ឈប់​យល់​ច្រឡំ​ ​ត្មាត​ជា​សត្វ​កាច​សាហាវ​..? វត្តមានពួកវា ​ជួ​យ​ការ​ពារ​សហគមន៍​មនុស្ស ​និង​បរិស្ថាន
S
Sreyleak Yith
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ​ត្មាត​ ជាសត្វមិនសម្លាប់សត្វដទៃធ្វើជាអាហារទេ ពួកវាស៊ីសាកសពស្អុយរលួយដែលងាប់ក្នុងព្រៃ និងក្បែរសហគមន៍ ដែលអាចជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងនានា និងជួយបង្កើនជីវភាពសហគមន៍តាមរយៈអេកូទេសចរណ៍។ សត្វ​ត្មាត មិន​​កាច​សាហាវ​ឡើយ​ ផ្ទុយ​ទៅ​វិញវាជា​សត្វ​មានអត្តចរិតស្លូត និងតែងរស់​នៅ​ហើយស៊ី​ចំណី​ជុំ​គ្នា​ជា​ក្រុម​ និងចូល​ចិត្ត​រស់​នៅ​ដោយ​ស្ងប់​ស្ងាត់ ​ក្នុង​ព្រៃ​ឆ្ងាយ​ដាច់ស្រយាល​...។

អង្គការសមាគមអភិរក្សសត្វព្រៃ​​ ហៅកាត់ WCS បានឱ្យដឹងថា សត្វ​នេះ មានបីប្រភេទគឺ ត្មាត​ភ្លើង​ ត្មាត​ពណ៌ប្រផេះ និង​ត្មាត​ត្នោត​។ សត្វ​ត្មាត​ទាំង​បី​ប្រភេទ​នេះ​ ជា​ប្រភេទសត្វ​ទទួល​រង​គ្រោះ ​ជិត​ផុត​ពូជ​បំផុត​ក្នុង​សកល​លោក​។ សត្វ​ត្មាត​ មាន​សារធាតុ​អាស៊ីត​ខ្លាំង​ក្នុង​ក្រពះ​របស់​វា​ ដែល​អាច​កម្ចាត់​មេរោគ​កា​ច​សាហាវ​បាន​។ លក្ខណៈ​ពិសេសពីធម្មជាតិ​នេះ​ អាចធ្វើ​ឱ្យ​សត្វ​ត្មាត​ជួយ​ទប់​ស្កាត់​​ការ​ឆ្លង​រាល​ដាល​ជំងឺ​ពី​សត្វ​ទៅ​មនុស្ស​។ សត្វ​ត្មាត ​អាច​ស៊ី​សាក​សព​សត្វ​អស់​​យ៉ាង​លឿន​ ដែល​អាច​កម្ចាត់​មេរោគ​ចម្លង​ជំងឺ​បាន​ទាន់​ពេល និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺរាត​ត្បាត​ដូច​ជា ​ជំងឺ​ឆ្កែ​ឆ្កួត ​។ល។ តាម​រយៈ​ការ​សម្អាត​សាក​សព​សត្វ​ស្អុយ​រលួយ​ឱ្យ​អស់​ពី​ព្រៃ​ សត្វ​ត្មាត​ជួយ​រក្សា​ប្រភព​ទឹក​ និង​ប្រព័ន្ធ​អេកូ​ឡូស៊ី​ ឱ្យ​ស្អាត​ និង​មាន​សុខ​ភាព​។ នៅក្នុងពិភពសត្វព្រៃត្មាត ត្រូវបានគេទទួលស្គាល់ថា ជាសត្វគំរូ ដែលញី និងឈ្មោល ចេះចែករំលែកតួនាទីក្នុងការចិញ្ចឹមបីបាច់កូនស្មើៗគ្នា។ ពួកវា ក៏ជាប្រភេទសត្វជ្រើសរើសដៃគូតែមួយសម្រាប់ជីវិតផងដែរ។

សត្វត្មាតញី និងឈ្មោល បានចែករំលែកការទទួលខុសត្រូវ និងដូរវេនគ្នាក្រាបពង ដែលបង្ហាញពីការងារ និងការយកចិត្តទុកដាក់មើលថែពូជពង្ស បានយ៉ាងល្អ។ មិនថាស្ថិតនៅក្នុងព្រៃ ឬនៅក្នុងទីកន្លែងណានោះទេ ត្មាតញី និងឈ្មោល តែងចូលរួមដោយស្មើភាពគ្នា ក្នុងការចិញ្ចឹមកូន បង្ហាញពីតុល្យភាពដ៏គួរឱ្យកត់សម្គាល់ នៅក្នុងតួនាទីរបស់ពួកវា។ លើសពីនេះ ការប្តេជ្ញាចិត្តរបស់ត្មាតញី និងឈ្មោល ក្នុងការចិញ្ចឹមកូន បានបង្ហាញពីគំរូសមភាពយេនឌ័រ ដ៏គួរឱ្យស្ញប់ស្ញែងនៅក្នុងជីវិតធម្មជាតិ។ ដូច្នេះ បើលោកអ្នកបានឃើញសត្វត្មាត នៅថ្ងៃណាមួយ សូមចងចាំថា សត្វដ៏អស្ចារ្យនេះ មិនគ្រាន់តែជាសត្វដែលជួយសម្អាតបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែពួកវាក៏ជាគំរូល្អក្នុងតួនាទីជាឪពុកម្តាយ និងសមភាពយេនឌ័រផងដែរ៕



អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត