
ក្រុងសិរីសោភ័ណ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បាននិងកំពុងធ្វើការស្រាវជ្រាវ តាមស្វែងរកចាប់ខ្លួនឈ្មួញឈ្មោះ សំ រើន (ហៅ ស៊ុនរ៉ើន) ក្រោយពីបានរកឃើញថា បុគ្គលរូបនេះជាអ្នកនៅពីក្រោយការលួចនាំចូលឱសថប្រភេទស៊ីរ៉ូក្អក ម៉ាក DATISSIN ពីប្រទេសថៃ ដោយគ្មានការអនុញ្ញាត...។

ការប្រកាសតាមចាប់ខ្លួនឈ្មួញជនជាតិខ្មែរ ដែលលួចនាំចូលទំនិញពីប្រទេសថៃខុសច្បាប់នៅពេលនេះ ធ្វើឡើងបានបន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថបន្ទាយមានជ័យ បានធ្វើការស្ទាក់ចាប់បុរស២នាក់ នៅចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី០៨កញ្ញា ឆ្នាំ២០២៦កន្លងទៅ ដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានទទួលជនសង្ស័យ០២នាក់ ពីលោកអនុសេនីយ៍ទោ កែវ សុខចាន់ មេបញ្ជាការកងអនុសេនាធំទី១ វរសេនាតូច៥១១ អង្គភាពកងពលតូចថ្មើរជើងលេខ៥១ ប្រចាំការទិសសមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបានដឹកនាំប្រតិបត្តិការបង្ក្រាប។ ជាលទ្ធផល អាជ្ញាធរបានធ្វើការដកហូតវត្ថុតាងថ្នាំស៊ីរ៉ូក្អក ម៉ាក DATISSIN ចំណុះ ៦0មីលីលីត្រ ចំនួន០៦កេស សរុបចំនួន១១៥០ដបផងដែរ។

ទោះយ៉ាងណា តាមរយៈចម្លើយសារភាពរបស់ជនល្មើសទាំង២រូបនោះ បញ្ជាក់ថា ក្រុមខ្លួន និងបក្ខពួកផ្សេងទៀត ពិតជាបានធ្វើសកម្មភាពដឹកជញ្ជូនថ្នាំស៊ីរ៉ូក្អក ម៉ាក DATISSIN ចេញពីប្រទេសថៃ ដើម្បីយកមកលាយជាមួយសារធាតុរួមផ្សំផ្សេងទៀត ផលិតជាទឹកកាធំ ហើយបាននាំឆ្លងចូលមកប្រទេសកម្ពុជា តាមអូរព្រំដែនដោយខុសច្បាប់ពិតប្រាកដមែន ដោយមានមេខ្លោង ឈ្មោះ សំ រើន (ស៊ុនរ៉ើន) ជាអ្នកជួលចំនួន២លើក ដោយទទួលបានកម្រៃឈ្នួលចំនួន២០០០០(ពីរម៉ឺនរៀល)ក្នុងមួយជើង។ សូមបញ្ជាក់ថា ការណ៍ដែលជនសង្ស័យទាំង២នាក់ ដែលមានឈ្មោះ៖ ១-ឈ្មោះ ណយ វី អាយុ៣៦ឆ្នាំ និង២-ឈ្មោះ ផលលីន អាយុ២៦ឆ្នាំ ព្រមព្រៀងជាមួយមេខ្លោងឈ្មោះ សំ រើន ដឹកជញ្ជូនថ្នាំស៊ីរ៉ូក្អក ម៉ាក DATISSIN ឆ្លងដែនត្រឹមតម្លៃ២ម៉ឺនរៀលក្នុងមួយជើងនោះ ក៏ព្រោះតែអ្នកទាំងពីរមានសារធាតុញៀននៅក្នុងខ្លួន ហើយពួកគេស៊ីឈ្នួល ក៏ព្រោះចង់បានលុយនោះ យកទៅទិញថ្នាំញៀនមកប្រើប្រាស់ផងដែរ។

លោកវរសេនីយ៍ត្រី តាំង សុខហេង បញ្ជាក់ឱ្យដឹងបន្ថែមថា ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វើតេស្តទឹកនោម រកឃើញមានសារធាតុញៀនវិជ្ជមាន(+) និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី រីឯមេខ្លោងដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន។ ចំណែក លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការចុះបង្ក្រាបករណីខាងលើ ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅកាន់សាលាដំបូងហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១០ខែកញ្ញាឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនីតិវិធី៕ រាយការណ៍ដោយ៖ ឈុន មករា






