វត្តមានសត្វត្មាត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​សៀម​ប៉ាងបានបំបែកកំណត់ត្រាថ្មីនៅកម្ពុជា
L
Linda Sorn
04 កញ្ញា 2024 03:00 AM

ខេត្តស្ទឹងត្រែង៖ USAID មរតកបៃតង កាលពីថ្ងៃអង្គារបានឱ្យដឹងថា ក្រោយពីបានតាមដាន និងកត់ត្រាបានឃើញថាមានសត្វត្មាតដល់ទៅ ១២៧ក្បាលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលចំនួននេះជាចំនួនច្រើនបំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនៅកម្ពុជា។

បើតាមសារអត្ថាធិប្បាយលើទំព័រហ្វេសប៊ុករបស់ USAID មរតកបៃតង បានឱ្យដឹងកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នេះថា ក្រុមហ៊ុន រ៉ាយហ្ស៊ីង ហ្វីនិក ដែលជាដៃគូអភិរក្សរបស់ USAID មរតកបៃតង កាលពីថ្មីៗនេះបានតាមដាន និងកត់ត្រាឃើញមានចំនួនសត្វត្មាតដល់ទៅចំនួន ១២៧ក្បាលរស់នៅ«ភោជនីយដ្ឋានត្មាត» ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង ខណៈនេះជាចំនួនច្រើនបំផុតដែលត្រូវបានកត់ត្រាក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ។ ទោះជាយ៉ាងណា ចំនួនរបស់ពពួកសត្វត្មាតទាំងនោះបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងនោះ មូលហេតុចម្បងនៃការបាត់បង់គឺបណ្តាលមកពី កង្វះអាហារ និងការស៊ីសាកសពសត្វពុលដែលបង្កដោយមនុស្ស ហើយបច្ចុប្បន្ននេះ សត្វត្មាតនៅកម្ពុជាក៏កំពុងប្រឈមនឹងហានិភ័យខ្ពស់ក្នុងការផុតពូជពីក្នុងព្រៃផងដែរ។

ជាមួយគ្នានោះ ដើម្បីជួយទប់ស្កាត់ការផុតពូជរបស់សត្វត្មាត USAID មរតកបៃតង បានសហការជាមួយមូលនិធិ Critical Ecosystem Partnership និងក្រុមហ៊ុន រ៉ាយហ្ស៊ីង ហ្វីនិក បង្កើតគម្រោង «ភោជនីយដ្ឋានត្មាត» ដើម្បីផ្តល់អាហារដែលមានសុវត្ថិភាពជារៀងរាល់សប្តាហ៍ដល់សត្វត្មាត ដោយមានគោលបំណងដើម្បីរក្សាសត្វត្មាតឱ្យនៅក្នុងតំបន់ការពារ និងជៀសវាងការស្វែងរកអាហារដែលមិនមានសុវត្ថិភាពនៅក្រៅតំបន់។ រ៉ាយហ្ស៊ីង ហ្វីនិក ក៏បានបំពាក់ឧបករណ៍តាមដាន (GPS-GSM tagging) ទៅលើសត្វត្មាត ដើម្បីតាមដានការផ្លាស់ទីរបស់ពួកវា និងយល់កាន់តែច្បាស់អំពីឥរិយាបថនៃសត្វស្លាបជិតផុតពូជទាំងនេះ រួមទាំងស្វែងរក និងតាមដានសំបុកសត្វត្មាត ដើម្បីធានាសុវត្ថិភាពនៃការបន្តពូជរបស់ពួកវាផងដែរ។

គួរបញ្ជាក់ថា ចំនួនដែលបានកត់ត្រាឃើញនៅសៀមប៉ាងនេះ គឺស្ទើរតែស្មើគ្នានឹងចំនួនសត្វត្មាតសរុបនៅទូទាំងប្រទេសកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារសត្វត្មាតកម្ពុជាបានបូកសរុបឃើញមានចំនួនត្រឹមតែប្រហែល ១៣០ ក្បាលប៉ុណ្ណោះនៅទូទាំងប្រទេស។ ប្រទេសកម្ពុជាជាជម្រករបស់សត្វត្មាត ៣ប្រភេទរួមមាន ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ ដែលសត្វត្មាតទាំងនេះត្រូវបានចុះជាប្រភេទសត្វជិតផុតពូជបំផុត នៅក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ សត្វត្មាត គឺជាសត្វដែលស៊ីសាកសពសត្វដទៃជាចំណី ហើយដើរតួនាទីជាអ្នកសម្អាតភាពកខ្វក់ទាំងនោះចេញពីធម្មជាតិ ដោយការស៊ីសាច់សត្វដែលស្លាប់ និងជួយរក្សាតុល្យភាពនៅក្នុងបរិស្ថាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត