សមត្ថកិច្ចឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនរយៈពេល៣ឆ្នាំចុងក្រោយ
ហាក់ អ៊ីឌី
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជាក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ឈានដល់ការឃាត់ខ្លួនក្រុមឧក្រិដ្ឋជន និងមេក្លោងចែកចាយសរុបជិត១០ម៉ឺននាក់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់...។

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបរបស់មន្ត្រីសមត្ថកិច្ចនគរបាលកម្ពុជានៅទូទាំងរាជធានី-ខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន ៨៧៣៧២នាក់ ដកហូត និងរឹបអូសសារធាតុញៀនគ្រប់ប្រភេទជាង២៦តោន គិតពីឆ្នាំ២០២៣មក។ បន្ថែមលើនេះ កម្មវិធីទូរសព្ទដៃ NoDrug ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីផ្ដល់លទ្ធភាពឱ្យពលរដ្ឋចូលរួមរាយការណ៍ពីបទល្មើសគ្រឿងញៀន។ ជាលទ្ធផល ត្រឹមឆមាសទី១ ឆ្នាំ២០២៦ មានប្រជាពលរដ្ឋសរុប៩៨៥៤០នាក់ បានដំឡើង និងទាញយកកម្មវិធីទូរសព្ទដៃ«NoDrug»មកប្រើប្រាស់ និងបានរាយការណ៍ ផ្ដល់តម្រុយព័ត៌មានបានចំនួន៨៦៩៨ករណី។ 

ក្រៅពីការឃាត់ខ្លួនមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ សមត្ថកិច្ច ក៏នៅរឹបអូសបានសារធាតុញៀនគ្រប់ប្រភេទរាប់សិបតោន រួមមាន៖ មេតំហ្វេតាមីន (Ice និង WY), អ៊ិចស្តាស៊ី (Ecstasy), កេតាមីន (Ketamine) និងហេរ៉ូអ៊ីន ព្រមទាំងសារធាតុគីមីផ្សំ អាវុធ និងមធ្យោបាយធ្វើសកម្មភាពជាច្រើនគ្រឿងទៀត យកមកធ្វើការបំផ្លាញចោល និងរក្សាទុកជាវត្ថុតាងតាមនីតិវិធី។ ទន្ទឹមគ្នា ចំពោះមន្ត្រីអនុវត្តការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខ្វះការទទួលខុសត្រូវ ក៏ត្រូវបានបន្ថយឋានន្តរស័ក្តិ ឬផ្លាស់ប្ដូរមុខតំណែង ខណៈមន្ត្រីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ក៏ត្រូវបានអនុវត្តនីតិវិធីបណ្ដេញចេញ ព្រមទាំងប្រឈមមុខនឹងនីតិវិធីផ្លូវច្បាប់ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត