សត្វត្មាតជិតផុតពូជបីប្រភេទ កំពុងធ្លាក់ចុះជាបន្តបន្ទាប់នៅកម្ពុជា ដោយសារតែមូលហេតុធំៗ២នេះ
អុន សម្ផស្ស
21 កក្កដា 2023 11:00 AM

រាជធានីភ្នំពេញ៖ ចំនួនសត្វត្មាតដែលជិតផុតពូជដូចជា ត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង កំពុងបង្ហាញសញ្ញាមិនល្អនៅកម្ពុជា ដោយសារតែវត្តមានប្រភេទសត្វទាំងនេះ មានការថយចុះជាបន្តបន្ទាប់បណ្តាលមកពីកង្វះអាហារ និងការស្លាប់ដោយសារបានស៊ីសាកសពសត្វពុលដែលបង្កដោយមនុស្ស។ នេះបើយោងតាមរបាយការណ៍ព័ត៌មានរបស់ USAID មរតកបៃតង ប្រចាំខែមិថុនា ឆ្នាំ២០២៣។

USAID មរតកបៃតង បានឱ្យដឹងថា ចំពោះមូលហេតុដែលធ្វើឱ្យត្មាតទាំងនេះមានការធ្លាក់ចុះយ៉ាងឆាប់រហ័ស គឺដោយសារតែមនុស្សបានធ្វើការបរបាញ់ប្រភេទសត្វព្រៃជើងបួន ដែលជាប្រភពអាហាររបស់ពួកវាហួសកម្រិតនាំឱ្យសត្វត្មាតទាំងនោះបាត់បង់ប្រភពចំណី។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ថ្នាំ ឌីក្លូហ្វេណាក់ (Diclofenac) ទៅលើសត្វគោ-ក្របី ក៏បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ទៅដល់ចំនួនសត្វត្មាតនៅក្នុងតំបន់ នៅពេលដែលវាស៊ីសាកសពសត្វគោក្របី ដែលធ្លាប់បានចាក់ថ្នាំប្រភេទនេះ។ ហើយបើទោះបីជាឱសថឌីក្លូហ្វេណាក់ត្រូវបានហាមឃាត់នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៩មកក្តី ប៉ុន្តែការបំពុលសត្វដោយប្រើប្រាស់ថ្នាំដទៃទៀត ក៏នៅតែបានធ្វើឱ្យបាត់បង់ចំនួនសត្វត្មាតជាច្រើននៅក្នុងដែនជម្រកសត្វព្រៃលំផាត់ និងស្រែពកផងដែរ។

របាយការណ៍ដដែល បានគូសបញ្ជាក់បន្ថែមថា មកទាល់ពេលនេះ USAID មរតកបៃតង និងក្រុមហ៊ុន Rising Phoenix ដែលជាដៃគូអភិរក្សកំពុងធ្វើការជួយសង្គ្រោះប្រភេទសត្វត្មាតទាំងនោះ ពីការផុតពូជនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង និងការផុតពូជនៅក្នុងតំបន់ទាំងមូល។ ដោយក្រុមហ៊ុន Rising Phoenix កំពុងរៀបចំអាហារដ្ឋានត្នោត ដើម្បីផ្តល់ចំណីអាហារបន្ថែមដែលមានសុវត្ថិភាព និងទៀងទាត់ជារៀងរាល់សប្តាហ៍ដល់សត្វត្មាតទាំងនេះ។ ព្រមទាំងបានអនុវត្តការបំពាក់ឧបករណ៍តាមដាន (GPS-GSM tagging)ទៅលើសត្វត្មាតទាំងនោះ ដើម្បីធ្វើការតាមដាននូវការផ្លាស់ទីរបស់ពួកវា និងបង្កើតប្រព័ន្ធត្រួតពិនិត្យជីវៈចម្រុះថ្មីមួយសម្រាប់ប្រភេទសត្វត្មាតដែលជិតផុតពូជទាំងនេះ។ រហូតមកដល់ពេលនេះ សត្វត្មាតចំនួនប្រាំមួយក្បាលត្រូវបានបំពាក់ឧបករណ៍តាមដានព័ត៌មាន។

គួរបញ្ជាក់ដែរថា ជាលទ្ធផលចំនួនសត្វត្មាតទាំងបីប្រភេទនេះ ត្រូវបានរកឃើញមាននៅតែក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែងប៉ុណ្ណោះ ហើយដែនជម្រកសត្វព្រៃសៀមប៉ាង គឺជាទីជម្រកដែលមានចំនួនសត្វត្មាតទាំងនេះច្រើនជាងគេ។ មិនតែប៉ុណ្ណោះ ក្រុមការងារក៏បានធ្វើការកត់ត្រាឃើញជាប្រចាំ គឺ៩០ភាគរយ នៃចំនួនសត្វត្មាតក្នុងប្រទេសកម្ពុជាទាំងអស់ មកស៊ីចំណីនៅអាហារដ្ឋាននេះ ហើយការផ្ដល់អាហារដល់សត្វត្មាតទាំងនេះ ក៏ជួយទប់ស្កាត់ពួកវាពីការស្វែងរកអាហារ នៅកន្លែងផ្សេងដែលប្រឈមនឹងហានិភ័យនៃការបំពុលចំណីផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត