១០ឆ្នាំកន្លងផុតទៅ លោក មីន អ៊ុងឡាំង មកកម្ពុជាម្តងទៀត, ដូរពីអាវមេទ័ព មកអាវប្រធានាធិបតីវិញម្តង
អុន សម្ផស្ស
26 នាទីមុន

រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ប្រធានាធិបតីភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) នឹងផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦..។

ព្រះមហាក្សត្រកម្ពុជា
ព្រះមហាក្សត្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសទស្សនកិច្ចនេះ លោក មីន អ៊ុងឡាំង នឹងមានជំនួបកំពូលជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាការយកចិត្តទុកដាក់រួម។ 

សម្តេចតេជោ ហ៊ុន សែន និងលោក មីន អ៊ុងឡាំង
សម្តេចតេជោ ហ៊ុន សែន និងលោក មីន អ៊ុងឡាំង

ជាមួយគ្នា មេដឹកនាំភូមារូបនេះ ក៏នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប«ព្រះបរម រតនកោដ្ឋ»។ ក្រសួងការបរទេសកម្ពុជា ចាត់ទុកទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អ៊ុងឡាំង ថាបញ្ជាក់អំពីគោលបំណងរួមក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏កក់ក្ដៅ រវាងប្រទេស និងប្រជាជនទាំងពីរ។ 

សម្តេចធិបតី និងលោក មីន អ៊ុងឡាំង
សម្តេចធិបតី និងលោក មីន អ៊ុងឡាំង

សូមរម្លឹកទៅក្រោយបន្តិច! កាលពី១០ឆ្នាំមុន គឺអំឡុងឆ្នាំ២០១៧ លោក មីន អ៊ុងឡាំង ដែលកាលនោះ នៅជាអគ្គមេបញ្ជាកងទ័ព បានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ នៅដើមឆ្នាំ២០២១ លោក បានដឹកនាំធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ពីអំណាច ហើយសង្គ្រាមស៊ីវិលក៏ផ្ទុះឡើង។ ក្រោយមានរដ្ឋប្រហារនៅភូមា សម្តេចតេជោ ហ៊ុន សែន កាលនៅធ្វើជានាយករដ្ឋមន្រ្តីកម្ពុជា បានទៅដល់ភូមា និងបានជួបលោក មីន អ៊ុងឡាំង ដោយផ្ទាល់ ដើម្បីជួយរកដំណោះស្រាយ។

លោក មីន អ៊ុងឡាំង (ពាក់ឯកសណ្ឋានស៊ីវិល) ទៅដល់វៀតណាម មុននឹងបន្តទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០១៧។ 
លោក មីន អ៊ុងឡាំង (ពាក់ឯកសណ្ឋានស៊ីវិល) ទៅដល់វៀតណាម មុននឹងបន្តទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០១៧។ 

នៅចុងឆ្នាំ២០២៥ ភូមាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធា ក៏ចាប់ផ្តើមរៀបចំការបោះឆ្នោត ដោយគ្មានវត្តមានគណបក្សខាងលោកស្រី អ៊ុងសាន ស៊ូជី ហើយគណបក្សរបស់លោក មីន អ៊ុងឡាំង ក៏បានទទួលជ័យជម្នះ។ ជំហានចុងក្រោយ លោក មីន អ៊ុងឡាំង ក៏លាលែងពីតំណែងមេទ័ព ហើយទៅធ្វើជាប្រធានាធិបតីជាតំណែងកំពូលផុតលេខវិញម្តង។ នៅមេសា ឆ្នាំ២០២៦ លោក បានស្បថចូលកាន់តំណែងប្រធានាធិបតីជាផ្លូវការ៕ 

លោក មីន អ៊ុងឡាំង និងលោកស្រី អ៊ុងសាន ស៊ូជី កាលមិនទាន់មានរដ្ឋប្រហារ
លោក មីន អ៊ុងឡាំង និងលោកស្រី អ៊ុងសាន ស៊ូជី កាលមិនទាន់មានរដ្ឋប្រហារ
សង្គ្រាមស៊ីវិលនៅភូមា
សង្គ្រាមស៊ីវិលនៅភូមា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត