
រាជធានីបាងកក៖ គម្រោងការ លេចឡើងជាក់ស្តែងពិតប្រាកដមែន! នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បាតុតកម្ម បានផ្ទុះជុំវិញស្ថានទូតអ៊ីស្រាអែល ក្នុងរាជធានីបាងកក ប្រទេសថៃ។ បាតុកម្មនេះ បំផុស និងដឹកនាំដោយលោក សន្ធិ លីមថងគុល (สนธิ ลิ้มทองกุล) អតីតមេដឹកនាំក្រុមអាវលឿង ដែលមាននិន្នាការប្រឆាំងនៅប្រទេសថៃ...។

ហេតុអ្វី ក្រុមអាវលឿង នាំគ្នាបាតុកម្មប្រឆាំងនឹងអ៊ីស្រាអែល? ទី១.ពួកគេ យល់ឃើញថា ជនជាតិអ៊ីស្រាអែល មានឥទ្ធិពលខ្លាំងពេក ហើយចោទប្រកាន់ថា បានកេងចំណេញផលប្រយោជន៍យ៉ាងច្រើនលើទឹកដីថៃ។ ពួកគេ មើលឃើញក្នុងផ្លូវអវិជ្ជមានថា ការរកស៊ី និងការធ្វើអាជីវកម្មរបស់ជនជាតិអ៊ីស្រាអែល មិនមានភាពសមរម្យ ឬត្រឹមត្រូវនោះទេ។

ក្នុងការធ្វើបាតុកម្មនេះ អ្នកខ្លះ កាន់ផ្ទាំងក្រដាសបដា ដែលមានពាក្យស្លោកថា ប្រទេសថៃ មិនមែនសម្រាប់លក់ឡើយ (Thailand is not for sale)។ មុនបាតុកម្មផ្ទុះឡើង អតីតមេដឹនាំក្រុមអាវលឿង លោក សន្ធិ លីមថងគុល បានប្រើពាក្យធ្ងន់ៗថា៖«យើងត្រូវយកប្រទេសថៃមកវិញ (Take Back Our Thailand)»។ មិនមែនត្រឹមតែជាពាក្យសម្តី ឬពាក្យស្លោកនោះទេ ថ្នាក់ដឹកនាំ និងក្រុមអាវលឿង បានយកពាក្យនេះ ធ្វើជាយុទ្ធនាការតែម្ដង គឺយុទ្ធនាការយកប្រទេសថៃមកវិញ។ លោក សន្ធិ លីមថងគុល និងក្រុមអាវលឿង ទាមទារឱ្យរាជរដ្ឋាភិបាលថៃដោះស្រាយរឿងនេះ។

ទី២.មិនមែនគ្រាន់តែជាបាតុកម្មប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ដណ្តើមផលប្រយោជន៍ថៃនោះទេ តែក៏លាយឡំជាមួយរឿងសង្គ្រាមនៅតំបន់ហ្កាហ្សាដែរ។ ការធ្វើបាតុកម្មនេះ មានមួយផ្នែក គឺប្រឆាំងចំៗទៅនឹងអ៊ីស្រាអែល ដែលបន្តវាយប្រហារលើតំបន់ហ្កាហ្សារបស់រដ្ឋបាឡេស្ទីន។ បាតុករខ្លះ កាន់រូបក្មេងស្រីតូចម្នាក់ឈ្មោះ ចារ៉ាប់ (Jarab) ដែលបាត់បង់ជីវិត ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។ ក្នុងរូបថតដែលក្រុមបាតុករកាន់នោះ មានសរសរថា នាង ត្រូវគ្រាប់ចំនួន៣៥៥គ្រាប់។

រាជរដ្ឋាភិបាល និងស្ថានទូតអ៊ីស្រាអែល ប្រចាំប្រទេសថៃ មិនទាន់ឆ្លើយតប ឬប្រតិកម្មទៅនឹងការធ្វើបាតុកម្ម និងការប្រកាន់ធ្ងន់ៗ ពីសំណាក់ក្រុមអាវលឿងថៃនោះទេ។ ក៏ប៉ុន្តែ ពេលបាតុកម្មផ្ទុះឡើង ស្ថានទូតអ៊ីស្រាអែល ក៏ប្រញាប់ចេញសារបន្ទាន់លើហ្វេសប៊ុក ជូនដំណឹងដល់ប្រជាជនខ្លួនដែលកំពុងស្ថិតនៅលើទឹកដីថៃ។ ស្ថានទូតអ៊ីស្រាអែល ប្រកាសថា បិទទ្វារ និងផ្អាកដំណើរការជាបណ្តោះអាសន្ន ហើយមិនអាចផ្តល់សេវាកម្មផ្សេងៗបានឡើយ ក្នុងអំឡុងពេលនេះ។

ទោះយ៉ាងណា បើមានបញ្ហាបន្ទាន់ និងចាំបាច់ខ្លាំង ពលរដ្ឋអ៊ីស្រាអែលនៅលើទឹកដីថៃ អាចទាក់ទងទៅស្ថានទូតខ្លួនបាន តាមរយៈទូរសព្ទ។ ស្ថានទូតអ៊ីស្រាអែល កំពុងរង់ចាំឱ្យស្ថានភាពប្រែទៅស្ងប់ស្ងាត់ និងល្អប្រសើរឡើងវិញ។ គេកំពុងរង់ចាំមើល ថាតើរដ្ឋាភិបាលអ៊ីស្រាអែល នឹងប្រតិកម្មយ៉ាងណាត្រឡប់ទៅវិញ?








