
រាជធានីភ្នំពេញ៖ ផ្អែកលើប្រវត្ដិសាស្ត្រ ដែលមានអាយុកាលរាប់សិបសតវត្សរ៍មកហើយ ពោលគឺចាប់តាំងពីជនជាតិសៀម រត់ចេញពីប្រទេសចិន មកសុំការជ្រកកោន នៅក្នុងដែនដីនៃចក្រភពខ្មែរ ហើយបានប្រមែប្រមូលកម្លាំង វាយប្លន់យកទឹកដីរបស់ខ្មែរ និងបានបង្កើតជានគរ នៅក្នុងអំឡុងចុងសតវត្សរ៍ទី១២ ដើមសតវត្សរ៍ទី១៣ និងបន្តរហូតមកដល់បច្ចុប្បន្ន មេដឹកនាំជាតិសាសន៍មួយនេះ តែងតែចិញ្ចឹមមហិច្ឆតា ត-ជំនាន់ ប្លន់យកទឹកដីខ្មែរ ដូចករណីឈ្លានពានទឹកដីកម្ពុជា នាពេលកន្លងមកថ្មីៗ ខណៈពិភពលោក បានចាប់ផ្ដើមដឹងពីសណ្ដានរបស់សៀម ដែលប្រែមកជាថៃ ជាពិសេសការខឹងសម្បារខុសរឿងរបស់អ្នកការទូត ដែលបាននិងកំពុងធ្វើខុសវិជ្ជាជីវៈ លើកិច្ចការអន្ដរជាតិ...។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានសរសេរនៅលើទំព័របណ្ដាញសង្គមរបស់លោក កាលពីពេលថ្មីៗនេះថា៖ ការខឹងសម្បាខុសរឿង៖ ភាពស្មោះត្រង់ ការទទួលខុសត្រូវ និងវិជ្ជាជីវៈក្នុងកិច្ចការអន្តរជាតិ តើអ្វីទៅ គឺជាការទទួលខុសត្រូវ ភាពស្មោះត្រង់ និងវិជ្ជាជីវៈនៅក្នុងកិច្ចការអន្តរជាតិ? តើវាគឺជាការទទួលខុសត្រូវដែរឬទេ សម្រាប់ប្រទេសមួយដែលប្រើប្រាស់កម្លាំងកងទ័ព ដើម្បីមកកាន់កាប់ដែនដីរបស់ប្រទេសជិតខាង ដោយបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់? តើវាមានក្រមសីលធម៌វិជ្ជាជីវៈដែរឬទេ ចំពោះប្រទេសមួយ ដែលបានជម្លៀសប្រជាជននៃប្រទេសជិតខាងរបស់ខ្លួន និងបង្កឱ្យមានទុក្ខវេទនាយ៉ាងធំធេងរាប់មិនអស់ដល់សហគមន៍នានា ដោយប្រើល្បិចកិច្ចកលថា គឺជាកិច្ចការទូតអន្តរជាតិនោះ? តើវាបង្ហាញនូវភាពស្មោះត្រង់ និងសុចរិតភាពដែរឬទេ ក្នុងការអះអាងថា ព្រំដែនរបស់ប្រទេសជិតខាង គឺជាដែនដីមានវិវាទ ក្នុងពេលដែលសហគមន៍អន្តរជាតិ និងតុលាការអន្តរជាតិ បានទទួលស្គាល់ព្រំដែនទាំងនោះ ជាច្រើនទសវត្សរ៍កន្លងមកហើយ? តើវាជាភាពស្មោះត្រង់ និងការទទួលខុសត្រូវដែរឬទេ ចំពោះប្រទេសមួយ ក្នុងការអះអាងថា ព្រំដែនទាំងនោះ គឺមិនមានយុត្តិធម៌ ទាំងដែលការកំណត់ត្រូវបានទទួលស្គាល់តាំងពីរាប់សតវត្សរ៍មកហើយ?

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានសរសេរបន្ដថា ឯកអគ្គរាជទូតថៃ ប្រចាំប្រទេសបារាំង គឺលោក នីករតេជ ប្លាងកូរ (นาย นิกรเดช พลางกูร) បានសម្ដែងការខឹងសម្បា ចំពោះរបាយការណ៍មួយនាពេលថ្មីៗនេះ ដែលបានចោទប្រកាន់ថា លោក និង(ប្រហែលជាមន្ត្រីថៃដទៃទៀត) បានព្យាយាមប្រើឥទ្ធិពលលើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ជាមួយប្រទេសផ្សេងៗ ក្នុងគោលបំណងបញ្ចៀសមិនឱ្យជម្លោះព្រំដែននេះ ក្លាយជាបញ្ហាអន្តរជាតិ។ លោកបានច្រានចោលការចោទប្រកាន់ទាំងនោះ ថា គឺជាព័ត៌មានមិនពិត ដោយលើកឡើងអំពីគោលការណ៍នៃភាពស្មោះត្រង់ ការទទួលខុសត្រូវ វិជ្ជាជីវៈ និងសារសំខាន់នៃការនិយាយការពិតនៅក្នុងបញ្ហានេះ។ ទោះបីជាយ៉ាងណា មិនថា លោក នីករតេជ ប្លាងកូរ មានភាពត្រឹមត្រូវច្រើន ឬតិចប៉ុនណា ក្នុងការឆ្លើយតបទៅនឹងអត្ថបទនោះ វាគឺមិនមែនជាបញ្ហាធំបំផុត ដែលស្ថិតនៅចំពោះមុខយើង ក្នុងពេលនេះឡើយ។

បញ្ហាដែលសំខាន់ជាងនេះទៅទៀត គឺថា..តើនរណាអាចកំណត់វាស់វែងនិយមន័យ នៃភាពស្មោះត្រង់ ការទទួលខុសត្រូវ វិជ្ជាជីវៈ និងការនិយាយការពិតក្នុងកិច្ចការអន្តរជាតិបានដោយរបៀបណា? ក្នុងកាលៈទេសៈដែលប្រទេសមួយកំពុងប្រើកម្លាំងកងទ័ពកាន់កាប់ដែនដីរបស់ប្រទេសជិតខាងខ្លួន។ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានបន្ដថា គោលការណ៍ នៃកាតព្វកិច្ចទទួលខុសត្រូវ ភាពស្មោះត្រង់ និងវិជ្ជាជីវៈ គឺមិនមែនមានដែនកំណត់ ចំពោះតែសមាជិកម្នាក់ៗ នៃសហគមន៍អន្តរជាតិនោះទេ ប៉ុន្តែវាជាគោលការណ៍ដែលត្រួតពិនិត្យ និងដឹកនាំអាកប្បកិរិយារបស់រដ្ឋនានា នៅក្នុងសហគមន៍អន្តរជាតិទាំងមូល ហើយវិវាទព្រំដែនទាំងស្រុងនេះ គឺជាភស្តុតាងស្តែងឱ្យឃើញអំពីការបាក់បែក និងការខកខាននៃគោលការណ៍ទាំងនេះ។ ដូច្នេះហើយ ការខឹងសម្បារបស់ឯកអគ្គរាជទូតថៃ លោក នីករតេជ ប្លាងកូរ ហាក់ដូចជាខុសទិសដៅទាំងស្រុងពីបញ្ហាស្នូល ដែលកំពុងកើតឡើង។

សូមរម្លឹកឡើងវិញថា សង្គ្រាមឈ្លានពានរបស់ថៃ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា បានកើតឡើងចុងក្រោយ កាលពីឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ មានចំនួន២លើក ដោយលើកទី១ ចន្លោះពីថ្ងៃទី២៤-២៨ ខែកក្កដា និងលើកទី២ ចន្លោះពីថ្ងៃទី៧-២៧ ខែធ្នូ។ ថ្វីបើភាគីកម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់យ៉ាងណាក្ដី ក៏ទាហានថៃ នៅតែបន្ដរំលោភបំពានមកលើទឹកដីកម្ពុជា ជាបន្ដបន្ទាប់ និងបង្កើតភាពតានតឹង រហូតមកដល់សព្វថ្ងៃនេះ៕







