
បទបរិយាយ៖ ធ្លាប់រស់នៅក្រោមស្រមោលនៃគ្រាប់បរមាណូ និងនឹមលទ្ធិសន្តិនិយម ជប៉ុនបាននិងកំពុងរើបម្រាស់ខ្លួនយ៉ាងស្ងៀមស្ងាត់ ដើម្បីសម្រួចចង្កូមយោធាឡើងវិញ តាមរយៈការបំពាក់សព្វាវុធចម្បាំង មីស៊ីលរយៈចម្ងាយឆ្ងាយផលិក្នុងស្រុក និងដ្រូនប្រយុទ្ធទំនើបៗ។ ជុំវិញការស្រាយចំណងមាត្រា៩ នៃរដ្ឋធម្មនុញ្ញ ការងាកចេញពីគន្លងសន្តិនិយម និងការបង្កើនសមត្ថភាពការពារជាតិក្នុងទំហំធំមិនធ្លាប់មាន បានបំផុសឱ្យមានសំណួរជាច្រើនចោទសួរថា តើខ្លាកំណាចអាស៊ីមួយក្បាលនេះ កំពុងពង្រឹងខែលការពារជាតិ ឬកំពុងបំផុសវិញ្ញាណចក្រពត្តិនិយមឱ្យរស់ឡើងវិញ ដូចជំនាន់សង្គ្រាមលោកលើកទី២...?

បើយើងក្រឡេកមើលទៅប្រវត្តិសាស្ត្រ កាលពីដើមសតវត្សទី២០ តំបន់ប៉ាស៊ីហ្វិកដ៏រុងរឿងបានក្លាយជាសមរភូមិសង្គ្រាមស៊ីសាច់ហុតឈាម យ៉ាងឃោរឃៅបំផុត ដោយបានបន្សល់ទុកនូវស្លាកស្នាមរបួស ការចងចាំដ៏សែនឈឺចាប់ និងការផ្លាស់ប្ដូរមុខមាត់ថ្មីនៃលម្ហភូមិសាស្ត្រនយោបាយពិភពលោក។ នៅចុងសតវត្សទី១៩ និងដើមសតវត្សទី២០ ជប៉ុនចាប់ផ្តើមវាទីពង្រីកដែនដីរបស់តាមរយៈការធ្វើសង្គ្រាម និងការទន្ទ្រានយកតំបន់នានាទូទាំងតំបន់ ដោយសូម្បីតែតំបន់ម៉ាន់ជូរីរបស់ចិន ក៏ស្ថិតនៅក្រោមក្រញ៉ាំខ្លាកំណាចមួយក្បាលនេះដែរ។ ហេតុអ្វីបានជាជប៉ុនសម្រេចចិត្តកាន់អាវុធធ្វើសង្គ្រាមជាជម្រើសចុងក្រោយ..? គេនៅចាំបានថា នៅពេលសង្គ្រាមលោកលើកទី២ ផ្ទុះឡើង ជប៉ុនបានចងសម្ព័ន្ធភាពជាមួយអាល្លឺម៉ង់ និងអ៊ីតាលី។

ក្រោយមកប្រទេសបារាំង បានបរាជ័យក្រោមកណ្តាប់ដៃដែកអាល្លឺម៉ង់ក្នុងឆ្នាំ១៩៤០ ពេលនោះ ជប៉ុនបានឆ្លៀតឱកាសបញ្ជូនទ័ពចូលកាន់កាប់តំបន់ឥណ្ឌូចិន (វៀតណាម កម្ពុជា និងឡាវ) ដើម្បីក្រសោបយកឥទ្ធិពលនៃអំណាច និងធនធាន។ កងទ័ពចក្រពត្តិជប៉ុន បានវាយលុកគ្របដណ្ដប់លើអាស៊ីអាគ្នេយ៍ស្ទើរទាំងស្រុង ហើយប្រជាជនក្នុងតំបន់ជាច្រើនត្រូវរស់នៅក្រោមរបបអាណានិគមថ្មីដ៏សាហាវព្រៃផ្សៃ ដោយត្រូវបង្ខំឱ្យធ្វើទាសករ បង្អត់អាហារ និងអំពើប្រល័យពូជសាសន៍ ដោយមានព្រឹត្តិការណ៍ «Sook Ching» លើជនជាតិចិន ជាទឡ្ហីករណ៍ស្រាប់។ ដោយសារក្ដីបារម្ភ និងភាពក្រអើតក្រទមរបស់ជប៉ុន សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តសម្រេចចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរលើជប៉ុន ដោយកាត់ផ្តាច់ការនាំចេញប្រេងកាតរហូតដល់ ៩០ភាគរយ។

ដោយប្រឈមមុខនឹងវិបត្តិប្រេងកាត និងសម្ពាធសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីជប៉ុន លោកឧត្តមសេនីយ៍ ហ៊ីដិគិ តូចូ (Hideki Tojo) ក្រោមអធិបតីភាពព្រះចៅអធិរាជ ហ៊ីរ៉ូហ៊ីតូ (Hirohito) បានសម្រេចចិត្តជ្រើសរើសផ្លូវធ្វើសង្គ្រាមជាជម្រើសចុងក្រោយ។ នៅព្រឹកព្រលឹមស្រាងៗ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤១ ជប៉ុនបានដកដាវសាមូរ៉ៃចេញពីស្រោម រួចចាក់អាម៉េរិកពីក្រោយខ្នង ដោយមិនដឹងខ្លួន តាមរយៈការបើកការវាយប្រហារលើមូលដ្ឋានទ័ពជើងទឹកសហរដ្ឋអាម៉េរិក Pearl Harbor នៅប្រជុំកោះហាវ៉ៃ។ ការវាយប្រហារត្រឹមតែ២ម៉ោង បានបំផ្លាញនាវាចម្បាំងសហរដ្ឋអាម៉េរិក១៨គ្រឿង យន្តហោះជិត៣០០គ្រឿង និងផ្តាច់ជីវិតទាហានអាម៉េរិកជិត២៥០០នាក់។ ថ្ងៃនោះហើយជាថ្ងៃ ដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ហ្វ្រែងឃ្លីន ឌី. រូសឺវ៉ែល (Franklin D. Roosevelt) លូកដៃចូលរួមសង្គ្រាមលោកលើកទី២ ប្រកាសសង្គ្រាមលើជប៉ុនជាផ្លូវការ។

ដើម្បីវាយបកទៅកាន់ដែនដីគោកជប៉ុនវិញ ឧត្តមសេនីយ៍សហរដ្ឋអាម៉េរិក ឌូក្លាស ម៉ាកអាថឺ (Douglas MacArthur) បានបង្កើត «យុទ្ធសាស្ត្ររូងខ្វេះបេះដូង ឬ Island Hopping» ដោយវាយដណ្តើមយកប្រជុំកោះយុទ្ធសាស្ត្រសំខាន់ៗ និងរំលងកោះ ដែលមានកំពែងការពាររឹងមាំ។ សមរភូមិជាច្រើនបានផ្ទុះឡើងយ៉ាងសាហាវ រួមមាន៖ សមរភូមិ Guadalcanal ឆ្នាំ១៩៤២-១៩៤៣, សមរភូមិ Leyte Gulf នៅហ្វីលីពីន ឆ្នាំ១៩៤៤ ជាកន្លែងកងនាវាជប៉ុនត្រូវបំផ្លាញស្ទើរតែទាំងស្រុង និងសមរភូមិ Iwo Jima ព្រមទាំងសមរភូមិនៅ Okinawa ឆ្នាំ១៩៤៥ ដែលទាហានជប៉ុនបានប្រយុទ្ធរហូតដល់ដង្ហើមចុងក្រោយ។

ទោះជាយ៉ាងណា ជប៉ុនមិនព្រមបន្ទន់ជង្គង់ចុះចាញ់ឡើយ។ ដោយបារម្ភថា ការចូលច្បាំងលើដែនដីជប៉ុន អាចធ្វើឱ្យទាហានស្លាប់ច្រើន ប្រធានាធិបតីសហរដ្ឋអាម៉េរិកថ្មី លោក ហារី អេស-ទ្រូម៉ាន់ (Harry S.Truman) បានសម្រេចចិត្តប្រើប្រាស់ «គ្រាប់បែកបរមាណូ» ដែលត្រូវបានអភិវឌ្ឍឡើងដោយសម្ងាត់ ក្នុងគម្រោង Manhattan Project។ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ គ្រាប់បែកបរមាណូទី១ ឈ្មោះថា «Little Boy» បានធ្លាក់ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា សម្លាប់មនុស្សប្រមាណ ៧ម៉ឺនទៅ៨ម៉ឺននាក់។ រំលងបាន៣ថ្ងៃ ពោលគឺថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ គ្រាប់បែកបរមាណូទី២ មានឈ្មោះថា «Fat Man» ត្រូវបានទម្លាក់ទៅលើទីក្រុងណាហ្កាសាគី ដោយបានផ្តាច់ជីវិតមនុស្សជាង៧ម៉ឺននាក់។

