
រាជធានីតូក្យូ៖ អត្តពលិកកីឡាអាស៊ី (Asian Games) រាប់ពាន់នាក់ ត្រូវបានណែនាំជម្លៀសចេញបន្ទាន់ ពីកន្លែងស្នាក់នៅរបស់ពួកគេ ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង នៅទីក្រុងណាហ្គោយ៉ា (Nagoya) ជាទីរៀបចំព្រឹត្ដិការណ៍កីឡានេះ ខណៈការប្រកួតបានចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍ទី១០ ខែកញ្ញានេះតែម្ដង...។

យោងតាមតាមទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានឱ្យដឹងថា ទឹកភ្លៀងបានហូរចូលទៅក្នុងទីកន្លែងប្រកួតមួយចំនួន ខណៈមានការព្យាករអំពីអាកាសធាតុ ថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ កាលពីថ្ងៃអង្គារ ភ្លៀងបានធ្លាក់យ៉ាងខ្លាំង នៅក្នុងកម្រិតប្រហែល១០៤មិល្លីម៉ែត្រ ក្នុងរយៈពេលត្រឹមតែមួយម៉ោង នៅតំបន់មួយចំនួន នៃទីក្រុងណាហ្គោយ៉ា (Nagoya) ជាទីដែលកំពុងរៀបចំព្រឹត្ដិការណ៍ប្រកួតកីឡាអាស៊ី (Asian Games)។ ស្របគ្នានេះ មន្ត្រីរដ្ឋបាលក្រុង បានចេញបញ្ជាឱ្យមានការជម្លៀសប្រជាជន ចេញពីតំបន់មួយចំនួននៃទីក្រុង។ រីឯរថយន្តនានា ត្រូវបានបង្ខំចិត្តបើកឆ្លងកាត់ផ្លូវដែលមានទឹកលិចលង់យ៉ាងខ្លាំង បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍យ៉ាងណែនណាន់តាន់តាប់ ដោយទឹកបានហូរចូលទៅក្នុងស្ថានីយរថភ្លើងក្រោមដី។

បើតាមក្រុមអ្នកវិទ្យាសាស្រ្ត បានលើកឡើងថា ការប្រែប្រួលអាកាសធាតុ បង្កឡើងដោយសកម្មភាពរបស់មនុស្ស កំពុងបង្កើនភាពញឹកញាប់ និងកម្រិតធ្ងន់ធ្ងរ នៃព្រឹត្តិការណ៍អាកាសធាតុនានា ទាំងនៅក្នុងប្រទេសជប៉ុន និងតំបន់ផ្សេងៗទៀត។អាជ្ញាធរកំពង់ផែណាហ្គោយ៉ា បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP ថា អត្តពលិករាប់ពាន់នាក់ ដែលកំពុងស្នាក់នៅតំបន់ឧទ្យានរបស់ទីក្រុងនេះ ត្រូវបានណែនាំឱ្យចាកចេញទៅកាន់ទីមានសុវត្ថិភាព។ អត្តពលិកទាំងនោះ អាចនឹងវិលត្រឡប់មកវិញ ល្គឹកណា មានការជូនដំណឹងជាថ្មីពីអាជ្ញាធរ។

ព្រឹត្ដិការណ៍ Asian Games នឹងចាប់ផ្ដើមបើកដំណើរការជាផ្លូវការនៅថ្ងៃទី១៩ ខែកញ្ញា ប៉ុន្ដែការប្រកួតកីឡាមួយចំនួន កំពុងចាប់ផ្ដើមនៅមុនពិធីនេះ ប្រកាសបើក។ ថ្វីបើទឹកភ្លៀងបានហូរចូលទៅក្នុងកន្លែងប្រកួតមួយចំនួនក្ដី ប៉ុន្ដែអភិបាលក្រុងណាហ្គោយ៉ា លោក អ៊ីឈីរ៉ូ ហ៊ីរ៉ូសាវ៉ា (Ichiro Hirosawa) បញ្ជាក់ថា កន្លែងទាំងនោះ មិនបានរងផលប៉ះពាល់អ្វីធំដុំឡើយ ហើយថា ព្រឹតិ្ដការណ៍នេះ នឹងប្រព្រឹត្ដទៅតាមការគ្រោងទុក។ ផលប៉ះពាល់ គឺមានតិចតូច ដូចជា ភ្លៀងហូរចេញពីដំបូលអគារ តែស្ថានភាពមិនធ្ងន់ធ្ងររហូតធ្វើឱ្យប៉ះពាល់ដល់ពិធីបើកព្រឹត្ដិការណ៍ នៃការប្រកួត នៅថ្ងៃទី១៩កញ្ញានោះឡើយ។ បើផ្អែកលើស្ថានភាពបច្ចុប្បន្ន ខ្ញុំជឿជាក់ថា នឹងមិនមានឧបសគ្គអ្វីធំដុំ នៅក្នុងការរៀបចំការប្រកួតកីឡាអាស៊ី (Asian Games) នោះទេ»។

ទោះជាយ៉ាងណាក៏ដោយ គេរំពឹងថា នឹងមានអត្តពលិក និងមន្ត្រី មកពីប្រទេសផ្សេងៗជាង១៧០០០នាក់ ចូលរួមក្នុងព្រឹត្ដិការណ៍កីឡាអាស៊ីមួយនេះ ហើយវាជាចំនួនដ៏ច្រើនជាងចំនួនអ្នកចូលរួម នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទៅទៀត។ ដោយឡែក ទីភ្នាក់ងារអាកាសធាតុជប៉ុន កាលពីថ្ងៃពុធ បានចេញការព្រមានមួយ អំពីភ្លៀងធ្លាក់ខ្លាំង និងការរអិលបាក់ដី ដោយគេរំពឹងថា ភ្លៀងនឹងបន្តធ្លាក់ជាដំណាក់កាល រហូតដល់ថ្ងៃព្រហស្បតិ៍ នៅតាមតំបន់ជាច្រើន នៃប្រទេសជប៉ុន រួមទាំងខេត្តអៃឈិ (Aichi) ជាទីរៀបចំព្រឹត្ដិការណ៍ នៃការប្រកួតកីឡាអាស៊ី (Asian Games) នេះផងដែរ៕




