
រាជធានីតូក្យូ៖ លោកស្រីនាយករដ្ឋមន្រ្ដីជប៉ុន សាណេអេ តាកៃឈិ (Sanae Takaichi) កំពុងស្ថិតក្រោមសម្ពាធពីក្រុមអភិរក្សនិយម ដែលបានជំរុញឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ រួមទាំងការជួយដល់ប្រទេសអ៊ុយក្រែន នៅក្នុងការធ្វើសង្គ្រាម ទប់ទល់នឹងរុស្ស៊ី។ នេះបើតាមសារព័ត៌មានចិនហុងកុង South China Morning Post ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១០ ខែកញ្ញា...។

ប្រទេសរុស្ស៊ី បានច្រានចោលយ៉ាងដាច់អហង្កា ចំពោះការតវ៉ារបស់ប្រទេសជប៉ុន ពាក់ព័ន្ធនឹងការដាក់តាំងរូបសំណាកមួយ នៅក្នុងទីក្រុងខាបារ៉ូវស្ក៍ (Khabarovsk) ដោយបង្ហាញពីរូបសំណាកទាហានសូវៀតម្នាក់ កំពុងវាយកម្ទេចបង្គោលព្រំដែន នៃសម័យចក្រភពជប៉ុន ដែលមានឆ្លាក់និមិត្តរូបរបស់អធិរាជជប៉ុន។ វិមានថ្មក្រានីត (granite) កម្ពស់១៥ម៉ែត្រ តំណាងឱ្យជ័យជម្នះរបស់សហភាពសូវៀត ទៅលើអធិរាជជប៉ុន នៅក្នុងឆ្នាំ១៩៤៥ បង្ហាញពីរូបសំណាកទាហានកំពុងប្រើកាំភ្លើងវាយបំបែកបង្គោលព្រំដែន។ បង្គោលនេះ មានលក្ខណៈដូចគ្នាទៅនឹងបង្គោលព្រំដែន ដែលធ្លាប់ដំឡើងនៅតាមបណ្តោយខ្សែស្របទី៥០ នៅលើកោះសាកាលីន ដើម្បីកំណត់ព្រំដែន រវាងភាគខាងត្បូងនៃកោះ ស្ថិតក្រោមការគ្រប់គ្រងរបស់ជប៉ុន នាពេលនោះ និងភាគខាងជើង ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ក្រោយមក សហភាពសូវៀត បានដណ្តើមគ្រប់គ្រងទៅលើតំបន់ភាគខាងត្បូង នៃកោះសាកាលីនមកវិញ នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ ហើយប្រទេសជប៉ុន បានលះបង់ការទាមទារសិទ្ធិលើទឹកដីនោះ នៅឆ្នាំ១៩៥១។

ផ្កាគ្រីសាន់ថេម៉ឺម (Chrysanthemum) ចំនួន១៦ស្រទាប់ និងជានិមិត្តរូបតំណាងឱ្យព្រះចៅអធិរាជជប៉ុន ត្រូវបានបង្ហាញនៅលើរូបសំណាកនោះ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រូបសំណាកនេះ បានប្រព្រឹត្តទៅកាលពីសប្តាហ៍មុន ទោះបីជារាជធានីតូក្យូ ស្នើសុំឱ្យមានការកែសម្រួល តាមរយៈបណ្តាញការទូតយ៉ាងណាក្ដី។ ក្រសួងការបរទេសជប៉ុន ចាត់ទុកការដាក់តាំងរូបសំណាកនេះ ជា«រឿងគួរឱ្យសោកស្ដាយជាទីបំផុត»។ នាយករដ្ឋមន្រ្ដីជប៉ុន លោកស្រី សាណេអេ តាកៃឈិ បញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា លោកស្រី ក៏បានស្នើសុំឱ្យមានការដកចេញនូវរូបសំណាកនោះដែរ ដោយកត់សម្គាល់ថា៖«និមិត្តរូបផ្កាគ្រីសាន់ថេម៉ឺម ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ ជាតំណាងរបស់ប្រទេសជប៉ុន ហើយវាជារឿងដែលមិនអាចទទួលយកបានជាដាច់ខាត នៅក្នុងការសាងសង់វិមាន បង្ហាញអំពីការបំផ្លាញនិមិត្តរូបបែបនេះ»។

ដោយឡែក លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំង បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយ នៅរដ្ឋធានីមូស្គូ កាលពីថ្ងៃអង្គារ ដោយបានបញ្ជាក់យ៉ាងច្បាស់អំពីការតវ៉ារបស់រាជធានីតូក្យូ ថានឹងមិនត្រូវបានយកចិត្តទុកដាក់ឡើយ។ ទីភ្នាក់ងារព័ត៌មានគ្រប់គ្រងដោយរដ្ឋរុស្ស៊ី Tass បានដកស្រង់សម្តីលោក ប៉េស្កូវ យកមកចុះផ្សាយថា៖«វាពិបាកនឹងនិយាយណាស់ ថា..តើមេដឹកនាំជប៉ុន នៅរាជធានីតូក្យូ បានបំភ្លេចអ្វីខ្លះ ហើយនៅចងចាំអ្វីខ្លះ..? ប៉ុន្តែយ៉ាងហោចណាស់ យើងមិនបានបំភ្លេចនោះទេ។ យើងមិនបានបំភ្លេច អំពីលទ្ធិយោធានិយមរបស់ជប៉ុន និងជ័យជម្នះ ដែលយើងទទួលបានលើជប៉ុននោះឡើយ»។

ចំណែក លោក ជេមស៍ ប្រោន (James Brown) សាស្រ្ដាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ ជំនាញខាងកិច្ចការរុស្ស៊ី នៃសាខាសាកលវិទ្យាល័យ Temple ស្ថិតក្នុងរាជធានីតូក្យូ កត់សម្គាល់ឃើញថា៖«វាជារដូវក្ដៅមួយពោរពេញទៅដោយភាពតានតឹងយ៉ាងពិតប្រាកដ រវាងជប៉ុន និងរុស្ស៊ី។ ភាគីទាំងពីរ មានភាពរកាំរកូសដាក់គ្នា ចាប់តាំងពីប្រទេសជប៉ុនដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ជុំវិញការឈ្លានពានរបស់រដ្ឋធានីមូស្គូ លើប្រទេសអ៊ុយក្រែន»។ ទំនាក់ទំនង រវាងប្រទេសទាំងពីរ កាន់តែមានភាពតានតឹងបន្ថែមទៀត កាលពីដើមឆ្នាំ២០២៦ ស្របពេលរដ្ឋាភិបាលរាជធានីតូក្យូ ចោទប្រកាន់អតីតមន្ត្រីម្នាក់ នៃគណៈប្រតិភូពាណិជ្ជកម្មរុស្ស៊ី ប្រចាំនៅប្រទេសជប៉ុន អំពីការធ្វើចារកម្ម។

បន្ថែមពីលើភាពតានតឹងនោះ រុស្ស៊ី បានបញ្ជូនកងនាវាចម្បាំង និងយន្តហោះរបស់ខ្លួនទៅធ្វើសកម្មភាពនៅតំបន់នានា ជិតប្រទេសជប៉ុន រួមទាំងមានការចូលរួមនៅក្នុងសមយុទ្ធជាមួយកងទ័ពរំដោះប្រជាជនចិនថែមទៀត។ លើសពីនេះ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានទៅបំពេញទស្សនកិច្ចនៅកោះអ៊ីទូរូប (Iturup) ស្ថិតនៅភាគខាងជើងនៃកោះហុកកៃដូ (Hokkaido) កាលពីខែសីហា។ ស្របគ្នានេះ ក្រសួងការបរទេសជប៉ុន និងលោកស្រីនាយករដ្ឋមន្រ្ដី តាកៃឈិ ក៏បានរិះគន់ចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំវិមានក្រឹមឡាំងទៅកាន់កោះនោះ ប៉ុន្ដែរដ្ឋធានីមូស្គូ បានព្រងើយកន្តើយចំពោះការតវ៉ារបស់ភាគីជប៉ុន៕








