
រាជធានីភ្នំពេញ៖ អាជ្ញាធរកម្ពុជា បានសម្រេចចិត្តបណ្តេញជនជាតិថៃចំនួន៦៥នាក់ ចេញពីប្រទេសកម្ពុជា បន្ទាប់ពីរកឃើញថា ពួកគេមានពាក់ព័ន្ធទៅនឹងការប្រព្រឹត្តិបទល្មើសអនឡាញស្កេម និងប្រើប្រាស់ថ្នាំញៀន...។

ផ្អែកតាមរបាយកាណ៍ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញជនជាតិថៃ សរុបចំនួន៦៥នាក់(ស្រី២៨នាក់) ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបភាព នៃការបណ្ដេញចេញនេះ ត្រូវបានធ្វើឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បន្ទាប់ពីការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើទីតាំងសង្ស័យមួយចំនួន។ ជនបរទេសទាំងនោះ ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គ្មានឯកសារស្របច្បាប់ ដូចជាលិខិតឆ្លងដែន ឬទិដ្ឋាការត្រឹមត្រូវសម្រាប់ការស្នាក់នៅឡើយ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ការបណ្ដេញចេញជនជាតិថៃខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកន្លងមក សម្តេចធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖«កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនណាធ្វើទង្វើខុសច្បាប់ ដោយប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើស បង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»៕







