ឃាត់ខ្លួន​មន្រ្ដីសង្ឃ​ល្បីល្បាញមួយអង្គនៅខេត្តអាយុធ្យា កិបកេងលុយវត្តរាប់លានដុល្លារ និងសេពមេថុនធម្មជាមួយនារីជំនួយការ
S
Sinuon Nop
30 នាទីមុន

រាជធានីបាងកក៖ មន្រ្ដីសង្ឃថៃដ៏ល្បីល្បាញមួយអង្គ ព្រះជន្ម៦៦វស្សា គង់នៅខេត្តអាយុធ្យា ​បានប្រព្រឹត្ដប្រាសចាក​វិន័យសង្ឃ ដោយបានប្រព្រឹត្ដិអំពើអនាចារ សេពមេថុនធម្ម (​រួមភេទ)​ ជាមួយនារី​ជាមនុស្សជំនិត វ័យ៤៧ឆ្នាំ នៅក្នុងកុដិ ដែលបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ត្រូវបានសមត្ថកិច្ច​ថៃ ឆ្មក់ចុះទៅឃាត់ព្រះកាយ ក្រោមបទចោទប្រកាន់ នូវបទល្មើសព្រហ្មទណ្ឌជាច្រើនករណី...។

សារព័ត៌មានថៃជាច្រើន រួមមាន៖ The Pattaya News និង Khaosod បានចុះផ្សាយព្រោងព្រាត នៅថ្ងៃព្រហស្បតិ៍ទី១០ ខែកញ្ញានេះថា ​តម្រួតនគរបាលថាំ បានឃាត់​ព្រះសង្ឃជាន់ខ្ពស់អង្គនេះ ដែលមានតួនាទីជាព្រះចៅអធិការវត្ត​មួយកន្លែង ស្ថិតក្នុងខេត្តព្រះនគរស្រីអយុធ្យា (พระนครศรีอยุธยา) ក្រោមការចោទប្រកាន់ពីបទកិបកេងប្រាក់ ការរំលោភអំណាចក្នុងតួនាទី និងការលាងសម្អាតប្រាក់ បន្ទាប់ពីមានការស៊ើបអង្កេតលើករណីប្រាក់ជាង៩២លានបាត ឬស្មើប្រមាណ​៣លានដុល្លារអាម៉េរិក ដែលត្រូវបានគេចោទថា ​បាន​បង្វែរចេញពីមូលនិធិរបស់វត្ត។​

តម្រួតនគរបាល មកពី​ការិយាល័យស៊ើបអង្កេតកណ្ដាល (CIB) កាលពីវេលាម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍ បានចុះទៅដល់វត្ដពុទ្ធថៃសុវណ្ណ (​วัดพุทไธศวรรย์) ជារាជវិហារមួយកន្លែង​ ស្ថិតក្នុងខេត្តអយុធ្យា ដើម្បីឃាត់ព្រះកាយព្រះសង្ឃ ព្រះនាម ព្រះ វជ្ជិរញាណ ហ្លួងផ តិជោតិ ចៅអាវាស “พระวชิรญาณ วิ.” หรือ หลวงพ่ออติโชติ เจ้าอาวาส) ព្រះចៅអធិការវត្ដ។ ការឃាត់មន្រ្ដីសង្ឃជាន់ខ្ពស់អង្គនេះ នៅក្នុងខេត្តអយុធ្យានេះ បានអនុវត្តតាមដីការបស់តុលាការព្រហ្មទណ្ឌកណ្ដាល​ សម្រាប់សំណុំរឿងពុករលួយ និងការប្រព្រឹត្តខុសតំបន់ទី១ ចេញ​ផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។​បទចោទប្រកាន់ទាំងនេះ មានច្រើនករណីរួមមាន៖ ​​បទកិបកេងទ្រព្យសម្បត្តិដោយមន្ត្រីសាធារណៈ ការរំលោភអំណាច ឬការធ្វេសប្រហែសក្នុងការបំពេញភារកិច្ច អំពើប្រព្រឹត្តខុសដោយមន្ត្រីរដ្ឋ ការសមគំនិតក្នុងអំពើលាងសម្អាតប្រាក់ និងការរួមគ្នាប្រព្រឹត្តអំពើលាងសម្អាតប្រាក់។​

បើតាមការិយាល័យស៊ើបអង្កេតកណ្ដាល (CIB) បានឱ្យដឹងថា ក្រុមមន្រ្ដីស៊ើបអង្កេត បានរកឃើញភស្ដុតាង​ដែលបង្ហាញថា ប្រាក់របស់វត្ត ត្រូវបានគេបង្វែរទៅប្រើប្រាស់ផ្ទាល់ខ្លួន នៅមុនពេលត្រូវបានប្រគល់ទៅឱ្យស្ត្រីម្នាក់ ដែលជាអ្នកស្និទ្ធស្នាល ដើម្បីលាក់បាំង ឬប្តូររូបភាព នៃទ្រព្យសម្បត្តិទាំងនោះ។ ការធ្វើឱ្យខូចខាតដែលត្រូវបានចោទប្រកាន់នេះ ត្រូវបានគេប៉ាន់ប្រមាណថា មានទឹកប្រាក់ជាង៩២លានបាតលុយថៃ។ តម្រួតការិយាល័យ បានឱ្យដឹងថា ការស៊ើបអង្កេត បានចាប់ផ្តើមធ្វើឡើងបន្ទាប់ពីក្រុមមន្រ្ដីពាក់ព័ន្ធ ទទួលបាន​ព័ត៌មានអំពីសកម្មភាពដែលត្រូវបានចោទប្រកាន់ទៅលើ​ព្រះសង្ឃអង្គនេះ​។ បន្ទាប់មក ក្រុមមន្រ្ដី​ស៊ើបអង្កេត បានបើកការស៊ើបអង្កេតដោយសម្ងាត់ និងបានរកឃើញភស្តុតាង ដែលគាំទ្រដល់ការចោទប្រកាន់ទាំងនោះ។

តម្រួតការិយាល័យ បានបន្ដថា ​ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមក ព្រះសង្ឃ​ដែលបានរងការចោទប្រកាន់នេះ ​បានចេញប័ណ្ណទទួលប្រាក់បរិច្ចាគជាង២០សន្លឹក ក្នុងនាមវត្តអារាម ដោយគ្មានការអនុញ្ញាត បណ្ដាលឱ្យមានការខាតបង់ប្រាក់ជាង៩២លានបាត។​ ប៉ុន្ដែក្នុងអំឡុងការចាប់ខ្លួននោះ ក្រុមមន្រ្ដីស៊ើបអង្កេត ​ក៏បានពិនិត្យមើលវីដេអូពីកាមេរ៉ាសុវត្ថិភាព (CCTV) នៅកន្លែងគង់​នៅរបស់ព្រះសង្ឃអង្គនេះ និងមានសេចក្តីរាយការណ៍ថា បានរកឃើញវីដេអូដែលបង្ហាញពីសកម្មភាពស្និទ្ធស្នាល រវាងព្រះចៅអធិការវត្ត និងស្ត្រីម្នាក់នោះ។ បច្ចុប្បន្ន ប៉ូលិស​កំពុងបន្តស្វែងរកភស្តុតាង​នៅក្នុងវត្តបន្ថែមទៀត។​ ប៉ុន្ដែភ្លាមៗនោះ សមត្ថកិច្ចបាននាំចៅអធិការអង្គនេះ ទៅកាន់ការិយាល័យស៊ើបអង្កេតកណ្ដាលភ្លាមៗ ដើម្បីសាកសួរ។​

សមត្ថកិច្ច ក៏បាន​ឃាត់ខ្លួនស្ត្រីម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាមនុស្សជំនិតរបស់ព្រះចៅអធិការវត្តអង្គនេះ។ ស្ត្រីជនសង្ស័យ ត្រូវបានគេចោទប្រកាន់ថា មានការជាប់ពាក់ព័ន្ធនឹងការចាត់ចែងមូលនិធិរបស់វត្ត មានទឹកប្រាក់រាប់សិបលានបាត បានហូរចូល និងចេញតាមរយៈគណនីនានា ជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ​កំពុងបន្តស្វែងរកភស្តុតាងបន្ថែមទៀត មុននឹងនាំ​ស្ត្រីរូបនោះទៅកាន់ការិយាល័យស៊ើបអង្កេតកណ្តាល (CIB) ដើម្បី​សាកសួរ។ ព្រះសង្ឃអង្គនេះ មានភាពល្បីល្បាញ​ខ្លាំងដោយ​វត្ថុស័ក្តិសិទ្ធិ​របស់វត្ត និងទទួលបានការពេញនិយមខ្លាំង នៅក្នុងចំណោមពុទ្ធសាសនិកជាជន​ជាតិថៃ។ ក្នុងអំឡុងឆ្មក់ចូលត្រួតពិនិត្យ សមត្ថកិច្ច​បានពិនិត្យមើលវីដេអូ ពីកាមេរ៉ាសុវត្ថិភាព (CCTV) ដែលបានថត​ពីក្នុងបន្ទប់គង់នៅរបស់ព្រះចៅអធិការវត្ត។ វីដេអូនោះ បានបង្ហាញពីសកម្មភាពសេពមេថុនធម្ម រវាងសង្ឃអង្គ និងនារីម្នាក់​​ ​នោះនៅលើតុដាក់ចង្ហាន់​​​ ហើយប្រព័ន្ធផ្សព្វផ្សាយថៃ បានចុះផ្សាយរូបភាពកាត់ចេញពីវីដេអូនោះ និងត្រូវបានចែកចាយយ៉ាងទូលំទូលាយ លើបណ្តាញសង្គម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត