ភ្លើងកំហឹងតណ្ហា! ជម្លោះពាក្យសម្តីក្លាយជាឃាតកម្ម ចុងក្រោយជនដៃដល់បាត់បង់ជីវិត ខណៈស្ត្រីជាភរិយារបួសធ្ងន់
ហាក់ អ៊ីឌី
5 ម៉ោងមុន

ក្រុងសិរីសោភ័ណ៖ អំពើហិង្សាកើតឡើងដោយភ្លើងតន្ហា ការប្រច័ណ្ឌ ខ្វះការពិចារណាឱ្យបានវែងឆ្ងាយ ទីបំផុតស្វាមីដែលមានវ័យក្មេងជាងភរិយា បានកាប់សម្លាប់ប្រពន្ធព្រោះតែកំហឹង ចុងក្រោយប្រពន្ធមិនស្លាប់ បែរជាខ្លួនរត់ទៅចង-កសម្លាប់ខ្លួនវិញ...។

យោងតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារអង្គភាព SBM News ប្រចាំខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅកណ្តាលក្រុងសិរីសោភ័ណតែម្ដង ពោលគឺស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល បង្កឱ្យអ្នកភូមិក្បែរខាងភ្ញាក់ផ្អើលឆោឡោរជាខ្លាំង និងបានរាយការណ៍ទៅកាន់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានភ្លាមៗឱ្យចុះមកជួយអន្តរាគមន៍។ ប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុ បានឱ្យដឹងថា ប្ដី-ប្រពន្ធមួយគូនេះ មានជម្លោះពាក្យសម្តីជាមួយគ្នាយ៉ាងតឹងសរសៃ-ក ដោយសាររឿងប្រច័ណ្ឌ។ កំលុងពេលនៃជម្លោះពាក្យសម្តីនោះ បុរសជាប្ដីគ្រប់គ្រងភ្លើងកំហឹងមិនបាន ក៏ស្ទុះទៅទាញកាំបិតមកកាប់ប្រហារលើប្រពន្ធជាច្រើនកាំបិត បណ្ដាលឱ្យនាងដេកដួលសន្លប់ក្នុងថ្លុកឈាម។ ដោយស្មានថា ប្រពន្ធនឹងស្លាប់ ជនដៃដល់ជាប្ដីបានរត់ចេញពីកន្លែងកើតហេតុ រួចទៅចង-កសម្លាប់ខ្លួនតាមក្រោយ ដើម្បីបញ្ចប់ជីវិតខ្លួនឯងដែរ។

ទោះជាយ៉ាងណា អ្នកជិតខាងដែលបានឮសំឡេងឈ្លោះប្រកែកគ្នា និងសំឡេងស្រែកជួយ បានប្រញាប់ប្រញាល់រាយការណ៍ជូនទៅសមត្ថកិច្ចភ្លាមៗ។ ក្រោយទទួលបានដំណឹងខាងលើ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ និងបានជួយអន្តរាគមន៍ដឹកជញ្ជូនស្ត្រីរងគ្រោះជាប្រពន្ធ ទៅសង្គ្រោះអាយុជីវិតនៅឯមន្ទីរពេទ្យ។ បច្ចុប្បន្ន សពបុរសជាប្ដីត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ ដើម្បីប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ខណៈស្ត្រីជាប្រពន្ធកំពុងស្ថិតក្រោមការមើលថែពីសំណាក់ក្រុមគ្រូពេទ្យ ដែលជីវិតរបស់នាងមិនទាន់អាចដឹងថា មានសង្ឃឹមរស់ ឬជាសះស្បើយកម្រិតណាបាននៅឡើយទេ៕ រាយការណ៍ដោយ៖ ឈុន មករា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត