បញ្ហាព្រំដែនជាមួយថៃ៖ ជប៉ុនសរសើរ និងគាំទ្រកម្ពុជាមានភាពចាស់ទុំ ដោះស្រាយបញ្ហាដោយភាពអត់ធ្មត់ផ្អែកលើច្បាប់អន្តរជាតិ
S
Soriya Sou
02 កក្កដា 2026 11:00 AM

រាជធានីភ្នំពេញ៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជុំវិញការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី និងប្រកបដោយភាពចាស់ទុំ…។

ពាក្យកោតសរសើរនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងជំនួប លោក ធន់ វឌ្ឍនា បានកោតសរសើរចំពោះតួនាទីររបស់ជប៉ុន ក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពសម្រាប់កម្ពុជា ចាប់តាំងពីការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣ រហូតមក។ ពាក់ព័ន្ធនឹងកិច្ចការដោះស្រាយជម្លោះព្រំដែនជាមួយថៃ អនុប្រធានទី២ ព្រឹទ្ធសភា បានបញ្ជាក់ពីគោលជំហររបស់កម្ពុជា ក្នុងការរក្សាភាពអត់ធ្មត់ បើកចំហឱ្យមានការចូលរួមពីភាគីទី៣ និងពឹងផ្អែកលើច្បាប់អន្តរជាតិ។

លោកជម្រាបជូនឯកអគ្គរាជទូតជប៉ុន ពីការដោះស្រាយររបស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញជម្លោះព្រំដែនទឹកជាមួយថៃ តាមរយៈអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្ទ (UNCLOS) បន្ទាប់ពីប្រទេសថៃ បានលុបអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១ ដោយឯកតោភាគី។ ចំពោះបញ្ហាព្រំដែនគោក លោក ធន់ វឌ្ឍនា បានអះអាងថា កម្ពុជាបើកចំហការចរចាទ្វេភាគីតាមរយៈយន្តការជាធរមាន ហើយក្នុងពេលអនាគត កម្ពុជាអាចប្រើប្រាស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់។ នៅចំពោះមុខឯកអគ្គរាជទូតជប៉ុន អនុប្រធានទី២នៃព្រឹទ្ធសភា បង្ហាញក្ដីរំពឹងថា ប្រទេសថៃ នឹងគោរពសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ហើយប្រគល់ឱ្យមកកម្ពុជាវិញ នូវតំបន់ និងប្រាសាទនានា ដែលទាហានថៃបានចូលកាន់កាប់ដោយខុសច្បាប់ ក្រោយបទឈប់បាញ់កាលពីឆ្នាំមុន។

ជាការឆ្លើយតប លោក អ៊ូអិណុ អាត់ស៊ូស៊ី បានកោតសរសើរ និងគាំទ្រកម្ពុជា ដែលបានបង្ហាញនូវភាពចាស់ទុំ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ប្រកបដោយភាពអត់ធ្មត់ បើកចំហ និងប្រើប្រាស់ច្បាប់អន្តរជាតិ។ ក្នុងនាមរដ្ឋាភិបាលជប៉ុន លោកឯកអគ្គរាជទូត បានប្តេជ្ញាចិត្តបន្តរក្សាទំនាក់ទំនងជាមួយកម្ពុជា ដើម្បីឆ្ពោះទៅពង្រឹងមិត្តភាព ភាពជាដៃគូនៃការទូតសភារវាងកម្ពុជា និងជប៉ុន។ សូមជម្រាបថា ជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលបានផ្ដល់ជំនួយដល់កម្ពុជារាប់លានដុល្លារ ក្នុងពេលសង្រ្គាមឈ្លានពានរបស់ថៃ លើបូរណភាពទឹកដីកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលមានជាសម្ភារចាំបាច់សម្រាប់ប្រើប្រចាំថ្ងៃ បរិក្ខាថែទាំសុខភាព ជម្រកបណ្តោះអាសន្ន កិច្ចគាំពារកុមារ ទឹកស្អាត និងអនាម័យជាដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត