មិនត្រឹមពង្រីកខែលការពារជាតិឱ្យខ្លាំងទេ ជប៉ុន កំពុងក្លាយជាឈ្មួញជួញអាវុ.ធទៅកាន់ទីផ្សារពិភពលោកយ៉ាងស្ងៀមស្ងាត់
ហៀប ស៊ីថេត
3 ម៉ោងមុន

រាជធានីតូក្យូ៖ នៅក្នុងបរិបទភូមិសាស្ត្រនយោបាយពិភពលោកវឹកវរ រីឯសន្តិសុខអន្តរជាតិ ក៏កំពុងជួបប្រទះនូវការប្រែប្រួល ក្រឡាប់ចក្រ និងស្មុគស្មាញ កត្តានេះបានបង្ខំឱ្យបណ្តាប្រទេសជាច្រើន ត្រូវកែសម្រួលយុទ្ធសាស្ត្រការពារជាតិរបស់ខ្លួនជាចាំបាច់។ ក្នុងចំណោមនោះ ប្រទេសជប៉ុនដែលធ្លាប់តែប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិនិយមយ៉ាងខ្ជាប់ខ្ជួន ចាប់តាំងពីផ្លាស់ប្ដូររដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧មក ឥឡូវនេះ ជប៉ុនបាននិងកំពុងបោះជំហានឈានជើងចូលប្រឡូកមកក្នុងទីផ្សារអាវុធ និងបច្ចេកវិទ្យាយោធាសកល។ ការប្រែប្រួលនេះ មិនត្រឹមតែជាការផ្លាស់ប្ដូរនយោបាយក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញានៃការរៀបចំសណ្តាប់ធ្នាប់សន្តិសុខឡើងវិញ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។

ដើមហេតុចម្បងដែលជំរុញឱ្យរាជធានីតូក្យូ សម្រេចចិត្តលុបចោលនូវរបាំងនយោបាយជាច្រើនទសវត្សរ៍ គឺការកើនឡើងនៃហានិភ័យយុទ្ធសាស្ត្រ ជុំវិញដែនដីរបស់ខ្លួន។ ការពង្រីកឥទ្ធិពលយោធាយ៉ាងគំហុករបស់ចិន ការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលដូចភ្លៀងរលឹមពីសំណាក់មេដឹកនាំផ្តាច់ការកូរ៉េខាងជើង ព្រមទាំងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យថ្នាក់ដឹកនាំជប៉ុន យល់ឃើញយ៉ាងច្បាស់ថា ការពឹងផ្អែកតែលើកម្លាំងស្វ័យការពារក្នុងស្រុក និងជ្រកក្រោមម្លប់សន្តិនិយមជ្រុល លែងជាខែលការពារដ៏មានប្រសិទ្ធភាពទៀតហើយ។ លើសពីនេះ វិបត្តិសេដ្ឋកិច្ច និងប្រាក់ចំណេញទាបនៃក្រុមហ៊ុនផលិតអាវុធក្នុងស្រុក ដែលធ្លាប់ផលិតក្នុងបរិមាណតិចតួចសម្រាប់តែតម្រូវការកងទ័ពជប៉ុនខ្លួនឯង ក៏បានទាមទារឱ្យមានការកែទម្រង់ជាបន្ទាន់ តាមរយៈការបើកច្រកនាំចេញ ដើម្បីកាត់បន្ថយដើមទុន និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យមានស្ថិរភាព។

ផ្អែកលើការផ្លាស់ប្ដូរនេះ ជប៉ុនបានកែសម្រួលលិខិតបទដ្ឋានគតិយុត្តជាច្រើនដំណាក់កាល រហូតដល់ការបើកផ្លូវឱ្យមានការនាំចេញអាវុធ និងឧបករណ៍យោធាធុនធ្ងន់ទៅកាន់បណ្តាប្រទេសសម្ព័ន្ធមិត្ត។ សមិទ្ធផលជាក់ស្តែងនៃគោលនយោបាយថ្មីនេះ រួមមាន៖ ការចុះកិច្ចសន្យាផ្គត់ផ្គង់នាវាល្បាតថ្នាក់ Mogami ទៅឱ្យប្រទេសអូស្ត្រាលី, ការបញ្ជូនប្រព័ន្ធរ៉ាដាស៊ើបការណ៍អាកាសទំនើបទៅឱ្យប្រទេសហ្វីលីពីន, ការបញ្ជូនគ្រាប់មីស៊ីល Patriot ប្រភេទ PAC-3 ត្រឡប់ទៅឱ្យសហរដ្ឋអាម៉េរិក ព្រមទាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍយន្តហោះប្រយុទ្ធជំនាន់ទី៦ ជាមួយអង់គ្លេស និងអ៊ីតាលី។ ជំហានទាំងនេះ បញ្ជាក់ថា ជប៉ុនលែងត្រឹមតែជាអ្នកទិញ ឬគ្រាន់តែការពារខ្លួនឯងទៀតហើយ ប៉ុន្តែអតីតបងធំជំនាន់សង្គ្រាមលោកលើកទី២ មួយនេះ កំពុងក្លាយជាតួអង្គផ្គត់ផ្គង់យុទ្ធោបករណ៍ដ៏សំខាន់មួយក្នុងតំបន់ និងពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងក្នុងការរលាស់ខ្លួនក្លាយជាអ្នកនាំចេញអាវុធឈានមុខគេ នៅតែប្រឈមមុខនឹងឧបសគ្គធំៗជាច្រើន ព្រោះថា ជប៉ុននៅខ្វះខាតបទពិសោធទីផ្សារសព្វាវុធអន្តរជាតិ ប្រព័ន្ធគាំទ្របច្ចេកទេសក្រោយការលក់ បណ្តាញបណ្ដុះបណ្ដាល និងខ្សែច្រវាក់នៃការនាំចេញ បើធៀបទៅនឹងប្រទេសគូប្រជែងក្នុងតំបន់ដូចជាកូរ៉េខាងត្បូង ជាដើម។ ថ្វីបើយ៉ាងនេះក្ដី ការផ្លាស់ប្ដូរទិសដៅនយោបាយយោធារបស់ជប៉ុន គឺជាឆ្លើយតបយ៉ាងសមស្រប ទៅនឹងតម្រូវការសន្តិសុខជាក់ស្តែងក្នុងយុគសម័យថ្មី។ ទោះបីជាត្រូវជួបប្រទះនូវបញ្ហាក្នុងស្រុក និងបច្ចេកទេសមួយចំនួនក្ដី ប៉ុន្តែការឈានជើងចូលទីផ្សារអាវុធសកលរបស់ជប៉ុន នឹងក្លាយជាកត្តាផ្លាស់ប្ដូរទ្រនិចនៃជញ្ជីងអំណាច និងស្ថិរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនាពេលអនាគត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត