កម្មកររាប់ពាន់នាក់ និងរោងចក្រ យីដា ឈានដល់កិច្ចព្រមព្រៀង ក្រោយការចរចាយ៉ាងតឹងតែង
Chanmarady Chuon
មួយថ្ងៃមុន

ខេត្តកណ្តាល៖ តំណក់ញើស និងកម្លាំងពលកម្មដែលបានលះបង់ទាំងយប់ទាំងថ្ងៃ ដើម្បីផ្លាស់ប្ដូរមកវិញនូវប្រាក់ឈ្នួល សម្រាប់ទ្រទ្រង់ដង្ហើមសេដ្ឋកិច្ចគ្រួសារ បានប្រែជាភាពល្វីងជូរចត់សម្រាប់កម្មករនិយោជិករាប់ពាន់នាក់ នៅក្រុមហ៊ុន យីដា មេនូហ្វេកឈើរី ឌី អិលធីឌី (YI DA MANUFACTURER CO., LTD.)។ នៅព្រឹកថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្មករកម្មការិនី បានបង្ខំចិត្តឈរហាលថ្ងៃក្ដៅហែង ដើម្បីទាមទារយុត្តិធម៌ ចំពោះការលះបង់ពីធ្វើការគ្មានពេលសម្រាករបស់ពួកគេ...។

ការតវ៉ានេះ កើតឡើងក្នុងគោលបំណងទាមទារឱ្យមានការបើកប្រាក់ថ្លៃបាយពេលធ្វើការថែមម៉ោង (OT) ការរៀបចំពេលវេលាឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ ព្រមទាំងការត្រួតពិនិត្យប្រាក់ឈ្នួលឡើងវិញ និងតម្លៃបុងប្រចាំខែសីហា ឆ្នាំ២០២៦ ជាមួយនឹងការទាមទារកែលម្អលក្ខខណ្ឌការងារសរុបចំនួន២៦ចំណុច។ ស្របពេលដែលស្ថានភាពកំពុងមានភាពតានតឹង លោក ទុយ ស៊ីថាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារចុះអន្តរាគមន៍ និងសម្របសម្រួលដោយផ្ទាល់ នៅទីស្នាក់ការក្រុមហ៊ុន ស្ថិតតាមបណ្តោយផ្លូវលេខ ៣៦៩ ភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការចូលរួមពីតំណាងមន្ទីរការងារខេត្ត អាជ្ញាធរដែនដី តំណាងក្រុមហ៊ុន និងតំណាងកម្មករនិយោជិត។ ក្នុងនាមជាអ្នកសម្របសម្រួល លោក ទុយ ស៊ីថាន់ បានពន្យល់ណែនាំយ៉ាងស៊ីជម្រៅអំពីបទបញ្ញត្តិច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព ព្រមទាំងបានអំពាវនាវដល់ភាគីទាំងពីរ ឱ្យផ្អែកលើស្មារតីយោគយល់ អាធ្យាស្រ័យ និងការអាណិតអាសូរទៅវិញទៅមក ដើម្បីស្វែងរកច្រកចេញរួមមួយប្រកបដោយភាពកក់ក្ដៅ រក្សាបានបរិយាកាសការងារល្អប្រសើរ និងចៀសវាងផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

ជាលទ្ធផលនៃជំនួបចរចា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងផ្សះផ្សាគ្នាលើចំណុចសំខាន់ៗមួយចំនួន។ ១. ករណីបុគ្គលិកឈ្មោះ យូ ហុក (យូ បូរ៉ា)៖ សាម៉ីខ្លួនបានសម្រេចចិត្តស្ម័គ្រចិត្តលាឈប់ពីការងារដោយផ្ទាល់ខ្លួន ដោយគ្មានការបង្ខិតបង្ខំពីភាគីណាមួយឡើយ ហើយក្រុមហ៊ុនបានឯកភាពទទួលយកការលាឈប់នេះ។ ២. ករណីការពិនិត្យប្រាក់ឈ្នួល៖ ក្រុមហ៊ុនបានយល់ព្រមសហការជាមួយតំណាងកម្មករ និងផ្នែកគណនេយ្យ ដើម្បីត្រួតពិនិត្យ និងគណនាប្រាក់ឈ្នួលឡើងវិញ ដោយក្ដីទទួលខុសត្រូវ។ ប្រសិនបើពិនិត្យឃើញមានការភាន់ច្រឡំ ឬគណនាខុសឆ្គង ក្រុមហ៊ុននឹងទូទាត់សងបន្ថែមឱ្យបានត្រឹមត្រូវស្របតាមបទបញ្ញត្តិច្បាប់ជាធរមាន។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន យីដា មេនូហ្វេកឈើរី ឌី អិលធីឌី គឺជាសហគ្រាសផលិតស្បែកជើង និងកាបូប ដែលមានកម្មករនិយោជិតបម្រើការងារសរុបចំនួនជិត៦ពាន់នាក់ (ស្រីជាង៤ពាន់នាក់) និងជនបរទេសចំនួន៥៦នាក់។ សម្រាប់កម្មករកម្មការិនី ប្រាក់ខែដែលទទួលបានពីការនឿយហត់ មិនត្រឹមតែជាកម្រៃពលកម្មប៉ុណ្ណោះទេ ប៉ុន្តែជាប្រភពចំណូលតែមួយគត់ដែលទ្រទ្រង់ដង្ហើមសេដ្ឋកិច្ច និងស្នាមញញឹមរបស់គ្រួសារនៅខាងក្រោយខ្នង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត