
បទវិចារណកថា៖ កាសែតជប៉ុនដ៏ល្បីឈ្មោះ Nikkei Asia (និកកេ អេហ្ស៊ើ) បានចុះផ្សាយអត្ថបទវិចារណកថាមួយ កាលពីថ្ងៃទី២៤ ខែឧសភា ដោយលើកឡើងអំពីការវាយប្រហារលើប្រាសាទព្រះវិហារពីសំណាក់យោធាថៃ។ ម្ចាស់អត្ថបទវិចារណកថានេះ គឺលោក ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាអតីតអគ្គនាយករងបេតិកភណ្ឌវប្បធម៌នៃក្រសួងវប្បធម៌កម្ពុជា។ ខ្លឹមសារនៃអត្ថបទ បានបង្ហាញឱ្យឃើញចំណុចដ៏សំខាន់ថា ការវាយប្រហារលើប្រាសាទព្រះវិហារ មិនមែនគ្រាន់តែជាការខូចខាតរបស់កម្ពុជាតែម្នាក់ឯងនោះទេ ប៉ុន្តែវាជាការបំផ្លិចបំផ្លាញដល់បេតិកភណ្ឌវប្បធម៌ពិភពលលោករបស់មនុស្សជាតិទាំងមូលតែម្តង។

ប្រាសាទព្រះវិហារ ដែលត្រូវបានកសាងឡើងដោយព្រះមហាក្សត្រខ្មែរចាប់ពីចុងសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១២ គឺជាស្នាដៃឯកនៃស្ថាបត្យកម្មខ្មែរ និងជាទីកន្លែងសក្ការៈបូជាដ៏ខ្ពង់ខ្ពស់បំផុតមួយ។ នៅក្នុងឆ្នាំ២០០៨ អង្គការ UNESCO បានទទួលស្គាល់ប្រាសាទនេះជាបេតិកភណ្ឌពិភពលោក ដោយសារតម្លៃវប្បធម៌ដ៏វិសេសវិសាល។ ទោះបីជាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានបញ្ជាក់ពីអធិបតេយ្យភាពរបស់កម្ពុជាលើប្រាសាទព្រះវិហារដល់ទៅ២ដងក្តី គឺនៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ក៏ទីតាំងសក្ការៈនេះនៅតែបន្តរងការគំរាមកំហែង ពីភាគីថៃ។ បច្ចុប្បន្ន ប្រាសាទព្រះវិហារកំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហារដោយកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើអាកាសយ៉ាងខ្លាំងក្លាពីសំណាក់យោធាថៃ អំឡុងពេលជម្លោះព្រំដែន កាលពីចុងឆ្នាំ២០២៥។

ផ្ទាំងថ្មមានស្នាមរបកថ្មីៗ និងរចនាសម្ព័ន្ធប្រាសាទជាច្រើនបានទ្រុឌទ្រោម, កាំជណ្តើរ និងខ្លោងទ្វាររងការខូចខាតយ៉ាងដំណំ រហូតដល់កន្លែងខ្លះសឹងតែមើលមិនស្គាល់, កម្ទេចកម្ទី និងគ្រាប់មិនទាន់ផ្ទុះ (រួមទាំងគ្រាប់បែកចង្កោម) នៅតែបន្តរាយប៉ាយពេញបរិវេណប្រាសាទ, ហើយផ្នែកខ្លះនៃប្រាសាទ អាចនឹងប្រឈមនឹងការបាក់ស្រុតនៅក្នុងរដូវវស្សាខាងមុខ..ទាំងនេះជាការរៀបរាប់ក្នុងអត្ថបទរបស់បញ្ញវន្តខ្មែរ។ លោក ហេង សុផាឌី គូសរំលេចថា អាណាចក្របេតិកភណ្ឌពិភពលោកមិនអាចក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារតាមអាកាស ឬកាំភ្លើងធំបានឡើយ។ «ប្រសិនបើប្រាសាទព្រះវិហារពិតជាមានតម្លៃសម្រាប់ប្រទេសថៃ ដូចដែលពួកគេធ្លាប់អះអាងមែននោះ ពួកគេគួរតែការពារ មិនមែនបំផ្លាញនោះទេ» នេះជាសំណេរប្រកបដោយហេតុផល ឬឡូហ្ស៊ិក (Logic) របស់លោក ហេង សុផាឌី ហើយត្រូវបានដកស្រង់ដោយការសែត Nikkei Asia។

បច្ចុប្បន្ន ប្រាសាទព្រះវិហារត្រូវបានបិទ មិនឱ្យចូលទស្សនាឡើយ ដើម្បីបើកផ្លូវឱ្យមានការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ និងវាយតម្លៃលើស្ថានភាពនៃប្រាសាទ។ ការស្តារឡើងវិញទាំងស្រុង អាចនឹងត្រូវចំណាយពេលរាប់ទសវត្សរ៍ និងត្រូវការធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយផ្នែកខ្លះដែលបានបាត់បង់ ប្រហែលជាមិនអាចកែខៃឱ្យដូចដើមវិញបានឡើយ។ ជាចុងក្រោយ លោក ហេង សុផាឌី បានផ្ញើសារទៅកាន់សហគមន៍អន្តរជាតិ «កុំចាត់ទុកការបំផ្លិចបំផ្លាញនេះ ជាផលវិបាកតូចតាចនៃជម្លោះព្រំដែន» ហើយអង្គការ UNESCO ត្រូវដើរតួនាទីកណ្តាលក្នុងការចងក្រងឯកសារនៃការបំផ្លិចបំផ្លាញ ក៏ដូចជាជួយសម្របសម្រួលការការពារ និងស្តារឡើងវិញក្នុងរយៈពេលវែង។ ជាងនេះទៅទៀត ស្ថាប័នអន្តរជាតិ ត្រូវថ្កោលទោសឱ្យបានខ្លាំងក្លាចំពោះការវាយប្រហារទាំងនេះ និងបញ្ឈប់រាល់សកម្មភាពយោធាទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់ប្រាសាទ។ ប្រសិនបើសហគមន៍អន្តរជាតិនៅតែបន្តរក្សាភាពស្ងប់ស្ងាត់ នោះរាល់ការការពារបេតិកភណ្ឌពិភពលោក នឹងលែងមានតម្លៃពិតប្រាកដទៀតហើយ៕





