ភ្លៀងមួយយប់ ជន់លិចទីក្រុងកម្សាន្ដប៉ាតាយ៉ាក្រោយទាហានអាម៉េរិកចាកចេញ
S
Sinuon Nop
5 ម៉ោងមុន

រាជធានីបាងកក៖ ភ្លៀងបានវាយប្រហារយ៉ាងខ្លាំង ទៅលើទីក្រុងកម្សាន្ដប៉ាតាយ៉ា ស្ថិតនៅតាមឆ្នេរសមុទ្ទ ភាគខាងកើតរបស់ប្រទេសថៃ ត្រឹមរយៈពេលប្រហែលជាង២ម៉ោង ចាប់ពីយប់ថ្ងៃព្រហស្បតិ៍ រហូតដល់រំលងអធ្រាត្រ ឈានចូលដល់ថ្ងៃសុក្រ បណ្ដាលឱ្យទឹកជន់លិចផ្លូវសំខាន់ៗ នៅតាមតំបន់ទំនាបជាច្រើន និងបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយសារប្រព័ន្ធបង្ហូរទឹករបស់ទីក្រុង មិនអាចធន់ទ្រាំនឹងបរិមាណទឹកភ្លៀង ដ៏ច្រើននេះបាន...។

សារព័ត៌មានរបស់ថៃ The Pattaya News បានចេញផ្សាយនៅព្រឹកថ្ងៃសុក្រទី១១ ខែកញ្ញានេះថា ភ្លៀងបានចាប់ផ្តើមបង្អុរចុះមកផ្ទួនៗ និងធ្លាក់កាន់តែខ្លាំងឡើងនៅទូទាំងទីក្រុងប៉ាតាយ៉ា ហើយទឹកភ្លៀងបានហូរកាត់ពីលើផ្លូវថ្នល់ និងនៅតាមតំបន់ដែលមានប្រព័ន្ធរំដោះទឹកមិនល្អ។ គិតត្រឹមវេលាម៉ោង១០ៈ៣០យប់ថ្ងៃព្រហស្បតិ៍ ទឹកភ្លៀងបានហូរជន់លិចផ្លូវសំខាន់ៗមួយចំនួន ហើយបានបង្ខំឱ្យអ្នកបើកបរ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់។

ក្រុមមន្ត្រីក្នុងតំបន់ បានរំពឹងថា កម្រិតទឹកភ្លៀង នឹងស្រកចុះជាបណ្តើរៗ ប្រសិនបើភ្លៀងរាំង និងមិនមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋកត់សម្គាល់ថា បញ្ហាទឹកជំនន់ និងល្បឿនទឹកហូរយឺត នៅតែជាបញ្ហាដែលកើតឡើងជាប្រចាំ នៅក្នុងទីក្រុងទេសចរផ្លូវភេទដ៏ល្បីល្បាញមួយនេះ អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង និងមានរយៈពេលយូរ។ ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋ បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធឱ្យត្រួតពិនិត្យប្រព័ន្ធបង្ហូរទឹក និងអនុវត្តវិធានការកែលម្អ ប្រកបដោយប្រសិទ្ធភាពយូរអង្វែង ដើម្បីកាត់បន្ថយផលប៉ះពាល់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវថ្នល់។

នាយកដ្ឋានឧតុនិយមថៃ បានព្រមានចំនួន៧លើករួចមកហើយ អំពីភ្លៀងធ្លាក់ខ្លាំង វាយប្រហារទៅលើខេត្តនានារបស់ប្រទេសថៃ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា។ ស្របគ្នានេះដែរ មន្រ្ដីជំនាញថៃ នៅតែរំពឹងថា ភ្លៀងនឹងបន្តធ្លាក់នៅទូទាំងប្រទេស ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់មួយចំនួន និងអាចមានភ្លៀងធ្លាក់ខ្លាំងបំផុត នៅតាមតំបន់ភាគខាងលិច ភាគខាងជើង ភាគឦសាន តំបន់វាលទំនាបកណ្តាល រាជធានីបាងកក តំបន់ជុំវិញ និងតំបន់ភាគខាងកើត ប្រទេសថៃ។

សូមរម្លឹកឡើងវិញថា កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ កងនាវាផ្ទុកយន្ដហោះវាយប្រហាររបស់សហរដ្ឋអាម៉េរិក USS Abraham Lincoln អមដោយនាវាពិឃាដ បានចូលសំចត នៅក្នុងទីក្រុងប៉ាតាយ៉ា ដែលជាមជ្ឈមណ្ឌលកម្សាន្ដ រង្គសាល និងជាទីក្រុងសម្បូរទៅដោយបុប្ផាផ្កាមាស ដើរទាក់ម៉ូយប្រសេចប្រសាចពាសពេញផ្លូវ នៅតាមតំបន់មួយចំនួនផងដែរ។ ប៉ុន្ដែថ្វីបើប្រទេសថៃ ចាត់ទុកឧស្សាហកម្មផ្លូវភេទ ជារឿងខុសច្បាប់យ៉ាងណាក៏ដោយ ក៏អាជ្ញាធរមានការពិបាក នៅក្នុងការទប់ស្កាត់សកម្មភាពបម្រើសេវាកម្មផ្លូវភេទនេះ យ៉ាងខ្លាំង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត