អាម៉េរិក-អូស្ត្រាលី ចាប់ដៃគ្នាពង្រឹងកម្លាំងយោធា ទប់ឥទ្ធិពលចិននៅប៉ាស៊ីហ្វិក
ហៀប ស៊ីថេត
18 ម៉ោងមុន

ប៉ាស៊ីហ្វិក៖ អាម៉េរិក និងអូស្ត្រាលី បានប្រកាសបង្កើនកិច្ចព្រមព្រៀងយោធា និងការពង្រាយកងទ័ពយ៉ាងសន្ធឹកសន្ធាប់ ដែលជាចំណាត់ការយុទ្ធសាស្ត្រមួយក្នុងការពង្រីកវត្តមានយោធាអាម៉េរិកលើទឹកដីអូស្ត្រាលី ដើម្បីទប់ទល់អំណាច និងឥទ្ធិពលរបស់ចិន ដែលកំពុងរះឡើងយ៉ាងគំហុកនៅក្នុងតំបន់ប៉ាស៊ីហ្វិក។

លោក រីឆាដ ម៉ាឡេស (ឆ្វេង) និងលោក ភេត ហេកសិត
លោក រីឆាដ ម៉ាឡេស (ឆ្វេង) និងលោក ភេត ហេកសិត

ក្រោយជំនួបជាមួយរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាម៉េរិក លោក ភេត ហេកសិត (Pete Hegseth) នៅរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក រីឆាដ ម៉ាឡេស (Richard Marles) បានអះអាងថា ៖«វត្តមានកម្លាំងយោធាអាម៉េរិកនៅក្នុងប្រទេសអូស្ត្រាលី កំពុងកើនឡើងយ៉ាងគំហុក»។ កិច្ចព្រមព្រៀងពង្រាយកម្លាំងយោធារវាងអាម៉េរិក និងអូស្ត្រាលី អនុញ្ញាតឱ្យកងទ័ពអាម៉េរិកចូលទៅហ្វឹកហ្វឺន និងស្តុកទុកអាវុធធុនធ្ងន់ៗលើទឹកដីអូស្ត្រាលី រួមទាំងការចល័តយន្តហោះចម្បាំង និងការផ្គត់ផ្គង់ស្បៀង-បច្ចេកទេស សម្រាប់នាវាចម្បាំងអាម៉េរិកផងដែរ។ លោក ម៉ាឡេស បានបន្តសង្កត់ធ្ងន់ថា៖«យើងយល់ថា នេះជាកត្តាចាំបាច់បំផុតដើម្បីទប់ស្កាត់ការគំរាមកំហែង និងធានាសន្តិសុខ-ស្ថិរភាពនៅឥណ្ឌូប៉ាស៊ីហ្វិក ហើយវាក៏ជាផលប្រយោជន៍ជាតិដ៏សំខាន់របស់អូស្ត្រាលី»។

ទោះបីជាលោក ម៉ាឡេស មិនទាន់បញ្ជាក់លម្អិតថា តើអាម៉េរិកនឹងបញ្ជូនទ័ពមកបន្ថែមប៉ុន្មានយ៉ាងណាក្ដី ប៉ុន្តែលោកបានសន្យាថានឹងទម្លាយព័ត៌មានលម្អិតនៅក្នុងជំនួបរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង២ នាចុងឆ្នាំនេះ។ គួររំលឹកថា កិច្ចសហប្រតិបត្តិការនេះស្តែងចេញយ៉ាងច្បាស់តាមរយៈសន្ធិសញ្ញាយោធា AUKUS (អាម៉េរិក អង់គ្លេស និងអូស្ត្រាលី) ដែលបច្ចុប្បន្ន មានមន្ត្រីយោធាអាម៉េរិកកំពុងឈរជើងនៅមូលដ្ឋានទ័ពជើងទឹក HMAS Stirling លើឆ្នេរខាងលិចអូស្ត្រាលី រួចជាស្រេច ដើម្បីត្រៀមទទួលនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់ Virginia ចំនួន ៤គ្រឿងរបស់អាម៉េរិកនៅឆ្នាំ២០២៧។ ជាមួយគ្នានេះ លោក ភេត ហេកសិត បានគូសបញ្ជាក់អំពីការស៊ីចង្វាក់គ្នាយ៉ាងល្អ រវាងយុទ្ធសាស្ត្រការពារជាតិរបស់ប្រទេសទាំង២ ដោយលោកបានសង្កត់ធ្ងន់ថា៖«យើងមើលឃើញពីការគំរាមកំហែងដ៏ស្មុគស្មាញលើពិភពលោកហើយវាកើតចេញពីតម្រូវការចាំបាច់ដែលសម្ព័ន្ធមិត្តត្រូវរៀបចំផែនការរួមគ្នា និងធានាថា សមត្ថភាពយោធារបស់យើងអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកបាន»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត