត្ថិភាពសម្រាប់ពួកឧក្រិដ្ឋជនសង្គ្រាមឡើយ», «ត្រូវបញ្ឈប់អំពើប្រល័យពូជសាសន៍», «រួមគ្នាទប់ស្កាត់ពួកស៊ីអូនីស្ត [Zionist] នៅអ៊ីស្រាអែល កុំឱ្យចូលទឹកដីថៃ», «ប្រទេសថៃ មិនមែនសម្រាប់លក់ទេ» ។ល។ មិនទាន់អស់ទេ! ក្រុមបាតុករ ថែមទាំងលើកទង់ជាតិប៉ាឡេស្ទីន ដើម្បីបង្ហាញការគាំទ្រប៉ាឡេស្ទីន និងប្រជាជននៅតំបន់ហ្កាហ្សា តែបែរជាលើកផ្ទាំងក្រដាសតូចដែលគូសសញ្ញាខ្វែងពណ៌ក្រហមលើពាក្យអ៊ីស្រាអែលទៅវិញ ដែលជាទម្រង់នៃការប្រមាថដ៏ធ្ងន់ធ្ងរមួយ។ អ៊ីស្រាអែល ឃើញហើយ ឮហើយ ច្បាស់ជាមិនអាចទទួលយកបានឡើយចំពោះទង្វើទាំងអស់នេះ។ 

ចំណុចសំខាន់មួយទៀត ដែលគេមិនអាចមើលរំលង គឺថា ការធ្វើបាតុកម្មនេះ មិនមែនគ្រាន់តែជាការបញ្ចេញមតិ ឬការប្រើសិទ្ធិសេរីភាពឡើយ តែអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងថៃ និងអ៊ីស្រាអែល ពីព្រោះថា បាតុកម្មនេះ បានបង្កើតរូបភាពមួយ គឺការជេរស្តីដែលផុសពីចេញពីទឹកដីថៃ ទៅលើប្រទេសអ៊ីស្រាអែលទាំងមូល។ ហេតុអ្វីក្រុមបាតុករ អាចជេរបញ្ចោរអ៊ីស្រាអែលដោយមិនញញើតកោតក្រែងបែបនេះ ឬក៏ថា មានការបណ្តែតបណ្តោយពីរាជរដ្ឋាភិបាលថៃដែរ? ឬមួយ រាជរដ្ឋាភិបាលថៃ មិនបានពិនិត្យពិច័យមើលឱ្យច្បាស់លាស់ជាមុន អំពីគោលបំណងនៃការធ្វើបាតុកម្ម? ឬក៏មានអំណាចធំកម្រិតកំពូលណាមួយនៅក្រោយខ្នងក្រុមបាតុករ ដែលរាជរដ្ឋាភិបាលថៃមិនអាចធ្វើអ្វីបាន?

ទោះជារាជរដ្ឋាភិបាលថៃ មាន ឬគ្មានបំណងយ៉ាងណាក៏ដោយ ក៏ប៉ុន្តែ បាតុកម្មនេះ​ បានបង្កើតរូបភាពអវិជ្ជមានដ៏ធំមួយទៅលើអ៊ីស្រាអែលបាត់ហើយ។ ក្រៅពីសារព័ត៌មានក្នុងប្រទេសថៃ សារព័ត៌មានអន្តរជាតិជាច្រើន ដូចជា The Time of Israel, AP, Reuters, Al Jazeera, ​និង​ South China Morning Post ជាដើម សុទ្ធតែបានចុះផ្សាយពីរឿងនេះ។ និយាយឱ្យខ្លី គឺថា ការជេរស្តី និងការត្មះតិះដៀលទាំងអម្បាលម៉ាន ដែលផុសចេញពីបាតុកម្មក្នុងទឹកដីថៃ ទៅលើប្រទេសអ៊ីស្រាអែលនាពេលនេះ បានសាយភាយ និងដឹងឮទៅដល់អន្តរជាតិអស់ហើយ។ 

លោក រ៉ាមី ថេបលីតស្គី (Rami Teplitskiy) អនុប្រធានស្ថានទូតអ៊ីស្រាអែលប្រចាំប្រទេសថៃ បានបង្ហោះវីដេអូមួយ ដើម្បីឆ្លើយតបនឹងការធ្វើបាតុកម្មនេះ។ លោក ប្រកាសថា អ៊ីស្រាអែល មិនដែលព្រងើយកន្តើយចំពោះបញ្ហាពលរដ្ឋខ្លួននៅលើទឹកដីថៃឡើយ។ ជាមួយគ្នា លោក អះអាងថា ស្ថានទូត តែងណែនាំពលរដ្ឋអ៊ីស្រាអែល ឱ្យគោរពច្បាប់ និងវប្បធម៌ប្រទេសថៃ។ លោក បន្តថា ស្ថាប័នប៉ូលិសអ៊ីស្រាអែល និងស្ថាប័នប៉ូលិសថៃ បានរួមគ្នាដើម្បីដោះស្រាយរាល់បញ្ហាដែលទាក់ទងនឹងពលរដ្ឋអ៊ីស្រាអែល។ លោក ផ្ញើសារសំខាន់មួយឃ្លាទៅថៃថា ក្នុងការដោះស្រាយបញ្ហាទាំងនេះ ភាគីអ៊ីស្រាអែល តែងចូលរួមសហការជាមួយឥរិយាបថយ៉ាងសមរម្យដោយគ្មានការប្រទាំងប្រទើស ឬការបង្កជម្លោះអ្វីឡើយ៕   

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត