ជនបរទេសម្នាក់ត្រូវបានឃាត់ខ្លួន ក្រោយរកឃើញកញ្ឆាក្រៀមជិត៣០គីឡូក្រាមនៅព្រលានយន្តហោះ
ហាក់ អ៊ីឌី
2 ម៉ោងមុន

រាជធានីភ្នំពេញ​៖ កម្លាំងសមត្ថកិច្ចប្រចាំច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើការឃាត់ខ្លួនជនជាតិបរទេសម្នាក់ ពាក់ព័ន្ធនឹងករណីលួចរត់ពន្ធគ្រឿងញៀនឆ្លងដែនខុសច្បាប់ ដោយរឹបអូសបានវត្ថុតាងកញ្ឆាក្រៀមទម្ងន់ជិត៣០គីឡូក្រាម...។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្នុងពេលដែលមន្ត្រីជំនាញកំពុងបំពេញភារកិច្ចត្រួតពិនិត្យ និងស្កេនអីវ៉ាន់របស់អ្នកដំណើរតាមនីតិវិធីបច្ចេកទេស។ ខណៈនោះសមត្ថកិច្ចបានកត់សម្គាល់ឃើញភាពមិនប្រក្រតីនៅក្នុងវ៉ាលីរបស់ជនសង្ស័យ ហើយឈានទៅដល់ការបើកពិនិត្យជាក់ស្តែង ទើបប្រទះឃើញថងគួរឱ្យសង្ស័យពណ៌ខ្មៅ ដែលត្រូវគេបង្រួមខ្យល់ចេញយ៉ាងប្រុងប្រយ័ត្ន ទំនងជាដើម្បីគេចវេះពីការត្រួតពិនិត្យរបស់សមត្ថកិច្ច។

ជាលទ្ធផល ក្រុមការងារបានរកឃើញសារធាតុញៀនប្រភេទកញ្ឆាចំនួន២៨ដុំ មានទម្ងន់សុទ្ធសរុបប្រមាណ២៧គីឡូក្រាម លាក់បង្កប់ក្នុងវ៉ាលីសសម្លៀកបំពាក់។បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារពាក់ព័ន្ធជូនមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។ សូមជម្រាបថា គិតត្រឹមថ្ងៃព្រហស្បតិ៍ទី១០ ខែកញ្ញានេះ ​មានជនរបទេស៣នាក់ហើយ ដែលអាជ្ញាធរកម្ពុជាចាប់ខ្លួន ពាក់ព័ន្ធករណីរត់ពន្ធថ្នាំញៀន និងកញ្ឆាក្រៀម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត