មីស៊ីលអ៊ីរ៉ង់់ហោះជ្រែកអាកាសទៅកម្ទេចមូលដ្ឋានទ័ពនៅហ្ស៊កដានី បណ្ដាលឱ្យយន្តហោះចម្បាំងអាម៉េរិកបាក់ស្លាប និងខូចខាតជាច្រើនគ្រឿង
ហៀប ស៊ីថេត
7 ម៉ោងមុន

មជ្ឈិមបូព៌ា៖ យន្តហោះចម្បាំងសហរដ្ឋអាម៉េរិកជាច្រើនគ្រឿង បានរងការខូចខាតយ៉ាងដំណំ ក្នុងនោះមានយន្តហោះ១គ្រឿងត្រូវបាក់ស្លាបម្ខាង បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) បើកការវាយប្រហារដោយមីស៊ីលបាលីស្ទីកលើមូលដ្ឋានទ័ពអាកាសអាម៉េរិក មូវ៉ាហហ្វាក់ សាល់ទី (Muwaffaq Salti) ក្នុងប្រទេសហ្ស៊កដានី នាយប់ថ្ងៃទី៩ ខែកញ្ញា...។

យោងតាមការបញ្ជាក់របស់អ្នកសារព័ត៌មាន ជេនីហ្វ័រ ចាកុបស៍ (Jennifer Jacobs) របស់បណ្តាញព័ត៌មាន CBS បញ្ជាក់នៅលើបណ្តាញសង្គម X នាថ្ងៃទី១០កញ្ញានេះថា ការវាយប្រហារតាមអាកាសពីសំណាក់កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ដ៏សាហាវព្រឺព្រួចនេះ បានបណ្ដាលឱ្យយន្តហោះវាយប្រហារ ដែលមានរហ័ស្សនាម ជ្រូកព្រៃចម្បាំង A-10 Thunderbolt ចំនួន១គ្រឿង រងការខូតខាតយ៉ាងដំណំ រហូតដល់បាក់ស្លាបម្ខាង ខណៈយន្តហោះចម្បាំង F-15 ប្រមាណ៨គ្រឿង ក៏បានរងការខូចខាតដែរ ប៉ុន្តែត្រូវបានក្រុមបច្ចេកទេសជួសជុល និងដាក់ឱ្យប្រតិបត្តិការឡើងវិញភ្លាមៗ។

ដោយឡែក សេចក្តីថ្លែងការណ៍របស់កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ បានគូសបញ្ជាក់ថា ប្រតិបត្តិការវាយប្រហារនេះ បានប្រើប្រាស់មីស៊ីលបាលីស្ទីកដើរដោយឥន្ធនៈរាវ និងឥន្ធនៈរឹង បាញ់តម្រង់ទៅរកមូលដ្ឋានយោធា និងទីតាំងឈរជើងនៃកងយន្តហោះចម្បាំងសហរដ្ឋអាម៉េរិកប្រភេទ F-35, F-16, F-15 និង A-10 បណ្ដាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នា ភាគីអ៊ីរ៉ង់ បានបន្តអះអាងដោយមិនញញើតទៀតថា នេះជាការប្រហារសងសឹកយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពរបស់កងទ័ពសហរដ្ឋអាម៉េរិក ដែលបានវាយប្រហារលើនាវាដឹកប្រេង និងនាវាពាណិជ្ជកម្មរបស់ខ្លួន នាពេលកន្លងមក ហើយប្រតិបត្តិការយោធានេះ នឹងនៅតែបន្តធ្វើឡើងរហូតទាល់តែសកម្មភាពអ៊ុងអាត់របស់កងទ័ពសហរដ្ឋអាម៉េរិក ត្រូវបញ្ឈប់ទាំងស្រុង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត