
រាជធានីតូក្យូ៖ រដ្ឋបាលរាជធានីតូក្យូ បានប្រកាសអំពីផែនការប្រែក្លាយទីតាំងក្រោមដីដ៏ធំមួយ នៅជិតស្ថានីយរថភ្លើងដ៏ធំ (Tokyo Station) ឱ្យទៅជា«ជម្រកសុវត្ថិភាពក្រោមដី» សម្រាប់ការពារប្រជាពលរដ្ឋ និងអ្នកទេសចរ ក្នុងករណីមានការវាយប្រហារ ដោយគ្រាប់មីស៊ីលបាល្លិស្ទីក(Ballistic)។ នេះបើយោងតាមការថ្លែងការណ៍របស់អភិបាលរាជធានីតូក្យូ លោកស្រី យូរីកុ កូអ៊ីកិ (Yuriko Koike)...។

ទីតាំងដែលត្រូវជ្រើសរើស គឺចំណតរថយន្តក្រោមដីយ៉ាអ៊ីស៊ូ Yaesu ដែលមានជម្រៅ ចន្លោះពី២ទៅ១១ម៉ែត្រ និងមានផ្ទៃក្រឡាសរុបប្រមាណ១៣០០០ម៉ែត្រការ៉េ។ អាជ្ញាធរនឹងចាប់ផ្តើមការអង្កេតបច្ចេកទេស នៅក្នុងឆ្នាំ២០២៦នេះ ដោយរៀបចំដំឡើងទ្វារដែក ធន់នឹងកម្លាំងបំផ្ទុះ និងធ្នើឃ្លាំងស្តុកស្បៀងអាហារសង្គ្រោះបន្ទាន់។ ទីតាំងនេះ នឹងក្លាយជាជម្រកក្រោមដីធំទីពីរ នៅក្នុងរាជធានីតូក្យូ បន្ទាប់ពីការកែប្រែឃ្លាំងស្តុកអីវ៉ាន់ នៅស្ថានីយរថភ្លើងក្រោមដី Azabu-Juban។

លោកស្រី យូរីកុ កូអ៊ីកិ បញ្ជាក់ថា ទីតាំងនេះត្រូវជ្រើសរើសដោយសារវាស្ថិតនៅក្បែរស្ថានីយរថភ្លើងតូក្យូ ដែលជាបេះដូង និងជាច្រកចេញចូលដ៏សំខាន់នៃរាជធានី។ ការសម្រេចចិត្តបែបនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានបន្តបាញ់សាកល្បងគ្រាប់មីស៊ីលជាញឹកញាប់ ចូលទៅក្នុងសមុទ្ទជប៉ុន ដែលលោកស្រី ចាត់ទុកថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងជាការមិនអាចមើលរំលងបាន។ ទន្ទឹមនេះ រដ្ឋាភិបាលកណ្តាលជប៉ុន ក៏បាននិងកំពុងតែពន្លឿនការសាងសង់ជម្រកក្រោមដីស្រដៀងគ្នានេះ នៅតាមបណ្តាកោះឆ្ងាយៗ ស្ថិតក្នុងខេត្តអូគីណាវ៉ា(Okinawa) ដូចជា នៅកោះយូណាហ្គូនី (Yonaguni) ជាដើម ដើម្បីរៀបចំខ្លួនឆ្លើយតបទៅនឹងកម្តៅនយោបាយ និងសម្ពាធយោធារបស់ចិន នៅលើកោះតៃវ៉ាន់ផងដែរ៕