វិនាសកម្មនៃសង្គ្រាមដ៏មហន្តរាយនេះ បានបង្ខំឱ្យអធិរាជជប៉ុនប្រកាសលើកទង់ជ័យ-ស ចុះចាញ់ជាផ្លូវការ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ដោយព្រមដើរចូលនឹមសន្តិនិយម ក្រោមមាត្រា៩ នៃរដ្ឋធម្មនុញ្ញ។ ពេលនោះហើយ គឺជាការបញ្ចប់សង្គ្រាមលោកលើកទី២ ទាំងស្រុង។ អស់រយៈពេលជិត៨០ឆ្នាំមកនេះ ជប៉ុនបានដើរយ៉ាងប្រុងប្រយ័ត្នលើក្រឡាអុកចក្រត្រង្គរបស់សហរដ្ឋអាម៉េរិក។ បច្ចុប្បន្ន ខ្លាកំណាចមួយក្បាលនេះ បាននិងកំពុងរើបម្រាស់ខ្លួន ចេញពីនឹមលទ្ធិសន្តិនិយម ដែលធ្លាប់តែជ្រកក្រោមមឆ័ត្រការពារសន្តិសុខរបស់រដ្ឋធានីវ៉ាស៊ីនតោន។ ជាក់ស្តែង ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ជប៉ុនចាប់ផ្តើមការពង្រីកយោធាដ៏ធំសម្បើមបំផុត ក្នុងសម័យទំនើប រួមមាន៖ មីស៊ីលបាញ់ប្រហារចម្ងាយឆ្ងាយ អាចបាញ់ចូលជ្រៅទៅក្នុងដីគោកចិន, ហ្វូងយន្តហោះចម្បាំងបំបាំងកាយធំបំផុត ចំណោមសម្ព័ន្ធមិត្តសហរដ្ឋអាម៉េរិក, នាវាផ្ទុកយន្តហោះថ្មីៗ, នាវាមុជទឹកទំនើបៗ, បណ្តាញស៊ើបការណ៍សម្ងាត់ និងប្រព័ន្ធការការពារប្រជុំកោះដ៏រឹងមា។

ជប៉ុនបានបំប្លែងភូមិសាស្ត្រឱ្យទៅជាខែលការពារ ខណៈខ្សែចង្វាក់កោះប្រវែង ៣០០០គីឡូម៉ែត្រ ដែលលាតសន្ធឹងពីកោះហុកកៃដូ រហូតដល់ប្រជុំកោះរយូក្យូ (Ryukyu) ត្រូវបានប្រើប្រាស់ជាកុងតាក់ ដោយត្រូវបានបំពាក់ដោយកងកម្លាំងស្វ័យការពារជប៉ុន (SDF), ការដាក់ពង្រាយសែនស័រ, និងប្រព័ន្ធមីស៊ីលចល័តនៅទូទាំងតំបន់នេះ ដើម្បីបង្កើតជាបណ្តាញទប់ស្កាត់ការឈ្លានពានតាមឆ្នេរសមុទ្ទ និងការវាយប្រហារ។ ថ្មីៗនេះ ជប៉ុនបានបង្កើតបញ្ជាការដ្ឋានរួមអចិន្ត្រៃយ៍ (JJOC) ដែលជារចនាសម្ព័ន្ធថ្មី សម្រាប់បង្រួបបង្រួមកងកម្លាំងជើងគោក ជើងទឹក និងជើងអាកាស ឱ្យធ្វើការក្រោមបញ្ជាការតែមួយ ដើម្បីបង្កើនល្បឿននៃការសម្រេចចិត្ត និងការឆ្លើយតបភ្លាមៗក្នុងពេលមានវិបត្តិ ឬសង្គ្រាម។ ជប៉ុនក៏បានងាកចេញពីគន្លងសន្តិនិយម ដោយប្រកាសលុបបំបាត់ការកម្រិតសមត្ថភាពការពារខ្លួនកាលពីមុន ហើយបំពាក់អាវុធបាញ់ពីចម្ងាយជាច្រើនស្រទាប់ រួមមាន៖ មីស៊ីលតម្រង់ទិសដែលផលិតក្នុងស្រុក អាវុធលឿនជាងសំឡេង និងមីស៊ីលនាំចូលពីបរទេស។

ជប៉ុន គឺជាប្រទេសមានកងយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ធំ និងជាដៃគូអឺរ៉ុបដ៏សំខាន់ ក្នុងការអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ទី៦ និងបច្ចេកវិទ្យាបញ្ជាដ្រូនប្រយុទ្ធក្នុងសមរភូមិទំនើប។ ក្រៅពីនាវាផ្ទុកយន្តហោះ ជប៉ុនបានកែច្នៃនាវាចម្បាំងធំៗ ដែលអាចឱ្យយន្តហោះចម្បាំង F-35B ចុះចតបានភ្លាមៗក្នុងប្រតិបត្តិការសឹក ឬករណីផ្ទុះសង្គ្រាម។ ក្រៅពីនេះ កងទ័ពជប៉ុន ក៏បានបំពាក់មីស៊ីលបាលីស្ទីក កងនាវាចម្បាំងថ្នាក់ហ្វ្រ៊ីហ្កេត នាវាមុជទឹកម៉ាស៊ូត-អគ្គិសនី ដើរដោយអាគុយលីចូម-អ៊ីយ៉ុង (Lithium-ion) ដែលមានសមត្ថភាពប្រតិបត្តិការបានយូរ ក្នុងការការពារច្រកសមុទ្ទសំខាន់ៗ។ ជាងនេះទៅទៀត ប្រតិបត្តិការអវកាស និងអ៊ីនធឺណិតជួយឱ្យជប៉ុនអាចភ្ជាប់ទិន្នន័យការពារជាតិបានលឿន កាត់បន្ថយរយៈពេលនៃបណ្តាញប្រយុទ្ធ និងការពារបណ្តាញឌីជីថលពីការវាយប្រហារ។ បន្ថែមលើនេះ ជប៉ុនបានដំឡើងថវិកាការពារជាតិរហូតដល់២ភាគរយនៃផលិតផលក្នុងស្រុកសរុប ធ្វើឱ្យជប៉ុនក្លាយជាប្រទេសចំណាយលើវិស័យការពារជាតិធំជាងគេទី៣នៅលើពិភពលោក បន្ទាប់ពីអាម៉េរិក និងចិន។

ទាំងនេះ បានបង្ហាញយ៉ាងប្រត្យក្សថា ជប៉ុនកំពុងពួនសម្ងំសម្រួចចង្កូមយោធាយ៉ាងស្ងៀមស្ងាត់ ក្រោមស្រមោលដានប្រវត្តិសាស្ត្រចាស់ លើគន្លងចក្រពត្តិនិយមថ្មី ដូចសម័យសង្គ្រាមលោក លើកទី២ ដែលគ្មាននរណាចាប់ឈ្នះ។ ការបោះជំហានដើរចេញពីស្រមោលនៃលទ្ធិសន្តិនិយម និងការដោះចំណងមាត្រា៩ ចេញពីរដ្ឋធម្មនុញ្ញ កើតឡើងស្របពេលពិភពលោក កំពុងធ្លាក់ទៅក្នុងភាពច្របូកច្របល់ លែងមានសុវត្ថិភាពដូចមុន។ ការរះឡើងវិញយ៉ាងស្ងៀមស្ងាត់លើវិស័យការពារជាតិរបស់ជប៉ុននេះ ក៏ជាសារព្រមានដ៏មុតស្រួចទៅកាន់គូប្រជែងថា៖«ឃើញខ្លាដេក កុំថាខ្លាងាប់ ព្រោះខ្លាកំណាចអាស៊ីមួយក្បាលនេះ អាចនឹងវិលត្រឡប់ទៅរកយុគមាសនៃអធិរាជចក្រពត្តិនិយមក្នុងសម័យស.ង្គ្រា.មលោកលើកទី២ ឬអាចសាហាវជាងនេះផងក៏ថាបាន»៕



