
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធទទួលយកទឹកប្រាក់ប្រមាណ១១៩លានដុល្លារអាម៉េរិកពីរដ្ឋាភិបាលជប៉ុន...។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក អ៊ូអ៊ិណុ អាតស៊ូហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន បានចុះហត្ថលេខាលើឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់សរុបចំនួន១៧ ៧៧៦លានយ៉េន សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កញ្ចប់ឥណទានទី២)។ គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពដោះស្រាយទំនិញកុងតឺន័រ នៅកំពង់ផែក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅអន្តរជាតិតែមួយគត់របស់កម្ពុជា ក៏ដូចជាបង្កើនប្រសិទ្ធភាពប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា តាមរយៈការអភិវឌ្ឍចំណតផែកុងតឺន័រថ្មី និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានា។ ក្រសួងការបរទេស ចាត់ទុកជំនួយហិរញ្ញវត្ថុជាបន្តបន្ទាប់នេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជប៉ុន ក្នុងការលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។

សូមរំឭកថា កាលពីឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រខេត្តព្រះសីហនុ ឱ្យប្រែក្លាយឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ (Hub Port) ក្នុងតំបន់។ ក្នុងគម្រោងនោះ រដ្ឋត្រូវអភិវឌ្ឍចំណតផែកុងតឺន័រថ្មី ៣ជំហានជាបន្តបន្ទាប់ ដោយទឹកប្រាក់សរុបប្រ៩៧៣លានដុល្លារអាម៉េរិក។ ក្នុងនោះឥណទានសម្បទានពីរដ្ឋាភិបាលប្រទេសជប៉ុន មានចំនួនប្រមាណ៧៦០លានដុល្លារអាម៉េរិក, ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ១៩២លានដុល្លារអាម៉េរិក, និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ២១លានដុល្លារអាម៉េរិក៕






