JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យបណ្ដុះបណ្ដាល កសិកម្ម និងឧស្សាហកម្មឌីជីថល
អ
អុន សម្ផស្ស
•
11 កញ្ញា 2026 09:30 AM

រាជធានីភ្នំពេញ៖ សមាគមជប៉ុន-កម្ពុជា (JCA) បង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យអាទិភាពចំនួន៣ រួមមាន៖ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, ការអភិវឌ្ឍវិស័យកសិកម្ម និងការអភិវឌ្ឍឧស្សាហកម្មឌីជីថល។ ការប្តេជ្ញានេះ ត្រូវបានលើកឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក តាកាហាស៊ី ហ្វូមិអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) ព្រមទាំងគណៈប្រតិភូ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦...។   

ក្នុងជំនួបនោះ JCA បានជម្រាបអំពីផែនការពង្រីកសកម្មភាពវិនិយោគនៅកម្ពុជា រួមមាន៖ ការកែច្នៃសូត្រមាស និងត្រីទីឡាព្យ៉ា សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញទៅជប៉ុន និងទីផ្សារអន្តរជាតិ។ JCA ក៏គ្រោងជំរុញការបណ្ដុះបណ្ដាលផ្នែក ថែរក្សាសម្ផស្ស គ្រឿងសម្អាង និងការថែទាំរថយន្ត ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន តូយ៉ូតា។ ក្រៅពីនេះ ក្នុងទិសដៅផ្សព្វផ្សាយបន្ថែមអំពីច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា JCA គ្រោងនឹងរៀបចំសិក្ខាសាលានៅប្រទេសជប៉ុន នាពេលខាងមុខ ដើម្បីមានឱកាសពន្យល់ដល់ក្រុមហ៊ុនជប៉ុនឱ្យយល់កាន់តែច្បាស់អំពីបរិយាកាសវិនិយោគ ក្របខណ្ឌគោលនយោបាយ និងការលើកទឹកចិត្តនានា នៅកម្ពុជា។  

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណដល់ JCA ដែលបានចូលរួមផ្សព្វផ្សាយពីសក្តានុពលកម្ពុជា និងទាក់ទាញក្រុមហ៊ុនជប៉ុន មកវិនិយោគនៅកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រីថែមទាំងលើកទឹកចិត្ត JCA ឱ្យបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឱ្យកាន់តែរីកចម្រើន។ មេដឹកនាំកម្ពុជា រំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន ក្នុងការបន្តធ្វើការរួមគ្នា ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ សម្ដេចធិបតីសង្ឃឹមយ៉ាងមុតមាំថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន នឹងលេចចេញជារូបរាងនៅកម្ពុជា និងរីកលូតលាស់ជាបន្តបន្ទាប់ នាពេលអនាគត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត