តើរុស្ស៊ី បញ្ជាដ្រូនប្រុងបំផ្ទុះយន្តហោះដែលប្រធានាធិបតីអ៊ុយក្រែន និងភរិយា កំពុងជិះ?
Mao Sopha
មួយម៉ោងមុន

រដ្ឋធានីជីស៊ីណូ៖ គ្រប់គ្នាប្រហោងពោះអស់មួយភ្លែត! មានដ្រូន២គ្រឿង ហោះក្រឡឹងយន្តហោះដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelenskyy) និងភរិយា កំពុងជិះ។

លោក ហ្សេឡេនស្គី និងភរិយា
លោក ហ្សេឡេនស្គី និងភរិយា

លោក ហ្សេឡេនស្គី និងភរិយា បានធ្វើដំណើរចេញពីប្រទេសអ៊ុយក្រែន នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឆ្ពោះទៅកាន់រាជធានីអូស្លូ (Oslo) ប្រទេសន័រវែស ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ និងចូលរួមពិធីបុណ្យព្រះសព ព្រះអង្គ ហារ៉ាល់ទី៥ ព្រះមហាក្សត្រន័រវែស ដែលទើបចូលព្រះទិវង្គត។ យន្តហោះរបស់លោក មិនមែនហោះត្រង់ពីអ៊ុយក្រែន ចូលទៅន័រវែសតែម្ដងនោះទេ គឺត្រូវចុះចតនៅអាកាសដ្ឋានរដ្ឋធានីជីស៊ីណូ (Chisinau) ប្រទេសម៉ុលដាវី (Moldavia) ជាមុនសិន ហើយត្រូវហោះបន្តទៅកាន់រាជធានីអូស្លូ ប្រទេសន័រវែស។ 

 យន្តហោះរបស់ប្រធានាធិបតីអ៊ុយក្រែន
 យន្តហោះរបស់ប្រធានាធិបតីអ៊ុយក្រែន

ភាពភ្ញាក់ផ្អើលបានកើតឡើង! ពេលយន្តហោះរបស់ប្រធានាធិបតីអ៊ុយក្រែន រៀបនឹងហោះចេញពីរដ្ឋធានីជីស៊ីណូ បន្តទៅកាន់រាជធានីអូស្លូ ប្រទេសន័រវែស ក៏ស្រាប់តែមានដ្រូន២គ្រឿង ហោះចូលក្នុងព្រលានយន្តហោះ។ បើតាមសារព័ត៌មាន Reuters ក្នុងចំណោមដ្រូនទាំង២គ្រឿងនោះ មានដ្រូន១គ្រឿង ហោះទៅជិតយន្តហោះរបស់លោក ហ្សេឡេនស្គី។ លោក ចូណាស់ ហ្ការ ស្ទឺ (Jonas Gahr Støre) នាយករដ្ឋមន្រ្តីន័រវែស និយាយទាំងបុកពោះថា យន្តហោះរបស់លោក ហ្សេឡេនស្គី ស្ទើរតែត្រូវវាយប្រហារ ដោយសារដ្រូនទៅហើយ។ ទោះជាយ៉ាងណា ដ្រូនទាំង២គ្រឿងនោះ ពុំបានផ្ទុះ ក្នុងព្រលានយន្តហោះនោះទេ។  

រូបតំណាង មិនមែនជារូបដ្រូនដែលហោះទៅក្បែរយន្តហោះរបស់ប្រធានាធិបតីអ៊ុយក្រែននោះទេ។ 
រូបតំណាង មិនមែនជារូបដ្រូនដែលហោះទៅក្បែរយន្តហោះរបស់ប្រធានាធិបតីអ៊ុយក្រែននោះទេ។ 

យន្តហោះរបស់លោក ហ្សេឡេនស្គី បានផ្អាកចេញដំណើរមួយស្របក់ធំ ដោយរង់ចាំរហូតដ្រូនទាំង២គ្រឿងនោះ ហោះចាកចេញ ហើយក្នុងចំណោម២គ្រឿងនោះ មាន១គ្រឿង ត្រូវបានរាយការណ៍ថា បានហោះទៅបំផ្ទុះនៅទីវាលមួយកន្លែង។ ក្រោយមក យន្តហោះរបស់លោក ហ្សេឡេនស្គី ក៏ចេញដំណើរ និងបានទៅដល់ប្រទេសន័រវែស ដោយរសុវត្ថិភាព។ ក្រោយគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រន័រវែស រួច លោក ហ្សេឡិនស្គី មិនទាន់វិលទៅអ៊ុយក្រែនវិញនោះទេ ដោយបន្តទៅបំពេញទស្សនកិច្ចនៅកាណាដា លោកបានទៅដល់កាណាដា នៅថ្ងៃទី១០ ខែកញ្ញានេះ។    

លោក ហ្សេឡេនស្គី និងភរិយា ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រន័រវែស។
លោក ហ្សេឡេនស្គី និងភរិយា ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រន័រវែស។

សមត្ថកិច្ចប្រទេសម៉ុលដាវី និងសមត្ថកិច្ចប្រទេសអ៊ុយក្រែន អះអាងដូចគ្នាថា ដ្រូនទាំង២គ្រឿង ជាដ្រូនរបស់រុស្ស៊ី។ ពីរដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី ទៅរដ្ឋធានីជីស៊ីណូ ប្រទេសម៉ុលដាវី មានប្រវែងជាង១១០០គីឡូម៉ែត្រ។ សម្តីរបស់សមត្ថកិច្ចម៉ុលដាវី ចុះផ្សាយ ដោយសារព័ត៌មាន AP ហើយសម្តីសមត្ថកិច្ចអ៊ុយក្រែន ចុះផ្សាយដោយសារព័ត៌មាន Financial Times។ គេកំពុងរង់ចាំមើលប្រតិកម្មពីខាងរុស្ស៊ី។ ជាង៤ឆ្នាំហើយ ដែលរុស្ស៊ី ជាប្រទេសធំជាងគេលើពិភពលោក និងអ៊ុយក្រែន ជាកូនប្រទេសតូចមួយ មានសង្គ្រាមជាមួយគ្នា ដោយគេមើលឃើញថា រុស្ស៊ីជាអ្នកចាប់ផ្តើមមុន។ 

ដ្រូនរុស្ស៊ី
ដ្រូនរុស្ស៊ី

មួយរយៈចុងក្រោយនេះ រុស្ស៊ី និងអ៊ុយក្រែន ចាប់ផ្តើមប្រើដ្រូនក្នុងការវាយប្រហារគ្នាទៅវិញទៅមក អាចនិយាយបានថា ប្តូរពីការកាន់កាំភ្លើងបាញ់គ្នា មកប្រើដ្រូនបង្ហោះទៅកម្ទេចគ្នា។ អ៊ុយក្រែន បានយកដ្រូនធ្វើជាចំណុចខ្លាំងរបស់ខ្លួន ក្នុងការទប់ទល់នឹងរុស្ស៊ី ជាមហាអំណាច។ ប្រទេសមួយចំនួននៅអឺរ៉ុប បានជួយអ៊ុយក្រែនពីក្រោយ ក្នុងការផលិតដ្រូនប្រយុទ្ធដោយខ្លួនឯង៕ 

ដ្រូនអ៊ុយក្រែន
ដ្រូនអ៊ុយក្រែន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត