បា.ញ់បោះយ៉ាងអាណាធិបតេយ្យនៅថៃ! ឃាតកដកកាំភ្លើងបា.ញ់សម្លា.ប់ម្ចាស់ហាងគុយទាវឆៅៗនៅកណ្តាលផ្សារ
ហៀប ស៊ីថេត
21 ម៉ោងមុន

ខេត្តលប់បុរី៖ ម្ចាស់ហាងគុយទាវអាយុ ៦១ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់នៅផ្សាររាត្រីមួយក្នុងខេត្តលប់បុរី (Lop Buri) ប្រទេសថៃ កាលពីយប់ថ្ងៃពុធទី២ ខែកញ្ញា ដោយមានការសង្ស័យជាបឋមថា អាចពាក់ព័ន្ធនឹងបញ្ហាប្រាក់កម្ចី ខណៈឃាតក បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ នេះយោងតាមសម្តីសមត្ថកិច្ច ហើយត្រូវបានចុះផ្សាយដោយកាសែតខាវសត នៅថ្ងៃទី៤ ខែកញ្ញា។

ប៉ូលិសបានទៅផ្សាររាត្រីស្រះកែវ (Sa Kaeo) ក្នុងសង្កាត់ថែលជួបសុន (Thale Chup Son) ស្រុកមឿងលប់បុរី (Mueang Lop Buri) កាលពីថ្ងៃទី៣ ខែកញ្ញា។ ម្ចាស់ហាងគុយទាវ ឈ្មោះ ផែនភក្រ (Phenphak) ត្រូវបានគេប្រទះឃើញស្លាប់នៅពីក្រោយហាងគុយទាវទាអាំងរបស់ខ្លួន ដោយមានរបួសត្រូវគ្រាប់កាំភ្លើងចំទ្រូងខាងឆ្វេង និងដៃឆ្វេង។ នៅចម្ងាយប្រហែល ២០ម៉ែត្រពីទីនោះ បុរសអាយុ ៦៤ឆ្នាំម្នាក់ ឈ្មោះ គូគៀត (Kookiat) ត្រូវបានគេរកឃើញថារងរបួសធ្ងន់ធ្ងរដោយសារគ្រាប់កាំភ្លើងចំក្បាល។ ក្រោយមក បុរសរូបនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យឃីងណារៃ (King Narai) តែមិនអាចជួយសង្គ្រោះបាន ដោយនៅតែបាត់បង់ជីវិត។

ប៉ូលិសបានបញ្ជាក់ថា ការស៊ើបអង្កេតដំបូងបានបង្ហាញថា លោក គូគៀត បានបាញ់លោក ផែនភក្រ មុនពេលបែរការណុងកាំភ្លើងបាញ់ខ្លួនឯង។ មន្ត្រីប៉ូលិសបានរកឃើញកាំភ្លើងមួយដើមនៅក្នុងដៃរបស់លោក  គូគៀត និងមួយដើមទៀតនៅក្នុងហោប៉ៅខោ ព្រមទាំងគ្រាប់កាំភ្លើងចំនួនបីបង់។ បុរសទាំង២នាក់នោះ ត្រូវបានគេរាយការណ៍ថាបានឈ្លោះប្រកែកគ្នាជាច្រើនដង ជុំវិញប្រាក់ដែលបានខ្ចីគ្នាយូរមកហើយ ប៉ុន្តែព័ត៌មានថៃ មិនទាន់បញ្ជាក់ឱ្យច្បាស់នោះទេថា ខាងណាជំពាក់ខាងណា។ គេសង្កេតឃើញថា ថ្វីបើថៃកំពុងព្យាយាមរឹតបន្តឹងទៅលើច្បាប់កាន់កាំភ្លើងក៏ដោយ ប៉ុន្តែការបាញ់ប្រហារគ្នា នៅតែបន្តផ្ទុះឡើងដូចភ្លៀងរលឹមដដែល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត