ប្រមុខក្រុមប្រឹក្សាសន្ដិសុខកំពូលកោះតៃវ៉ាន់ ប្រកាសពីឆន្ទៈទប់ទល់នឹងមហាយក្ស​ចិន
S
Sinuon Nop
8 ម៉ោងមុន

ទីក្រុងតៃប៉ិ៖ ​ការបង្កើនសម្មភាពយោធារបស់មហាយក្សចិន បានធ្វើឱ្យក្រុមអ្នកជំនាញវិស័យការពារជាតិ ​ មានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការឈ្លានពានរបស់រដ្ឋាភិបាលរដ្ឋធានីប៉េកាំង ទៅលើកោះតៃវ៉ាន់ ខណៈទស្សនាវដ្ដីរបស់អាម៉េរិកាំង ក៏បានលើកឡើង អំពីអាជ្ញាធរទីក្រុងតៃប៉ិ អាចនឹងខ្វះឆន្ទៈ​តស៊ូ ប៉ុន្ដែត្រូវបានប្រមុខក្រុមប្រឹក្សាសន្ដិសុខជាតិរបស់ដែនកោះមួយនេះ ច្រានចោល ហើយបានប្រកាសយ៉ាងម៉ឺងម៉ាត់ អំពីគោលជំហររបស់ខ្លួនដាច់ខាត ត្រូវតែទប់ទល់នឹងការឈ្លានពានណាមួយ មកលើដែនកោះរបស់ខ្លួន...។

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កំពុងត្រួតពល
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កំពុងត្រួតពល

សារព័ត៌មាន Taiwan News បានចេញផ្សាយនៅព្រឹកថ្ងៃសុក្រទី១១ ខែកញ្ញានេះថា អគ្គលេខាធិការក្រុមប្រឹក្សាសន្ដិសុខជាតិតៃវ៉ាន់ លោក ចូសេហ្វ វូ (​Joseph Wu) កាលពីថ្ងៃព្រហស្បតិ៍ បានច្រានច្រោល ចំពោះការលើកឡើងថា កោះតៃវ៉ាន់ខ្វះឆន្ទៈតស៊ូ ប្រឆាំងនឹងការប៉ុនប៉ង ដណ្ដើម​កាន់កាប់ដោយ​ប្រទេសចិន មកលើដែនកោះរបស់ខ្លួន។ការធ្វើអត្ថាធិប្បាយរបស់ប្រមុខក្រុមប្រឹក្សាសន្ដិសុខជាតិតៃវ៉ាន់រូបនេះ កើតឡើង ក្រោយពេលទស្សនាវដ្ដីអាម៉េរិកាំង​ The Atlantic ចេញ​ផ្សាយនូវអត្ថបទមួយមានចំណងជើងថា«តើនឹងដល់ពេល​​តៃវ៉ាន់ឬ ត្រូវបោះបង់ចោលការតស៊ូ..?»​ អត្ថបទនោះចោទជាសំណួរអំពីការប្តេជ្ញាចិត្តរបស់មេដឹកនាំកោះតៃវ៉ាន់ នៅក្នុងការប្រឈមមុខនឹងការគំរាមកំហែងផ្នែកនយោបាយ និងយោធាពីមហាយក្ស​ចិន។​ អត្ថបទទស្សនាវដ្ដីដដែលនោះ ​ក៏បាន​រងការរិះគន់នៅលើបណ្ដាញអ៊ិនធើរណេតផងដែរ រួមទាំងការលើកឡើងថា មានចំណុចមិនត្រឹមត្រូវ និងខ្វះការយល់ដឹងស៊ីជម្រៅព័ត៌មាន អំពីកោះតៃវ៉ាន់ និងចិន។

ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីង-ថេ
ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីង-ថេ

ជាការឆ្លើយតប អគ្គលេខាធិការក្រុមប្រឹក្សាសន្ដិសុខជាតិតៃវ៉ាន់ បានសរសេរនៅលើបណ្ដាញសង្គម​ X ថា៖«វា​ជាកំហុសមួយ នៅក្នុងការសន្និដ្ឋានថា តៃវ៉ាន់ គ្មានឆន្ទៈក្នុងការការពារខ្លួន។ បើផ្អែកតាម​ការបង្កើនការវិនិយោគលើវិស័យយោធា ការបំពាក់ឧបករណ៍យោធាកាន់តែប្រសើរឡើង ការហ្វឹកហាត់កាន់តែតឹងរ៉ឹង និងការធ្វើសមយុទ្ធផ្ដោតលើស្ថានភាពជាក់ស្តែងនោះ កំពុងបង្ហាញយ៉ាងច្បាស់ ថា ​តៃវ៉ាន់ មានឆន្ទៈ​ការពារខ្លួន​​កាន់តែរឹងមាំ និងខ្លាំងក្លាជាងពេលណាៗទាំងអស់»។​​ អគ្គលេខាធិការ ក្រុមប្រឹក្សាសន្ដិសុខជាតិតៃវ៉ាន់ លោក ចូសេហ្វ វូ បានសង្កត់ធ្ងន់ថា៖«តៃវ៉ាន់ នឹងមិនបោះបង់ចោលខ្លួនឯងឡើយ​ ហើយ​ការចុះចាញ់មិនមែនជាជម្រើសនោះទេ»។ នេះបើ​តាមការចុះផ្សាយរបស់សារព័ត៌មាន CTS News។​

អគ្គលេខាធិការក្រុមប្រឹក្សាសន្ដិសុខជាតិតៃវ៉ាន់ លោក ចូសេហ្វ វូ
អគ្គលេខាធិការក្រុមប្រឹក្សាសន្ដិសុខជាតិតៃវ៉ាន់ លោក ចូសេហ្វ វូ

បើតាមស្ទង់មតិរយៈពេលវែងមួយរបស់វិទ្យាស្ថាន​ស្រាវជ្រាវវិស័យការពារជាតិ និង​​សន្តិសុខ (Institute for National Defense and Security Research)​ បានឱ្យដឹងថា នៅក្នុងការស្ទង់មតិកាលពីខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកឆ្លើយតបចំនួន៤១ភាគរយ និយាយថា ពួកគេ«មានឆន្ទៈខ្ពស់»ក្នុងការប្រយុទ្ធ ដើម្បីការពារកោះតៃវ៉ាន់ ហើយ២៥ភាគរយ និយាយថា ពួកគេ«មានឆន្ទៈខ្លះៗ»ដែលសរុបទៅមានចំនួន៦៦ភាគរយ។ ស្របគ្នានេះ សារព័ត៌មាន CTS News ក៏បានរាយការណ៍ផងដែរថា បើ​​តាមការស្ទង់មតិចំនួន៧លើក ចាប់តាំងពីឆ្នាំ២០២១មក សមាមាត្រនៃប្រជាជនដែលមាន«ឆន្ទៈ» ក្នុងការការពារកោះតៃវ៉ាន់ ​ គឺស្ថិតនៅកម្រិតប្រហែល៧០ភាគរយ ទោះបីជាមានការកើនឡើងនូវការគំរាមកំហែងផ្នែកយោធាពី​​ប្រទេសចិន និងការផ្លាស់ប្ដូរនៅក្នុងឆាកនយោបាយរបស់សហរដ្ឋអាម៉េរិកយ៉ាងណាក៏ដោយ។

ការលើកឡើងរបស់ប្រមុខក្រុមប្រឹក្សាសន្ដិសុខជាតិតៃវ៉ាន់ កើតឡើង បន្ទាប់ពីកោះតៃវ៉ាន់ បានរៀបចំកិច្ចសន្ទនាសន្តិសុខទីក្រុងតៃប៉ិ (Taipei Security Dialogue) កាលពីថ្ងៃពុធ។ ព្រឹត្ដិការ​ណ៍ប្រចាំឆ្នាំ ដែលប្រមូលផ្តុំដោយក្រុមអ្នកជំនាញផ្នែកការពារជាតិ និងសន្តិសុខនេះ បានផ្តោតការយកចិត្តទុកដាក់ នៅឆ្នាំ២០២៦នេះ ទៅលើបញ្ហាសន្តិសុខក្នុងតំបន់ ការទប់ស្កាត់ការគំរាមកំហែង បច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មីៗ និងភាពធន់ ប្រឆាំងនឹងការគំរាមកំហែងក្នុងកម្រិត«តំបន់ពណ៌ប្រផេះ» (gray-zone threats)​​​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត