
រាជធានីភ្នំពេញ៖ បុរី មេគង្គ លែន (Mekong Land) និង ក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក (PassApp Technology Co., Ltd.) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការក្នុងការផ្ដល់អត្ថប្រយោជន៍ពិសេសជូនដល់អតិថិជនគ្រប់គម្រោងរបស់ បុរី មេគង្គ លែន ទាំងអស់ រួមមាន៖ គម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់», គម្រោង «ហ្គោលឌិន អាវិននូ», និងគម្រោង «មេគង្គ ស៊ីធី» ក្នុងគោលបំណងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរបែបឌីជីថល។

ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅគម្រោង «មេគង្គ ស៊ីធី» នៃ បុរី មេគង្គ លែន ដោយមានការចូលរួមពី លោក ប្រាក់ ខា តំណាងឱ្យ បុរី មេគង្គ លែន និង លោក ចាន់នី ឧត្ដម តំណាងឱ្យ ក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក ព្រមទាំងគណៈគ្រប់គ្រង និងក្រុមការងារនៃស្ថាប័នទាំងពីរ។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ គ្រប់អតិថិជនរបស់ បុរី មេគង្គ លែន នឹងទទួលបានការបញ្ចុះតម្លៃ ៥០% លើការធ្វើដំណើរឌីជីថលជាមួយ PassApp ក្នុងមួយជើង និងទាំងអស់ចំនួន៣ ដងសម្រាប់អ្នកប្រើប្រាស់ម្នាក់ ក្នុងរយៈពេលមួយខែ ចំពោះការធ្វើដំណើរ «ទៅ» និង «មក» ពីទីតាំងនៃគម្រោងទាំង៣ របស់ បុរី មេគង្គ លែន តាមរយៈការប្រើប្រាស់ QR Code ដែលបានរៀបចំជូននៅទីតាំងគម្រោងទាំង៣។

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
ថ្លែងក្នុងកម្មវិធីនោះដែរ លោក ប្រាក់ ខា តំណាងឱ្យ បុរី មេគង្គ លែន បានមានប្រសាសន៍ថា៖ «សម្រាប់ បុរី មេគង្គ លែន ការអភិវឌ្ឍគម្រោងលំនៅឋានមិនមែនផ្តោតត្រឹមតែលើការសាងសង់គេហដ្ឋានដែលមានគុណភាពប៉ុណ្ណោះទេ ប៉ុន្តែយើងតែងតែយកចិត្តទុកដាក់លើបទពិសោធរស់នៅ ភាពងាយស្រួល និងការបង្កើតតម្លៃបន្ថែមជូនអតិថិជន។ កិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុន ផាសអ៊ែប នាពេលនេះ គឺជាជំហានមួយទៀតក្នុងការភ្ជាប់សេវាកម្មធ្វើដំណើរទៅនឹងការរស់នៅរបស់អតិថិជនឱ្យកាន់តែងាយស្រួល»។

ចំណែក លោក ចាន់នី ឧត្ដម តំណាងឱ្យ ក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក បានលើកឡើងថា៖ «ក្រុមហ៊ុន ផាសអ៊ែប មានសេចក្តីសោមនស្សរីករាយដែលបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយ បុរី មេគង្គ លែន។ តាមរយៈកិច្ចសហការនេះ យើងមានបំណងធ្វើឱ្យការធ្វើដំណើររបស់អតិថិជន បុរី មេគង្គ លែន ទៅ និង មក កាន់គម្រោងនានា កាន់តែងាយស្រួល និងចំណាយតិចបំផុត។ យើងជឿជាក់ថាការប្រើប្រាស់សក្ដានុពលរបស់ក្រុមហ៊ុនទាំងពីររួមគ្នា នឹងអាចបង្កើតតម្លៃជាក់ស្តែងជូនអតិថិជន និងបើកឱកាសសម្រាប់កិច្ចសហការថ្មីៗបន្ថែមទៀតនាពេលអនាគត»។
កិច្ចសហប្រតិបត្តិការរវាង បុរី មេគង្គ លែន និង ក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក ក៏ជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ស្ថាប័នទាំងពីរក្នុងការប្រើប្រាស់សេវាកម្ម និងបច្ចេកវិទ្យាថ្មីដើម្បីបង្កើនភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃ ខណៈដែលវិស័យលំនៅឋាន និងសេវាកម្មធ្វើដំណើរកំពុងមានការរីកចម្រើន និងតម្រូវការកាន់តែខ្ពស់។

គួរបញ្ជាក់ផងដែរថា បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានដែលពោរពេញដោយបទពិសោធ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖ ១.«ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២.«ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង ៣.«មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។ គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយផ្ដោតលើគុណភាព និងប្រណិតភាពជាចម្បង។ ការផ្ចិតផ្ចង់នៃស្ថាបត្យកម្ម សំណង់ និងទឹកដៃល្អ សម្រិតសម្រាំងបាននូវគេហដ្ឋានប្រណិតទាន់សម័យ ផ្ដល់នូវផាសុកភាព សុវត្ថិភាព ភាពស៊ីវិល័យ និងការរស់នៅទាន់សម័យ ជូនដល់គ្រប់អតិថិជន។

ក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក មានកម្មវិធី ផាសអ៊ែប (PassApp) ដែលជាជាកម្មវិធី កក់មធ្យោបាយធ្វើដំណើរឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់ភាពងាយស្រួល សុវត្ថិភាព និងរហ័សក្នុងការធ្វើដំណើរ។ បច្ចុប្បន្ន PassApp មានសេវាកម្មនៅតាមរាជធានីនិងបណ្ដាខេត្តក្រុងដូចជា៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ក្រុងព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តកំពត ដោយភ្ជាប់អ្នកដំណើរជាមួយអ្នកបើកបរដែលមានអាជ្ញាបណ្ណត្រឹមត្រូវ និងងាយស្រួលក្នុងការប្រើប្រាស់ ត្រឹមតែប៉ុន្មានចុចប៉ុណ្ណោះក្នុងកម្មវិធី៕




