បាត់ស្រមោល១០ឆ្នាំ សត្វត្មាតផេះជិតផុតពូជ វិលត្រឡប់មកដែនជម្រកសត្វព្រៃលំផាត់វិញហើយ
S
Soriya Sou
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំ សត្វត្មាតផេះ (Gyps bengalensis) ដែលជាប្រភេទសត្វកំពុងរងគ្រោះជិតផុតពូជបំផុត បានវិលត្រឡប់មកក្នុងដែនជម្រកសត្វព្រៃលំផាត់របស់កម្ពុជាវិញហើយ...។

ដំណឹងដ៏រីករាយនេះ ត្រូវបានផ្សព្វផ្សាយដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ក្រោយការធ្វើជំរឿនសត្វត្មាត នៅអាហារដ្ឋានត្មាតក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងខែមិថុនា ឆ្នាំ២០២៦។ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងថា ជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ សត្វត្មាតផេះ ដែលជាប្រភេទ ត្រូវបានកត់ត្រាវត្តមានសាជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលវាជាសញ្ញាសំខាន់នៃការវិលត្រឡប់របស់ប្រភេទសត្វដែលកំពុងរងគ្រោះជាសកលនេះ។ អង្គការនេះ អះអាងថា ការកត់ត្រាចុងក្រោយនៃវត្តមានសត្វត្មាតផេះនៅក្នុងតំបន់ទេសភាពលំផាត់ គឺនៅក្នុងឆ្នាំ២០១៦ បន្ទាប់ពីមានករណីបំពុលធ្ងន់ធ្ងរចំនួន២លើក។

លើកទី១ ក្នុងខែកុម្ភៈ ឆ្នាំ២០១៤ មានសត្វត្មាតយ៉ាងតិច១៦ក្បាលបានងាប់ ហើយលើកទី២ នៅខែកញ្ញា ឆ្នាំ២០១៦ មានករណីបំពុលមួយទៀត បានសម្លាប់សត្វត្មាតយ៉ាងតិច៣ក្បាល។ ចាប់តាំងពីពេលនោះមក មិនមានការកត់ត្រាវត្តមានសត្វត្មាតផេះនៅក្នុងតំបន់ទេសភាពនេះទៀតឡើយ រហូតដល់ការកត់ត្រាថ្មីនាពេលនេះ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា ចាត់ទុកការវិលត្រឡប់របស់សត្វត្មាតផេះ គឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ការអភិរក្សសត្វត្មាតនៅក្នុងតំបន់ទេសភាពលំផាត់ និងជានិមិត្តសញ្ញានៃក្ដីសង្ឃឹមសម្រាប់ការស្តារប្រភេទសត្វនេះឡើងវិញ។ ក្រៅពីសត្វត្មាតផេះ ការធ្វើជំរឿនថ្មីនេះក៏បានកត់ត្រាវត្តមានសត្វត្មាតភ្លើងចំនួន៥ក្បាល ក្នុងនោះមានកូនត្មាតចំនួន២ក្បាល ដែលបញ្ជាក់ពីភាពជោគជ័យនៃការបន្តពូជនៅក្នុងដែនជម្រកសត្វព្រៃព្រៃលំផាត់។

អង្គការជីវិតធម្មជាតិនៅកម្ពុជា គូសបញ្ជាក់ថា ការវិលត្រឡប់របស់សត្វត្មាតផេះ រួមជាមួយនឹងវត្តមានជាបន្តបន្ទាប់របស់សត្វត្មាតភ្លើង ជាសញ្ញាបង្ហាញពីកិច្ចខិតខំប្រឹងប្រែងអភិរក្សនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ កំពុងផ្តល់លទ្ធផលវិជ្ជមាន។ ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោងរេដបូក អង្គការជីវិតធម្មជាតិនៅកម្ពុជា បាននិងកំពុងរៀបចំអាហារដ្ឋានត្មាតយ៉ាងហោចណាស់មួយលើកក្នុងមួយខែ ដើម្បីផ្តល់អាហារបន្ថែមសម្រាប់សត្វត្មាតដែលរស់នៅក្នុងតំបន់ទេសភាពលំផាត់ ជាពិសេស សត្វត្មាតភ្លើង៕

<br />

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត