
រាជធានីបាងកក៖ ដោយសារភ្លើងប្រចណ្ឌ ប៉ូលិសថៃម្នាក់ បានដកកាំភ្លើងបាញ់សម្លាប់ប្រពន្ធជាគ្រូបង្រៀន នៃសាលាមត្ដេយ្យមួយកន្លែង នៅចំពោះមុខកូនសិស្សតូចៗ និងបានព្យាយាមរត់គេចខ្លួន តែត្រូវតម្រួតនគរបាលឡោមព័ទ្ធ និងចរចា ប្រហែលជាង២០ម៉ោង ទើបខ្មាន់កាំភ្លើងសម្រេចប្រគល់ខ្លួននៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ទី១០ កញ្ញានេះ ដើម្បីនាំខ្លួនទៅតុលាការផ្តន្ទាទោស...។

តម្រួតនគរបាលស្រុកបាងលៈមុង (บางละมุง) នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ បានឃាត់ខ្លួនតម្រួតនគរបាលម្នាក់ឈ្មោះ ទស្សពង្ស ថងថាស ឬហៅក្រៅ“មួតអូ”(ทัศพงษ์ ทองธัช หรือ “หมวดโอ๋”) មានឋានន្ដរសក្ដិ ជាអនុសេនីយ៍ទោ បន្ទាប់ពីមានការចរចាអស់រយៈពេលជាង២០ម៉ោង នៅឯភូមិឋានរបស់ខ្មាន់កាំភ្លើង ដើម្បីបញ្ចប់ភាពតានតឹងរវាងកងតម្រួតនគរបាលចុះប្រតិបត្តិការ និងតម្រួតជាខ្មាន់កាំភ្លើង ក្រោយរូបគេ បានបាញ់សម្លាប់ប្រពន្ធជាគ្រូបង្រៀនថ្នាក់មត្តេយ្យ នៅឯសាលាមត្តេយ្យមួយកន្លែង ស្ថិតក្នុងខេត្តជលបុរី (ชลบุรี) អតីតដែនដីកម្ពុជាលើ។

តម្រួតនគរបាលថៃ បានឱ្យដឹងថា ខ្មាន់កាំភ្លើង ទស្សពង្ស ថងថាស មានវ័យ៥៥ឆ្នាំ ជាអនុប្រធានផ្នែកត្រួតពិនិត្យការល្បាត ប្រចាំប៉ុស្តិ៍នគរបាលស្រុកបាងលៈមុង បានព្រមប្រគល់ខ្លួនទៅឱ្យសមត្ថកិច្ច នៅវេលាម៉ោង៦ៈ២០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីកូនប្រុសរបស់គាត់ ព្យាយាមបញ្ចុះបញ្ចូលអស់រយៈពេលពេញមួយយប់។ ខ្មាន់កាំភ្លើងរូបនេះ បានចេញមកប្រគល់ខ្លួនឱ្យតម្រួតនគរបាលថៃ ដោយមិនមានកាន់អាវុធនៅក្នុងដៃឡើយ។ ខ្មាន់កាំភ្លើង ក៏បានប្រាប់តម្រួតនគរបាល ពីទីតាំងដែលគាត់បានលាក់ទុកអាវុធនោះដែរ។ សូមជម្រាបថា ការចុះទៅឡោមព័ទ្ធគេហដ្ឋានខ្មាន់កាំភ្លើង កើតឡើង ក្រោយពេលបុរសនោះបានបាញ់សម្លាប់ប្រពន្ធឈ្មោះ ប៉ៃលិន ថងថាស (ไพลิน ทองธัช) អាយុ៤៨ឆ្នាំ ជាគ្រូបង្រៀននៃសាលាមត្តេយ្យក្រុងណងប៉ាឡៃ (นองปลาไหล) ស្ថិតក្នុងស្រុកបាងលៈមុង ខេត្តជលបុរី។

តម្រួតនគរបាលថៃឱ្យដឹងបន្ដថា ជនរងគ្រោះត្រូវបានប្ដីរបស់ខ្លួនបាញ់សម្លាប់ នៅក្នុងបរិវេណសាលារៀន កាលពីព្រឹកថ្ងៃពុធ។ ដោយឡែក កុមារ និងបុគ្គលិកសាលារៀន សរុប៤៤នាក់ ត្រូវបានជម្លៀសចេញ និងមិនមានសេចក្តីរាយការណ៍ អំពីអ្នករងរបួសផ្សេងទៀតទេ។ ក្រោយការបាញ់ប្រហាររួចហើយ ខ្មាន់កាំភ្លើង បានបើករថយន្ដត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ដែលមានចម្ងាយប្រហែល៣គីឡូម៉ែត្រ ពីសាលារៀនកើតហេតុ។ តម្រួតនគរបាលប្រដាប់ដោយអាវុធ បានឡោមព័ទ្ធផ្ទះនោះ និងបានចំណាយពេលពេញមួយថ្ងៃ និងពេញមួយយប់ ព្យាយាមចរចាឱ្យខ្មាន់កាំភ្លើងចេញមកក្រៅផ្ទះ និងប្រគល់ខ្លួនតាមសម្រួល។ បើតាមសេចក្ដីរាយការណ៍ពីដំបូង អំពើឃាតកម្មនេះ អាចផ្ដើមចេញពីភ្លើងប្រចណ្ឌ ឬក៏ទំនងជាមានស្នេហាត្រីកោណ៕








