កម្ពុជាបន្តលើកយកបញ្ហាព្រំដែនជាមួយថៃ និងស្ថានភាពជនភៀសសឹក ប្រាប់ដល់គណៈប្រតិភូក្នុងកិច្ចប្រជុំOIFនៅប្រទេសបារាំង
អុន សម្ផស្ស
6 ម៉ោងមុន

រដ្ឋធានីប៉ារីស៖ ក្នុងកិច្ចប្រជុំលើកទី២៦០​នៃគណៈកម្មការនយោបាយហ្វ្រង់កូហ្វូនី (OIF) នៅរដ្ឋធានីប៉ារីស កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងជាអនុប្រធានគណៈកម្មការនយោបាយ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លោក លុយ ដាវីត បានបន្តលើឡើងពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ហើយទាមទារឱ្យថៃ ដកកងកម្លាំងចេញពីទឹកដីកម្ពុជា...។

កិច្ចប្រជុំនោះ មន្ត្រីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់អំពីការឈ្លានពានរបស់ថៃ មកលើអធិបតេយ្យកម្ពុជា និងស្ថានការណ៍ដ៏គួរឱ្យព្រួយបារម្ភ ដែលនៅបន្តកើតមានបើទោះបី«បទឈប់បាញ់់»បានចូលជាធរមានក៏ដោយ។ លោក លុយ ដាវីត គូសបញ្ជាក់ថា៖«ថៃនៅតែបន្តសកម្មភាពខុសច្បាប់ ក្នុងតំបន់ដែលស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា តាមរយៈការដាក់បន្លារលួស ទូកុងតឺន័រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា»។ សកម្មភាពទាំងនេះ កំពុងរារាំងជនភៀសសឹកកម្ពុជា ប្រមាណជាង២ម៉ឺននាក់ មិនឱ្យវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ ខណៈកុមារជាច្រើនរយពាន់នាក់នៅតែមិនអាចត្រឡប់ទៅសាលារៀន និងរស់នៅប្រកបដោយសុវត្ថិភាព ក្នុងសហគមន៍របស់ពួកគេបាន។

ចំពោះមុខគណៈប្រតិភូឯទៀត ក្នុងកិច្ចប្រជុំ មន្ត្រីកម្ពុជា ក៏បានអំពាវនាវឱ្យភាគីថៃ ដកកងកម្លាំងចេញពីតំបន់ដែលស្ថិតក្រោមទឹកដីកម្ពុជា និងរុះរើហេដ្ឋារចនាសម្ព័ន្ធនានា ដែលបានដំឡើងនៅទីនោះ ដើម្បីបើកផ្លូវឱ្យជនភៀសសឹកអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ជាមួយគ្នា មន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីផងដែរថា ព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរដោយកម្លាំង ឬតាមរយៈការកែប្រែស្ថានភាពជាក់ស្តែងនៅលើដី ដែលបានដណ្តើមកាន់កាប់ដោយកម្លាំងយោធាឡើយ។ រាល់វិវាទ ត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងតាមក្របខណ្ឌច្បាប់ ដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ក្នុងន័យនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ បង្ហាញសុឆន្ទៈ និងចូលរួមឡើងវិញ ដោយគ្មានការពន្យារពេល ក្នុងការងារកំណត់ និងបោះបង្គោលព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ(JBC) ស្របតាមការប្តេជ្ញាចិត្តដែលបានធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ បើតាមមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ មានប្រទេសមួយចំនួនធំ បានសម្ដែងការគាំទ្រ ដោយបានអំពាវនាវឱ្យប្រទេសទាំងពីរ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត