
រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយស្ថានការណ៍ដ៏តានតឹងកំពុងបន្ដ នៅតំបន់មជ្ឈិមបូព៌ា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃពុធថា សហរដ្ឋអាម៉េរិក អាចនឹងវាយប្រហារទៅលើភ្នំត្រសេះ (Pickaxe) ដែលសង្ស័យជាទីតាំងជាប់ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ ហើយការប្រកាសបែបនេះ បានជំរុញឱ្យរដ្ឋាភិបាលរដ្ឋធានីតេហ៊ីរ៉ង់ (Tehran) បង្កើនការប្រុងប្រយ័ត្ន។ នេះបើតាមទូរទស្សន៍អារ៉ាប៊ីសាអូឌីត Al Arabiya News ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១០ ខែកញ្ញានេះ...។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា៖«យើងបានកត់សម្គាល់ឃើញថា មានសកម្មភាពតិចតួច នៅភ្នំត្រសេះ។ ខ្ញុំសូមណែនាំដល់អ៊ីរ៉ង់ កុំឱ្យធ្វើអ្វីដែលបង្កជាបញ្ហា ឬលេងល្បែងប្រថុយប្រថានឱ្យសោះ ព្រោះយើងនឹងវាយប្រហារពួកគេដ៏ខ្លាំងក្លា»។ ការព្រមានប្រទេសអ៊ីរ៉ង់ បានកើតឡើងនៅក្នុងអំឡុងពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងសុន្ទរកថា នៅឯសន្និបាតពាក់កណ្តាលអាណត្តិ នៃគណបក្សសាធារណរដ្ឋរបស់លោក។

ភ្នំត្រសេះ មានទីតាំងស្ថិតនៅជិតរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម Natanz របស់ប្រទេសអ៊ីរ៉ង់ ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្រោមការវាយប្រហារ ដោយយន្ដហោះទម្លាក់គ្រាប់បែកកយុទ្ធសាស្រ្ដបំបាំងកាយ ឬហៅម្យ៉ាងទៀតថា ជា បិសាចដែនអាកាស B-2 កាលពីខែមិថុនា ឆ្នាំ២០២៥ នៅក្នុងអំឡុងសង្គ្រាមរយៈពេល១២ថ្ងៃរបស់អ៊ីស្រាអែល។ ភ្នំត្រសេះនេះ គឺជាទីតាំងដែលមានការការពារយ៉ាងរឹងមាំ និងមានប្រព័ន្ធផ្លូវរូងក្រោមដីចំនួនពីរ ដែលបានសាងសង់យ៉ាងជ្រៅ នៅក្រោមដី។ លោកប្រធានាធិបតី ត្រាំ តែងតែគំរាមវាយប្រហារទៅលើភ្នំមួយនេះ តាំងពីពាក់កណ្តាលខែកក្កដាមកម្ល៉េះ។

តម្លៃប្រេង និងឧស្ម័ន បានហក់ឡើងខ្ពស់ ដោយសារតែសង្គ្រាម រវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។ ជម្លោះនេះ បានក្លាយជាបញ្ហាចម្បងមួយ សម្រាប់លោកប្រធានាធិបតី ត្រាំ និងគណបក្សសាធារណរដ្ឋរបស់លោក នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅ នៅខែវិច្ឆិកាខាងមុខ។សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានព្រួតដៃគ្នាវាយប្រហារទៅលើអ៊ីរ៉ង់ នៅក្នុងការបើកឆាកសង្គ្រាម នាដំណាក់កាលដំបូង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ ជាការឆ្លើយតបវិញ អ៊ីរ៉ង់ បានបាញ់ផ្លោងមីស៊ីលបាល្លិស្ទីក សងសឹកទៅលើប្រទេសអ៊ីស្រាអែល និងបណ្ដារដ្ឋនានានៅតំបន់ឈូងសមុទ្ទ ដែលបានអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិក ដាក់មូលដ្ឋានកងទ័ព នៅលើទឹកដីរបស់ពួកគេ។ ជម្លោះនេះ បានរីករាលដាលនៅក្នុងប្រទេសលីបង់ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់លាននាក់ផ្សេងទៀត បានរត់ចោលលំនៅឋាន។

លោក ត្រាំ ក៏បានលើកឡើងផងដែរថា ជម្លោះនេះនឹងបញ្ចប់ភ្លាមៗ ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដោយលោកបានចោទប្រកាន់ថា រដ្ឋធានីតេហ៊ីរ៉ង់ កំពុងព្យាយាមឆក់យកឥទ្ធិពលពីការបោះឆ្នោត ដែលនឹងកំណត់ថា តើគណបក្សសាធារណរដ្ឋ នឹងបន្តរក្សាការគ្រប់គ្រងសភាដែរឬយ៉ាងណា។ ភ្នំត្រសេះ នៅចម្ងាយប្រហែល២២០គីឡូម៉ែត្រ នាភាគខាងត្បូងរដ្ឋធានីតេហ៊ីរ៉ង់ និងមានចម្ងាយត្រឹមតែប្រហែល២គីឡូម៉ែត្រ ពីរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម Natanz។ ទីតាំងនោះមានរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមចំនួន២ ដែលបានរងការវាយប្រហារ កាលពីខែមីនា ដែលជាផ្នែកមួយនេះ នៃការវាយប្រហារដោយកងទ័ពអាម៉េរិក-អ៊ីស្រាអែល។ អ៊ីស្រាអែល ក៏បានវាយប្រហារលើរោងចក្រ Natanz នៅក្នុងអំឡុងសង្គ្រាម រយៈពេល១២ថ្ងៃ កាលពីឆ្នាំ២០២៥៕





