
រាជធានីភ្នំពេញ៖ បញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនមែនជាបញ្ហារបស់កម្ពុជាតែម្នាក់ឯងទេ ផ្ទុយទៅវិញ វាជាបញ្ហារបស់ប្រទេសទាំងអស់ក្នុងតំបន់។ នេះជាប្រសាសន៍របស់លោក អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា…។

ក្នុងឱកាសជួបសម្ដែងការគួរសម និងជម្រាបលា លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ដែលលោកត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា លោក អ៊ូអ៊ិណុ អាត់ស៊ូស៊ី បានគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន នឹងបន្តជំរុញវិនិយោគិនជប៉ុនឱ្យបន្តមកវិនិយោគនៅកម្ពុជា ទោះបីមានការលើកឡើងខ្លះពីបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏ដោយ។ លោកអះអាងថា៖«ជប៉ុនរីករាយនឹងសហការជាមួយកម្ពុជា លើការប្រយុទ្ធប្រឆាំង Online Scams ហើយជប៉ុនចាត់ទុកបញ្ហានេះ ជាបញ្ហារបស់ប្រទេសទាំងអស់ក្នុងតំបន់ មិនមែនជាបញ្ហារបស់កម្ពុជាតែឯងនោះទេ»។ ក្នុងជំនួបដដែល ឯកអគ្គរាជទូតជប៉ុន ក៏បានសម្ដែងការគាំទ្រកម្ពុជា ក្នុងការប្រើប្រាស់យន្តការអន្តរជាតិ UNCLOS ដោះស្រាយបញ្ហាព្រំដែនទឹកទាមទារតំបន់ត្រួតស៊ីគ្នា ហើយជប៉ុននឹងបន្តជួយកម្ពុជាលើការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃផងដែរ។

តាមរយៈ លោក អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានឈរជាមួយកម្ពុជា អស់រយៈពេលជាច្រើនទសវត្សរ៍ ចាប់ពីដំណាក់កាលនៃការកសាងសន្តិភាព, ការរក្សាសន្តិភាព, ការស្តារនីតិសម្បទាឡើងវិញ, និងឈានមកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព។ ពាក់ព័ន្ធនឹងបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាឧក្រិដ្ឋកម្មឆ្លងដែន ហើយកម្ពុជាគឺជាប្រទេសរងគ្រោះមួយក្នុងចំណោមប្រទេសដែលទទួលរងផលប៉ះពាល់ពីប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។ តែយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ និងបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់ និងមុតស្រួចជាបន្តបន្ទាប់ ក្នុងការប្រយុទ្ធប្រឆាំង និងបោសសម្អាតឧក្រិដ្ឋកម្មនេះឱ្យអស់ពីកម្ពុជា។

ទន្ទឹមនេះ កម្ពុជាក៏កំពុងបង្កើនកិច្ចសហការជាមួយបណ្តាប្រទេសជាមិត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាជាសកល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រោះកម្ពុជាក៏មិនអាចប្រយុទ្ធប្រឆាំងតែឯងបាននោះដែរ។ ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បញ្ជាក់ថា វាមានលក្ខណៈជារចនាសម្ព័ន្ធ ដែលទាមទារឱ្យមានការដោះស្រាយដោយអត់ធ្មត់ និងក្នុងរយៈពេលវែង។ សម្រាប់កម្ពុជា នៅតែបន្តប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ ទោះជាបញ្ចាប់បេសកកកម្មការទូតនៅកម្ពុជា កម្ពុជាសង្ឃឹមថា លោក អ៊ូអ៊ិណុ អាត់ស៊ូស៊ី នឹងបន្តរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ ក៏ដូចជាដើម្បីលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាពសម្រាប់ជាប្រយោជន៍រួមរបស់តំបន់ និងពិភពលោក៕




