
រដ្ឋធានីហ្សាការតា៖ ឥណ្ឌូណេស៊ី សហរដ្ឋអាម៉េរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្តជាង១០ប្រទេស បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ កាលពីថ្ងៃចន្ទទី៣១សីហា ដើម្បីបង្កើនសមត្ថភាពការពារជាតិ និងទប់ស្កាត់អំពើឈ្លានពាន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក...។

រដ្ឋធានីហ្សាការតា រក្សាគោលនយោបាយការបរទេសអព្យាក្រឹត្យភាព ដែលខ្លួនហៅថា «ឯករាជ្យ និងសកម្ម» ខណៈបងធំអាស៊ានមួយនេះ កំពុងប្រើដៃម្ខាងអង្អែលស្មារដ្ឋធានីវ៉ាស៊ីនតោន ឯដៃម្ខាងទៀតកៀក-ករដ្ឋធានីប៉េកាំង។ សមយុទ្ធនេះ មានឈ្មោះថា «Super Garuda Shield» ដែលត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ។ វានឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១១ ខែកញ្ញា ដោយមានកងកម្លាំងពហុសាសន៍ចូលរួមជាង៤៧០០នាក់ ព្រមទាំងមានប្រទេសចំនួន១៣ផ្សេងទៀតចូលរួម ក្នុងចំណោមនោះ ក៏មាន៖ ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងកាណាដាផងដែរ។ សមយុទ្ធនេះ នឹងធ្វើឡើងនៅក្នុងតំបន់ជាច្រើននៃប្រទេសឥណ្ឌូណេស៊ី រួមមានការហ្វឹកហ្វឺនលួចចូលទឹកដីសត្រូវ ប្រព័ន្ធការពារអាកាសស្ពាយលើស្មា Stinger ការហ្វឹកហ្វឺនក្នុងព្រៃ និងសមយុទ្ធផ្លូវទឹក។

ព្រឹត្តិការណ៍នេះ កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី និងសហរដ្ឋអាម៉េរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហប្រតិបត្តិការការពារជាតិដ៏សំខាន់មួយកាលពីខែមេសា ដែលរដ្ឋធានីហ្សាការតា បញ្ជាក់ថា នឹងរាប់បញ្ចូលទាំងការគាំទ្រពីសហរដ្ឋអាម៉េរិក ក្នុងការធ្វើទំនើបកម្មយោធា និងការហ្វឹកហ្វឺនកងទ័ពរបស់ខ្លួន។ សមយុទ្ធនេះ ក៏នឹងរាប់បញ្ចូលទាំងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ធូរបន្ថយគ្រោះមហន្តរាយមនុស្សធម៌ផងដែរ។

ជាមួយគ្នា លោក ផាទ្រីក អែលលីស (Patrick Ellis) មេបញ្ជាការទូទៅនៃកងពលធំថ្មើរជើងទី៤ កងទ័ពជើងគោកសហរដ្ឋអាម៉េរិក បានថ្លែងក្នុងពិធីបើកសមយុទ្ធថា៖«យើងមិនមែនគ្រាន់តែជួបគ្នាសម្រាប់វគ្គហ្វឹកហ្វឺនប្រចាំឆ្នាំនោះទេ ប៉ុន្តែយើងកំពុងសរសេរទំព័រប្រវត្តិសាស្ត្រថ្មី នៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើង»។ សូមជម្រាបថា ឥណ្ឌូណេស៊ី បានប្រកាន់ខ្ជាប់នូវនយោបាយការបរទេសមិនចូលបក្សសម្ព័ន្ធជាយូរមកហើយ ដោយប្រធានាធិបតី ប្រាវបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ប្តេជ្ញាធ្វើជាមិត្តជាមួយគ្រប់ប្រទេស និងរក្សាទំនាក់ទំនងល្អជាមួយទាំងសហរដ្ឋអាម៉េរិក និងចិន។ នៅដើមខែកញ្ញានេះ ឥណ្ឌូណេស៊ីបានយល់ព្រមបង្កើនទំនាក់ទំនងយោធារបស់ខ្លួនជាមួយរដ្ឋធានីប៉េកាំង ក្នុងអំឡុងទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិន៕



