អាម៉េរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នាទៅវិញទៅមក ផ្អើលច្រកសមុទ្ទហ័រមូស្ស ​
N
Nary Vann
7 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ សង្គ្រាមផ្លូវទឹក និងសេដ្ឋកិច្ចរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងយ៉ាងក្ដៅគគុកនៅលើដែនទឹក នៃច្រកសមុទ្ទហ័រមូស្ស កាលពីថ្ងៃទី៥កញ្ញានេះ បន្ទាប់ពីកងកម្លាំងសហរដ្ឋអាម៉េរិក បានបើកការវាយប្រហារកម្ទេចនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចំនួន៣គ្រឿង ជាការឆ្លើយតបទៅនឹងការបាញ់មីស៊ីលលើនាវាចម្បាំងរបស់ខ្លួន។ យ៉ាងណា រង់ចាំតែប៉ុន្មានម៉ោងប៉ុណ្ណោះ ខាងភាគីអ៊ីរ៉ង់ ក៏បានបើកការវាយប្រហារបកវិញ លើនាវាដឹកប្រេងជាច្រើនគ្រឿងដូចគ្នា...។

បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាម៉េរិក (CENTCOM) បញ្ជាក់ថា ខ្លួនបានវាយប្រហារលើនាវាដឹកប្រេងចំនួន៣គ្រឿង ដោយចោទប្រកាន់ថា នាវាទាំងនេះ ជាផ្នែកនៃបណ្តាញហិរញ្ញវត្ថុស្រមោលរាប់ពាន់លានដុល្លារ ដែលជួយទ្រទ្រង់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។ មេបញ្ជាការ CENTCOM លោកឧត្តមនាវីទោ Brad Cooper បានថ្លែងយ៉ាងដាច់អហង្កាថា៖«ប្រសិនបើអ្នកបាញ់លើនាវារបស់យើង២គ្រឿង យើងនឹងបង្កការខាតបង់សេដ្ឋកិច្ចកាន់តែខ្ពស់ ដោយកម្ទេចនាវារបស់អ្នកវិញ៣គ្រឿង។ យើងនឹងមិនស្ទាក់ស្ទើរ ក្នុងការ[ការពារ]កងកម្លាំងសហរដ្ឋអាម៉េរិកទេ ហើយប្រសិនបើចាំបាច់ នឹងបំផ្លាញនាវាដឹកប្រេងរបស់អ៊ីរ៉ង់ទាំងស្រុង»

មិនទុកឱ្យសហរដ្ឋអាម៉េរិកវាយប្រហារតែម្ខាងឡើយ អ៊ីរ៉ង់បានឆ្លើយតបវិញយ៉ាងទាន់ហន់។ កងទ័ព IRGC បានប្រកាសនៅថ្ងៃដដែលនោះថា កងទ័ពជើងទឹករបស់ខ្លួនបានវាយប្រហារលើនាវាដឹកប្រេងចំនួន៣គ្រឿង ដែលប៉ងឆ្លងកាត់ច្រកសមុទ្ទហ័រមូស្សដោយគ្មានការអនុញ្ញាត និងនាវាចំនួន៣គ្រឿងទៀត ដែលពាក់ព័ន្ធនឹងសហរដ្ឋអាម៉េរិក។ ទន្ទឹមគ្នា បញ្ជាការដ្ឋានយោធាកំពូល Khatam-al Anbiya របស់អ៊ីរ៉ង់ បានព្រមានថា ប្រសិនបើសហរដ្ឋអាម៉េរិកនៅតែបន្តការវាយប្រហារ នោះអ៊ីរ៉ង់នឹងសងសឹកលើនាវាចម្បាំងសហរដ្ឋអាម៉េរិកកាន់តែធ្ងន់ធ្ងរ និងពង្រីកទំហំសង្គ្រាមឱ្យកាន់តែធំ។ ការប៉ះទង្គិចគ្នាយ៉ាងស្រួចស្រាវចុងក្រោយនេះ កើតឡើងចំពេលសង្គ្រាមរវាងភាគីទាំងពីរ ឈានចូលដល់ខែទី៦ ដោយសារអ៊ីរ៉ង់នៅបន្តបិទខ្ទប់ច្រកសមុទ្ទហ័រមូស្ស ខណៈរដ្ឋធានីវ៉ាស៊ីនតោន បានបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងបិទផ្លូវនាវាចរណ៍កំពង់ផែអ៊ីរ៉ង់ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត