ខ្សែភាពយន្តជប៉ុនចាក់បញ្ចាំងនៅទីក្រុងវ៉េនីស ដាស់ស្មារតីពិភពលោកអំពីសោកនាដកម្មនៃស.ង្គ្រា.ម
ហៀប ស៊ីថេត
មួយម៉ោងមុន

ក្រុងវ៉េនីស៖ អ្នកដឹកនាំរឿងជនជាតិជប៉ុន លោក ស៊ីនយ៉ា ស៊ូកាម៉ូតូ (Shinya Tsukamoto) បានថ្លែងកាលពីថ្ងៃសុក្រទី៤ ខែកញ្ញាថា ក្ដីបារម្ភដែលកំពុងកើនឡើងអំពីជម្លោះសកលលោក បានជំរុញឱ្យរូបលោកបង្កើតភាពយន្តមួយ និយាយអំពីអតីតយុទ្ធជនអាម៉េរិកសម័យសង្គ្រាមវៀតណាម ដែលរងវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ 

ស្នាដៃចុងក្រោយរបស់លោក ស៊ូកាម៉ូតូ មានចំណងជើងថា «Mr. Nelson, Did You Kill People? (លោក ណែលសុន តើអ្នកបានសម្លាប់មនុស្សឬ?)» ដែលបានសម្ពោធបញ្ចាំងនៅក្នុងពិធីបុណ្យភាពយន្តអន្តរជាតិក្រុងវ៉េនីស ប្រទេសអ៊ីតាលី (Venice Film Festival) ត្រូវបានដកស្រង់ចេញពីជីវិតពិតរបស់លោក អាឡែន ណែលសុន (Allen Nelson) ដែលជាជនជាតិអាម៉េរិកស្បែកខ្មៅម្នាក់។ រូបលោកត្រូវបានដេញតាមលងដោយបិសាចនៃការវិលវល់ក្នុងវិបត្តិផ្លូវចិត្ត និងវិប្បដិសារីយ៉ាងជ្រាលជ្រៅ បន្ទាប់ពីបានឆ្លងកាត់សមរភូមិវៀតណាម។ អ្នកដឹកនាំរឿងរូបនេះ បានបញ្ជាក់ថា លោកបានចាប់ផ្តើមគម្រោងនេះកាលពី៧ឆ្នាំមុន នៅពេលដែលរូបលោកបារម្ភកាន់តែខ្លាំងថា ប្រទេសជប៉ុនកំពុងបោះបង់ចោលជំហរសន្តិនិយម ដែលបានរក្សាតាំងពីសង្គ្រាមលោកលើកទី២មក។ លោក ស៊ូកាម៉ូតូ បានប្រាប់រ៉យទ័រថា៖«ក្ដីបារម្ភទាំងនោះមិនបានថយចុះនោះទេ ផ្ទុយទៅវិញ វាមានតែបន្ថែមឡើង»

ភាពយន្តនេះ ត្រូវបានបង្កើតឡើងផ្អែកលើសៀវភៅជីវប្រវត្តិផ្ទាល់ខ្លួនរបស់លោក ណែលសុន ដែលរៀបរាប់ពីការសម្រេចចិត្តចូលបម្រើកងទ័ពជើងទឹកអាម៉េរិកក្នុងវ័យ ១៨ឆ្នាំ ដើម្បីគេចចេញពីភាពក្រីក្រលំបាកវេទនា ប៉ុន្តែជាលទ្ធផល លោកបែរជាត្រូវធ្លាក់ចូលទៅក្នុងសង្គ្រាមដ៏ព្រៃផ្សៃ ដែលជនស៊ីវិលជាច្រើនត្រូវបានសម្លាប់យ៉ាងរង្គាល ដោយគ្រាន់តែរងការសង្ស័យថាបានជួយចលនាវៀតកុង។ ប្លង់កាមេរ៉ាបានបង្ហាញពីការសម្លាប់យ៉ាំងតក់ស្លុតបំផុត។ លោក ស៊ូកាម៉ូតូ ដែលត្រូវបានគេស្គាល់តាមរយៈស្នាដៃភាពយន្តបែបប្រយុទ្ធញាប់ញ័របានលើកឡើងថា៖«ខ្ញុំចង់ឱ្យគ្រប់គ្នាយល់ថា តើសង្គ្រាមវាគួរឱ្យតក់ស្លុតកម្រិតណា? ជំនួសឱ្យការត្រឹមតែគិតក្នុងខួរក្បាល ភាពយន្តនេះមានគោលបំណងធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍រន្ធត់ដល់បេះដូងតែម្ដង»

តួអង្គ រ៉ូដនី ហ៊ីកស៍ (Rodney Hicks) ដែលសម្ដែងជាតួអតីតយុទ្ធជន ណែលសុន បានលើកឡើងថា លោកមានអារម្មណ៍ថា ទទួលខុសត្រូវយ៉ាងធ្ងន់ធ្ងរក្នុងការទទួលតំណែងនេះ។ លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖«យើងមានរឿងរ៉ាវសង្គ្រាមវៀតណាមជាច្រើន ប៉ុន្តែយើងមិនទាន់មានរឿងណាមួយដែលផ្តោតលើវីរបុរសស្បែកខ្មៅនៅឡើយទេ។ វាមិនត្រឹមតែរៀបរាប់ពីទិដ្ឋភាពទាហានប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជីកកកាយយ៉ាងជ្រៅទៅលើជំងឺផ្លូវចិត្ត និងវិបត្តិផងដែរ»។ អ្វីដែលធ្វើឱ្យភាពយន្តខ្សែជីវិតរបស់លោក ណែលសុន ខុសប្លែកពីរសៀវភៅចងចាំសង្គ្រាមដទៃទៀត គឺភាពក្លាហានក្នុងការប្រឈមមុខនឹងទង្វើផ្ទាល់ខ្លួនដោយស្មោះត្រង់ ក្នុងពេលដែលលោកព្យាយាមព្យាបាលរបួសផ្លូវចិត្តដ៏ធ្ងន់ធ្ងរ។ បន្ទាប់ពីត្រឡប់ទៅផ្ទះវិញ លោក ណែលសុន បានខិតខំកសាងជីវិតឡើងវិញ ទាំងជួបប្រទះជំងឺអត់ងងុយ និងការភ័យរន្ធត់ភ្លាមៗ មុនពេលទទួលបានការព្យាបាល។

ក្រោយមក ណែលសុន បានក្លាយជាអ្នកនិយាយប្រឆាំងសង្គ្រាមដ៏ល្បីល្បាញ ដោយបានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនជាច្រើនលើក ជាទីដែលរូបលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរដ្ឋធម្មនុញ្ញសន្តិនិយមរបស់ប្រទេសនេះ។ លោក ស៊ូកាម៉ូតូ បានបន្ថែមថា៖ «លោក ណែលសុន ចូលចិត្តឃើញស្នាមញញឹមរបស់កុមារដែលមិនស្គាល់អ្វីជាសង្គ្រាម។ លោកចង់ការពារផ្ទៃមុខដ៏ស្រស់ថ្លាទាំងនោះ មិនឱ្យក្លាយជាទាហាននាពេលអនាគតឡើយ»។ គួររំឭកថា នៅក្នុងឆ្នាំ២០០៥ លោក ណែលសុន បានត្រឡប់ទៅប្រទេសវៀតណាមវិញ ដើម្បីសម្ដែងការសោកស្ដាយ និងសុំទោសចំពោះរឿងរ៉ាវដែលបានកើតឡើង។ វាជាទិដ្ឋភាពមួយដែលត្រូវបានបង្កើតឡើងវិញនៅក្នុងភាពយន្ត ដោយថតនៅចំពោះមុខទស្សនិកជនជនជាតិវៀតណាម រួមទាំងអ្នកស្រុក ដែលធ្លាប់ជាអតីតយុទ្ធជនប្រយុទ្ធក្នុងសង្គ្រាមផងដែរ។

លោក ណែលស៊ុន បានទទួលមរណភាពក្នុងឆ្នាំ២០១៥ ដោយសារជំងឺមហារីកសួត ដែលបណ្ដាលមកពីការប៉ះពាល់សារធាតុគីមីពណ៌លឿង ក្នុងសម័យសង្គ្រាមវៀតណាម។ ភាពយន្តរបស់លោក ស៊ូកាតូ គឺជាភាពយន្តមួយក្នុងចំណោមភាពយន្តទាំង២១ ដែលកំពុងប្រកួតប្រជែងយកពានរង្វាន់តោមាស (Golden Lion) នៅក្រុងវ៉េនីស ដែលនឹងត្រូវប្រកាសនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត